រហូតមកដល់បច្ចុប្បន្ន ឃុំអាងនិញ ទីក្រុងកឹងធើ មានសាលារៀនសម្រេចបទដ្ឋានជាតិ ១០០% ។ ជាមួយនឹងមូលដ្ឋានសម្ភារៈ បន្ទប់រៀននិងវិនិយោគគ្រឿងឧបករណ៍ឆ្លើយតបតម្រូវការបង្រៀននិងរៀនបានល្អ គុណភាពអប់រំក៏បានកើនឡើង។

សាលាបឋមសិក្សាអាងហ៊ីប A សម្រេចបទដ្ឋានជាតិ។
នៅឃុំអាងនិញ ទីក្រុងកឹងធើ មានសាលារៀនចំនួន ១១ ចាប់ពីកម្រិតមត្តេយ្យដល់វិទ្យាល័យ បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។ នេះចាត់ទុកជាគ្រឹះធារដ៏រឹងមាំសម្រាប់គ្រឹះស្ថានអប់រំផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន បង្កើនគុណភាពបន្តិចម្តងៗ ឆ្លើយតបតម្រូវការបង្រៀន និងរៀនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ មូលដ្ឋានសម្ភារៈល្អ ទំនើប មិនត្រឹមតែបង្កកម្លាំងជំរុញដល់គ្រូបង្រៀននិងសិស្សខិតខំប្រឡងប្រណាំងក្នុងការបង្រៀននិងរៀនបានល្អប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយទៀតផង។ លោកគ្រូហាហ្វិញចាងហ្វាង សាលាបឋមសិក្សាអាងហ៊ីប A មានប្រសាសន៍៖ “សាលាទើបបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិតទី២ឡើងវិញ ដូច្នេះប្រព័ន្ធបន្ទប់រៀន ឧបករណ៍បង្រៀន និងកងជួរគ្រូបង្រៀនសម្រេចបទដ្ឋាន ១០០% ហើយគុណភាពអប់រំក៏កើនឡើង។ ឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានបន្ទប់រៀនចំនួន ១៧ ធានាឱ្យសិស្សជាង ៣៣០ នាក់ចូលរៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ។ ក្រៅពីនោះ សាលារៀននៅទាំងវិនិយោគ បណ្ណាល័យ បន្ទប់មុខងារ បន្ទប់ស្នាក់នៅបណ្ដោះអាសន្ន និងបាំងសាចជាដើម។ នាពេលខាងមុខ សាលានឹងផ្តោតលើការលើកកម្ពស់ការអប់រំសីលធម៌ អភិវឌ្ឍសមត្ថភាពសិស្ស បង្កើនកិច្ចសហការរវាងសាលារៀន-គ្រួសារ-សង្គម កសាងបរិស្ថាន អប់រំសុវត្ថិភាព ត្រឹមត្រូវនិងអភិវឌ្ឍចីរភាព”។
ជាសាលារៀនមួយក្នុងចំណោមសាលារៀនទាំងឡាយដែលសម្រេចបទដ្ឋានជាតិ អនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ បានវិនិយោគយ៉ាងគ្រប់សព្វតាំងពីមូលដ្ឋានសម្ភារៈនិងឧបករណ៍បម្រើការបង្ហាត់បង្រៀននិងរៀន។ ក្រៅពីនោះ សាលានៅមានទីលានលេងកីឡា អគារពហុមុខងារ អាងហែលទឹក ភ្លេងពិណពាទ្យ។ល។ សម្រាប់សិស្សានុសិស្សកម្សាន្តសប្បាយ។ រយៈពេល៣ឆ្នាំមកនេះ សាលាមានសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើជាង៨០% និងប្រឡងឡើងថ្នាក់ជាប់១០០% ។

លោកគ្រូដោវុាំងណុល ចាងហ្វាងអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ មានប្រសាសន៍៖ “រយៈពេលប៉ុន្មានឆ្នាំជិតៗនេះ សាលារៀនតែងទទួលបានការយកចិត្តទុកដាក់ពីផ្នែកអប់រំទីក្រុង មូលដ្ឋានសម្ភារៈល្អ ទំនើប; កងជួរគ្រូបង្រៀនមានកម្រិតវិជ្ជាសម្រេចបទដ្ឋាននិងលើបទដ្ឋាន។ សាលារៀនតែងលើកទឹកចិត្តគ្រូបង្រៀនឱ្យជ្រើសរើសវិធីសាស្រ្តបង្រៀនល្អៗដែលសមស្របនឹងសមត្ថភាពសិស្ស ដោយធានាខ្លឹមសារតាមច្បាប់កំណត់។ ម៉្យាងទៀត សាលារៀនបានអនុវត្តគ្រប់សព្វនូវរបបគោលនយោបាយអាទិភាពសម្រាប់គ្រូបង្រៀននិងសិស្ស ស្របតាមសេចក្ដីកំណត់ ដូច្នេះបានបង្កកម្លាំងជំរុញនិងទំនុកចិត្តសម្រាប់គ្រូបង្រៀននិងសិស្សនឹងនរចិត្តបង្រៀននិងរៀន”។
តាមប្រសាសន៍លោកត្រឹងវុាំងហាវ ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញ ជាមួយនឹងមូលដ្ឋានសម្ភារៈ កងជួរគ្រូបង្រៀនក៏ជាកត្តាសំខាន់ក្នុងការកសាងសាលារៀនសម្រេចបទដ្ឋានជាតិផងដែរ។ យោងតាមនោះ សាលារៀនបានបង្កលក្ខណៈសម្រាប់គ្រូបង្រៀនចូលរួមវគ្គបំពាក់បំប៉នមុខជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការនៃកម្មវិធីអប់រំទូទៅឆ្នាំ២០១៨ ។ រហូតមកដល់ពេលនេះ បុគ្គលិក គ្រូបង្រៀនមានចំនួនគ្រប់គ្រាន់ សម្រេចបទដ្ឋាននិងលើសបទដ្ឋាន ក្នុងនោះ អត្រាគ្រូបង្រៀនលើសបទដ្ឋានមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មូលដ្ឋានសម្ភារៈ និងឧបករណ៍បង្រៀនបានវិនិយោគគ្រប់សព្វ ទំនើប ឆ្លើយតបតម្រូវការផ្លាស់ថ្មីនៃការអប់រំ នេះហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សាលារៀនរក្សានិងលើកកម្ពស់គុណភាពអប់រំ បន្តរក្សាកិត្តិនាមជាសាលាសម្រេចបទដ្ឋានជាតិ៕
យ្វីអាញ - ថាច់ធី