ដោយឆន្ទៈប្តេជ្ញាឈានឡើងធ្វើមានលើដីស្រុកកំណើត មានកសិករជាច្រើនបានពង្រីកសក្តានុភាពរបស់ភូមិភាគដើម្បីកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងនោះ ទម្រង់ដាំពុទ្រារបស់ពូថាច់ដឿក នៅភូមិស្បូវ ឃុំធ្វឹងហ្វា និងទម្រង់ចិញ្ចឹមជ្រូករបស់បងស្រីត្រឹងធីវី នៅភូមិវិញថាញ់ B ឃុំវិញហាយ។

ទម្រង់ដាំពុទ្រារបស់ពូថាច់ដឿកនៅភូមិស្បូវ ឃុំធ្វឹងហ្វា។
ពីមុន ពូថាច់ដឿក ប្រកបរបរធ្វើស្រែ ដោយសារមានដីស្រែតិចតួច ហើយផលិតស្រូវមិនសូវបានផល។ ក្រោយពីបានស្វែងយល់ ឆ្នាំ ២០២១ ពូបានបង្វែរផ្ទៃដី ៣ កុងដែលផលិតស្រូវមកដាំពុទ្រា។ ដោយស៊ូទ្រាំលំបាកក្នុងការរៀនសូត្របទពិសោធន៍ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសព្រាចជីនិងស្រោចទឹកបានសមស្រប ទើបចម្ការពុទ្រារបស់គាត់លូតលាស់ល្អ។
ពូដឿក ឱ្យដឹង៖ “ដើមពុទ្រាងាយដាំ គ្រាន់តែថែទាំឱ្យបានម៉ត់ចត់ដំណាក់កាលចេញផ្កា គឺអាចផ្តល់ផ្លែផ្អែមស្រួយ បានឈ្មួញចូលចិត្តទិញ។ រៀងរាល់ឆ្នាំ មធ្យមភាគក្នុងមួយកុងខ្ញុំប្រមូលផលបានប្រមាណ២តោន លក់ក្នុងតម្លៃពី១២.០០០-១៨.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីផាត់ទាត់រួចរាល់ខ្ញុំនៅចំណេញជិត១០លានដុងក្នុងមួយកុង។ អាស្រ័យហេតុនោះ ដើមពុទ្រាបានក្លាយជាប្រភពចំណូលចម្បងរបស់គ្រួសារ ជួយឱ្យសេដ្ឋកិច្ចគ្រួសារខ្ញុំកាន់តែលំនឹង”។ ទន្ទឹមនឹងនោះ ទម្រង់ដាំពុទ្រាមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់គ្រួសារពូប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើជូនពលករនៅភូមិភាគក្នុងរដូវប្រមូលផលទៀតផង។
ចំណែកនៅឃុំវិញហាយ បងស្រីត្រឹងធីវី ក៏ជាគំរូកសិករឆ្នើមមួយរូបក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ ពីមុន គ្រួសារបងស្រីប្រកបរបរចិញ្ចឹមគោ ប៉ុន្តែមិនសូវមានប្រសិទ្ធភាព។ ដោយឃើញតម្រូវការទីផ្សារនិងលក្ខណៈចិញ្ចឹមសមស្រប ឆ្នាំ២០២៣ បងស្រីបានបង្វែរមកចិញ្ចឹមជ្រូកវិញ។ ដំបូងជួបលំបាកណាស់ដែរ ប៉ុន្តែដោយស្មារតីព្យាយាម ស្វែងយល់បច្ចេកទេស តាមប្រព័ន្ធអិនធឺណែតនិងខិតខំរៀនសូត្របទពិសោធន៍ពីសាច់ញាតិ សន្សឹមៗបងក៏ក្តាប់បានបច្ចេកទេសក្នុងការចិញ្ចឹម។ សព្វថ្ងៃ បងស្រីកំពុងចិញ្ចឹមជ្រូកប្រមាណ ៧០ ក្បាល។

ទម្រង់ចិញ្ចឹមជ្រូករបស់បងស្រីត្រឹងធីវី នៅភូមិវិញថាញ់ B ឃុំវិញហាយ។
បងវី ឱ្យដឹង៖ “ក្នុងអំឡុងពេល៤ខែគឺខ្ញុំលក់ម្ដង ពី១៥ក្បាល-២០ក្បាល ដោយតម្លៃពី៦០.០០០ - ៧០.០០០ដុងក្នុងមួយគីឡូក្រាម។ ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញប្រមាណពី៤០-៥០លានដុង។ អាស្រ័យចិញ្ចឹមសត្វមានភាពលំនឹង ទើបគ្រួសារខ្ញុំមានប្រភពចំណូលគ្រាន់បើ ឆ្នាំកន្លងគ្រួសារខ្ញុំទើបតែសង់បានផ្ទះថ្មីមួយខ្នងយ៉ាងសមរម្យ”។
លោកង៉ោមិញតឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហាយ ឱ្យដឹង៖ “ភូមិភាគតែងចលនាប្រជាជនឱ្យខិតខំបង្វែររចនាសម្ព័ន្ធផលិត សមស្របជាមួយនឹងលក្ខណៈជាក់ស្តែង។ ទន្ទឹមនឹងនោះ បង្កលក្ខណៈដើម្បីមាមីងទទួលបានប្រភពទុនបុលអាទិភាព ចូលរួមវគ្គហ្វឹកហាត់បច្ចេកទេសដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងជនបទថ្មីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាពនេះ មិនត្រឹមតែជួយឱ្យគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ ធ្វើមានស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបង្កភាពសាយភាយពីស្មារតីប្រឡងប្រណាំងពលកម្មផលិតក្នុងសហគមន៍ទៀតផង”៕
ហុងទើ-ដាលីន