រយៈពេលកន្លង ការងារបំបាត់អនក្ខរកម្មជូនជនរួមជាតិខ្មែរ តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅទីក្រុងកឹងធើ យកចិត្តទុកដាក់អនុវត្ត រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

បើកបវេសនកាលថ្នាក់អនក្ខរកម្មនៅសាលាបឋមសិក្សាលីវទូ A។
អាស្រ័យផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ (២០២១-២០២៥) ទីក្រុងកឹងធើ បានបែងផ្ទេរជូនប្រភពទុនជិត ៤០០ ពាន់លានដុងដើម្បីអនុវត្តខ្លឹមសារទាំងឡាយចំណុះគម្រោង ៥ អភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស។ ក្នុងនោះ ខ្លឹមសារបំបាត់អនក្ខរកម្មបានយកចិត្តទុកដាក់យ៉ាងពិសេស។ ទីក្រុងចាត់តាំងវគ្គបំប៉នហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈបាន ១៣ ថ្នាក់ ដល់កម្មាភិបាលគ្រូបង្រៀនចំនួន ១.៧៧៦ នាក់ ដែលចូលរួមការងារបំបាត់អនក្ខរកម្ម; ព្រមទាំងបើកវគ្គសិក្សា ១៦៦ ថ្នាក់ នៅតំបន់ជនជាតិភាគតិចដល់សិក្ខាកាម ៥.៣១៧ នាក់។
លោកគ្រូ ថាច់សាភិន ចាងហ្វាងរងសាលាបឋមសិក្សាដាយអឹង ២B ឃុំត្រឹងដេ ចែករំលែក៖ “កន្លងហើយ បន្ទាប់ពីសហការជាមួយគណៈប្រជាជនភូមិ ធ្វើការពិនិត្យអ្នកមិនចេះអក្សរ យើងខ្ញុំបានចលនាសិក្ខាកាម ៣៨ នាក់ចូលរៀនថ្នាក់អនក្ខរកម្ម។ សាលារៀនចាត់គ្រូបង្រៀនមានបទពិសោធន៍ អនុវត្តវិធីសាស្ត្របង្រៀនសមស្របទៅតាមកម្រិតអាយុនិងកម្រិតវិជ្ជារបស់សិក្ខាកាមម្នាក់ៗ។ ថ្នាក់រៀននេះបានប្រព្រឹត្តឡើងនៅពេលរសៀលថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្ររៀងរាល់សប្តាហ៍ដើម្បីមាមីងងាយស្រួលចូលរៀន”។
មិនត្រឹមតែឃុំត្រឹងដេប៉ុណ្ណោះទេ ឃុំលីវទូក៏បានរៀបចំបើកថ្នាក់អនក្ខរកម្មជាប្រចាំផងដែរ។ គិតដោយឡែក ឆ្នាំ ២០២៥ ឃុំបើកថ្នាក់អនក្ខរកម្មបាន៥ថ្នាក់ជូនសិក្ខាកាម ១៩៥ នាក់។ ថ្នាក់រៀនបានចាត់តាំងឡើងនៅសាលាបឋមសិក្សាលីវទូ A និងតាមសាលាមួយចំនួន ដោយមានការចូលរួមពីគ្រូបង្រៀនដែលអស់ពីចិត្តពីថ្លើមនឹងអាជីព។

សិក្ខាកាមខ្នះខ្នែងចូលរួមវគ្គសិក្សាថ្នាក់អនក្ខរកម្ម។
អ្នកមីងតាំងធីអ៊ុក សិក្ខាកាមថ្នាក់អនក្ខរកម្មនៅឃុំលីវទូ ឱ្យដឹងដោយក្តីរីករាយ៖ “ខ្ញុំបានលោកគ្រូអ្នកគ្រូនិងកម្មាភិបាលឃុំ មកចលនាចូលរៀនថ្នាក់អនក្ខរកម្ម។ ដំបូងខ្ញុំជួបការលំបាកច្រើន ដោយសារវ័យចាស់ ទទួលយកចំណេះដឹងយឺត។ ប៉ុន្តែ អាស្រ័យបានលោកគ្រូអ្នកគ្រូណែនាំដោយអស់ពីចិត្ត ក្រោយពី ៦ ខែសិក្សា ខ្ញុំចេះអាន ចេះសរសេរពាក្យសាមញ្ញៗ អាចចុះហត្ថលេខានិងសរសេរឈ្មោះខ្លួងឯងបាន”។
លោកស្រី វ៉ធីញី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ឱ្យដឹង៖ “ការងារបំបាត់អនក្ខរកម្មគឺជាភារកិច្ចមួយដ៏សំខាន់ ហេតុនេះ ភូមិភាគតែងយកចិត្តទុកដាក់សហការជិតស្និទ្ធជាមួយផ្នែកអប់រំ សាលារៀននិងអង្គការមហាជននានា ដើម្បីចលនាប្រជាជនចូលរៀន។ ទោះបីនៅជួបការលំបាកច្រើន ប៉ុន្តែជាមួយការប្តេជ្ញាចិត្តខ្ពស់និងស្មារតីសង្វាតរៀនសូត្រ ថ្នាក់អនក្ខរកម្មនៅតំបន់ជនរួមជាតិខ្មែរបានបើកបង្រៀនជាទៀងទាត់។ សិក្ខាកាមគ្រប់រូបក៏ចេះអាន ចេះសរសេរអក្សរវៀតណាម ពង្រីកចំណេះដឹង ជួយពួកគាត់រឹតតែមានទំនុកចិត្តក្នុងជីវភាព រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទកាន់តែមានភាពរីកចម្រើននិងស្រស់បំព្រង”៕
អត្ថបទនិងរូបថត៖ ហុងទើ-ប្រែសម្រួល៖ មុនី