គម្រោង “បំប្លែងថាមពល និងបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុនៅតំបន់វាលរាបទន្លេគឺវឡុង” បានជួយឱ្យកសិករចិញ្ចឹមបង្គានៅស្រុកដុងហាយ ខេត្តបាកលីវ កាន់តែយល់ច្បាស់អំពីផលប៉ះពាល់នៃកាកសំណល់ពីការចិញ្ចឹមបង្គា ដើម្បីអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាប្រកបដោយចីរភាព។
ប្រជាជននៅស្រុកដុងហាយ ប្រមូលផលបង្គា។
ខេត្តបាកលីវ បានកំណត់ច្បាស់ថា អនាគតនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបង្គាធំក្នុងប្រទេស និងផលចំណូលនាំចេញរបស់ខេត្តសម្រេច ១,៣ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ ស្រុកដុងហាយ មានផ្ទៃដីចិញ្ចឹមបង្គាជាង ៩,៤៤១ហិកតា ម៉្លោះហើយត្រូវបានខេត្តជ្រើសរើសជាទីតាំងអនុវត្តគម្រោង “បំប្លែងថាមពល និងបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុនៅតំបន់វាលរាបទន្លេគឺវឡុង” ដោយថវិកាសរុបចំនួន៩២០.០០០អឺរ៉ូ។ គម្រោងនេះរួមចំណែកជួយដល់ប្រជាជនជិត៥.០០០នាក់ ដោយមានគ្រួសារជាង១.០០០គ្រួសារ ដែលបំប្លែងថាមពលនៅក្នុងវារីវប្បកម្ម និងពាណិជ្ជកម្មសេវាជំនួយ; ចិញ្ចឹមបង្គាក្រោមគុម្ពោតព្រៃតាមបែបសរីរាង្គ; ដំឡើងធុងជីវឧស្ម័នដើម្បីវិនិច្ឆ័យកាកសំណល់ក្នុងស្រះចិញ្ចឹមបង្គា។
ទិសដៅខេត្តបាកលីវនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបង្គាធំក្នុងប្រទេស និងសម្រេចចំណូលនាំចេញរបស់ខេត្តចំនួន ១.៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។
ក្រោយពី៣ ឆ្នាំអនុវត្តគម្រោង ស្រះចិញ្ចឹមបង្គានៅឃុំទាំង ៤ គឺ៖ ឡុងដៀង, ឡុងដៀងដុង, ឡុងដៀងតីនិងអាងភុក ស្រុកដុងហាយ កាត់បន្ថយបានពី ១១% ទៅ ១៧% ការបំភាយឧស្ម័នផ្ទះកញ្ចក់ អាស្រ័យទៅតាមទម្រង់ចិញ្ចឹមប្រពលវប្បកម្ម ឬវិបុលវប្បកម្ម។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត ង្វៀងស្វឹងឡុក អនុប្រធានផ្នែកបរិស្ថាននិងធនធានធម្មជាតិនៃសាកលវិទ្យាល័យកឹងធើ ក្រៅពីអត្ថប្រយោជន៍សេដ្ឋកិច្ច ទឹកកខ្វក់និងកាកសំណល់ក្នុងការចិញ្ចឹមបង្គាបានធ្វើឱ្យបង្កើនការកខ្វក់បរិស្ថាន។ ទឹកកខ្វក់សំណល់ពីអាហារលាមក និងសារធាតុបញ្ចេញពីបង្គា; ភក់ផ្ទុកសារធាតុគីមី ថ្នាំអង់ទីប៊ីយោទិច ដែលមាននៅក្នុងបរិស្ថាន; ការបំភាយអំពីការប្រើប្រាស់អគ្គិសនី និងប្រេងពីឧបករណ៍ដំណើរការ ដូចជា៖ ម៉ាស៊ីនបូម ម៉ាស៊ីនបង្កើតឧស្ម័នក្នុងស្រះ រួមចំណែកបង្កើនឥទ្ធិពលផ្ទះកញ្ចក់ (CO2, SO2, PO4)។ នៅពេលអនុវត្តទម្រង់ និងវិធីសាស្រ្តកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងការចិញ្ចឹមបង្គា ដែលមហាវិទ្យាល័យ និងគម្រោងបានកសាង និងសាកល្បងជោគជ័យនៅស្រុកដុងហាយ គឺអាចប្រើប្រាស់បានទាំងស្រុងក្នុងការផ្តល់វិញ្ញាបនបត្រ បង្គាដែលបំភាយឧស្ម័នទាបដល់មូលដ្ឋានស្តុកបង្គាសម្រេចស្តង់ដារ។
លោក ង្វៀងទ្រុងហីវ អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ បានឱ្យដឹង៖ “គម្រោង “បំប្លែងថាមពលនិងបន្សាំជាមួយ នឹងការប្រែប្រួលអាកាសធាតុនៅតំបន់វាលរាបទន្លេគឺវឡុង” គឺសមស្របសម្រាប់ប្រជាជន និងនាំមកនូវប្រសិទ្ធភាពក្នុងការចិញ្ចឹមបង្គា។ គម្រោងនេះជួយកសិករឱ្យយល់កាន់តែច្បាស់អំពីមូលហេតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមគ្នាពង្រឹងនិងបើកទូលាយទម្រង់វារីវប្បកម្មប្រកបដោយចីរភាព អនុវត្តបណ្តាដំណោះស្រាយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនការគ្រប់គ្រងជាតិកខ្វក់រឹងក្នុងស្រះចិញ្ចឹមបង្គា។ ផ្តើមពីលទ្ធផលនៃគម្រោង ខេត្តបានដាក់ឱ្យប្រើគោលនយោបាយបើកទូលាយទម្រង់វារីវប្បកម្មប្រកបដោយចីរភាព បន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុ សំដៅឈានទៅរកគោលដៅនាំចេញសម្រេច ១៣ ពាន់លានដុល្លារនៅឆ្នាំ២០២៥”៕
លីធាន