រដូវស្រូវលើផ្ទៃដីចិញ្ចឹមបង្កងឆ្នាំ ២០២៣ កសិករនៅតំបន់បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមលើភូមិសាស្រ្តស្រុកអ៊ូមិញ ខេត្តកាម៉ាវ ចុះពូជបាន ១៥.៤៤៣ ហិកតា។ អាស្រ័យអនុវត្តតាមកាលបរិច្ឆេទរដូវកាល និងអនុសាសន៍របស់ផ្នែកជំនាញ ទើបស្រូវលូតលាស់ល្អ។ មកដល់ពេលនេះ មានផ្ទៃដីស្រែជាច្រើនកំពុងប្រមូលផល ដោយសារផ្ដល់ទិន្នផលខ្ពស់និងលក់បានថ្លៃ ម្ល៉ោះហើយប្រជាជនសប្បាយរីករាយយ៉ាងក្រៃលែង។
ប្រមូលផលបង្កងលើវាលស្រែបង្កង-ស្រូវ។
រដូវស្រូវ-បង្កងនេះ គ្រួសារពូឡេទ្រុងដេ នៅអនុសង្កាត់២ ទីប្រជុំជនអ៊ូមិញ ចុះពូជស្រូវ ST២៤ បាន២ហិកតា។ នេះជាពូជស្រូវមានអាយុកាលខ្លី ទិន្នផលខ្ពស់ បានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកឧបត្ថម្ភ ដើម្បីអនុវត្តទម្រង់ផលិតស្រូវគុណភាពខ្ពស់។ ដោយសារអនុវត្តម៉ឺងម៉ាត់តាមកាលបរិច្ឆេទរដូវកាល ក៏ដូចជាអនុសាសន៍របស់ផ្នែកជំនាញ ទើបស្រូវគាត់លូតលាស់ល្អ មកទល់ពេលនេះស្រូវទុំហើយ កំពុងចាប់ផ្តើមប្រមូលផល។ ស្រូវផ្ដល់ទិន្នផលខ្ពស់ថែមទាំងលក់បានថ្លៃទៀត ម្ល៉ោះហើយគាត់សប្បាយចិត្តខ្លាំងណាស់។
ផ្ទៃដីស្រូវ - បង្កងជាច្រើន បានប្រមូលផលដោយម៉ាស៊ីន ជួយឱ្យប្រជាជនកាត់
បន្ថយថ្លៃឈ្នួលកម្មករ។
ពូដេ ឱ្យដឹង៖ “ទិន្នផលស្រូវរបស់គ្រួសារខ្ញុំបាន ៣០ ថាំង/កុង ឆ្នាំនេះស្រូវបានផលហើយលក់បានថ្លៃខ្ពស់ទៀត ឃើញថាចំណេញជាងឆ្នាំមុនច្រើន បច្ចុប្បន្ន ឈ្មួញបោះកក់ក្នុងតម្លៃ ៨.៨០០ ដុង/គីឡូក្រាម”។ ឆ្នាំនេះក្រោយពីទូទាត់រួចស្រេច នៅចំណេញបានពី ៣,៥ - ៤ លានដុង/កុង ជាមួយនឹងផ្ទៃដី ២ ហិកតានេះ គ្រួសារខ្ញុំរកបានប្រាក់ចំណេញពី ៦០ - ៧០ លានដុង”។
គ្រួសារបង ត្រឹងជីលិញ នៅភូមិ៩ ឃុំខាញ់ធ្វឹង ផលិតរដូវស្រូវ - បង្កងលើផ្ទៃដី ២ ហិកតា ចុះពូជស្រូវ ST២៤។ តាមប្រសាសន៍បងលិញ អាស្រ័យដើមរដូវបានផ្នែកជំនាញផ្តល់អនុសាសន៍ ឆ្នាំនេះនឹងមានបាតុភូត El Nino នៅចុងរដូវ ទើបគាត់ជ្រើសរើសពូជស្រូវមានអាយុកាលខ្លីដើម្បីផលិត ទន្ទឹមនឹងនោះឆាប់ស្ទូងជាងរាល់ឆ្នាំ។ មកទល់ពេលនេះ គ្រួសារបងបានប្រមូលផលរួចស្រេច ទិន្នផលស្រូវមធ្យមភាគក្នុងមួយកុងជាង ៣៥ ថាំង។
បងលិញ ឱ្យដឹងដោយក្តីរីករាយ៖ “ស្រែខ្ញុំច្រូតដោយដៃ ហេតុនោះឈ្មួញទិញដោយតម្លៃ ៩.០០០ ដុង/គីឡូក្រាម ចំណែកច្រូតដោយម៉ាស៊ីនទិញដោយតម្លៃ ៩.៣០០ ដុង/គីឡូក្រាម។ ឆ្នាំនេះស្រូវបានផលនិងលក់បានថ្លៃ ថែមទាំងបានផលរដូវចិញ្ចឹមបង្កងសាវទាវទៀត ម្ល៉ោះហើយខ្ញុំនិងមាមីងសប្បាយចិត្តខ្លាំងណាស់”។
តាមរបាយការណ៍របស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកអ៊ូមិញ មកដល់ពេលនេះ កសិករនៅតំបន់បង្វែររចនាសម្ព័ន្ធប្រមូលផលស្រូវ - បង្កងបានជាង ១០.០០០ ហិកតា ទិន្នផលមធ្យមភាគសម្រេចបានជាង ៤,៣ តោន/ហិកតា។ ចំណែកផ្ទៃដីស្រូវ - បង្កងឯទៀត ប្រជាជននឹងប្រមូលផលចាប់ពីពេលនេះរហូតដល់អស់ខែមករា ឆ្នាំ ២០២៤។ ចំណុចងាយស្រួលមួយទៀតរបស់ប្រជាជននៅតំបន់ផលិតស្រូវ - បង្កងនៅស្រុកអ៊ូមិញ គឺផ្ទៃដីស្រែជាច្រើនបានប្រមូលផលដោយម៉ាស៊ីន ហេតុនោះកាត់បន្ថយថ្លៃឈ្នួលកម្មករបានច្រើន។
លោកស្រី ត្រឹងហុងអឹង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ឱ្យដឹង៖ “ដោយសារកសិករអនុវត្តតាមកាលបរិច្ឆេទរដូវកាល ក៏ដូចជាការផ្ដល់អនុសាសន៍របស់ផ្នែកជំនាញ ហេតុនោះទើបផ្ទៃដីស្រែដែលប្រមូលផលស្រូវស្ទើរតែទាំងអស់ សុទ្ធសឹងផ្ដល់ទិន្នផលខ្ពស់ ក្នុងនោះ មានផ្ទៃដីស្រែជាច្រើនឋិតក្នុងគម្រោងឧបត្ថម្ភផលិតកម្មរបស់ការិយាល័យដែលបានផ្សព្វផ្សាយអនុវត្តផងដែរ ព្រមទាំងលក់បានតម្លៃខ្ពស់ទៀត ហេតុនោះកសិករចំណេញខ្ពស់បង្គួរ។ នេះបានចាត់ទុកជារដូវកាក់កបលើផ្ទៃដីចិញ្ចឹមបង្កង ដោយសារផ្ដល់ទិន្នផលខ្ពស់ លក់បានថ្លៃ ជួយប្រជាជនរកបានប្រភពចំណូលបន្ថែម ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមកាន់តែសុខដុមរមនា៕
យោង៖ កាសែតកាម៉ាវ-វិមាន