មកដល់ពេលនេះ ការងារត្រៀមបម្រុងសម្រាប់ពានរង្វាន់ប្រណាំងទូក-ង ទីក្រុងកឹងធើ បានសម្រេចជាស្ថាពរ។ ទូក-ងទាំងអស់បានមកជុំគ្នានៅដងព្រែក Maspero សន្យាថានឹងនាំមកនូវការប្រណាំងដ៏ពុះពោរនិងទាក់ទាញអារម្មណ៍ជូនដល់ទស្សនិកជនជាមិនខាន។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំញូយ៉ា ឧបត្ថម្ភទឹកប្រាក់ ៤០ លានដុងដល់ទូក-ង វត្តព្រែកអណ្តើក។
តាមប្រសាសន៍លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ពិធីប្រណាំងទូក-ងគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃពិធីបុណ្យអកអំបុក - ប្រណាំងទូក - ងទីក្រុងកឹងធើ ឆ្នាំ ២០២៥។ នៅថ្ងៃទី ៤ និងទី ៥ ខែវិច្ឆិកា ទូក-ងនឹងអុំប្រណាំងចម្ងាយខ្សែទឹក ១.០០០ម៉ែត្រ ចំពោះទូក-ងនារី និងចម្ងាយខ្សែទឹក ១.២០០ម៉ែត្រ ចំពោះទូក-ងបុរស លើដងព្រែក Maspero។ ពិសេស ឆ្នាំនេះមានទូក-ងលុងជាច្រើន ចូលរួមប្រណាំងផងដែរ។ ឆ្នាំនេះ មានវត្តជាច្រើនក្នុងទីក្រុងកឹងធើបានវិនិយោគបោះទូកលុងថ្មី និងហាត់សមតាំងពីយូរមក ម្ល៉ោះហើយពិធីប្រណាំងឆ្នាំនេះសង្ឃឹមថា នឹងពោរពេញដោយភាពស្វាហាប់ ទាក់ទាញអារម្មណ៍ដល់ទស្សនិកជនជាមិនខាន។
ក្រោយរយៈពេលជិត ១០០ ឆ្នាំ ខកខានចូលរួមការប្រណាំង ឆ្នាំនេះ វត្តព្រែកអណ្តើកនៅឃុំញូយ៉ា បានវិនិយោគបោះទូក-ង២គ្រឿង ដើម្បីចូលរួមអុំ។ ព្រះតេជព្រះគុណ ឡឹមចន្ទសំណាង ប្រធានសង្ឃវត្តព្រែកអណ្តើក មានថេរដីកា៖ “ក្រោយរយៈពេលជិត ២ ខែហាត់សម កីឡាករជាង ១៥០ នាក់ កំពុងរង់ចាំដល់ថ្ងៃចូលរួមអុំប្រណាំងសម្រាប់ពិធីបុណ្យឆ្នាំនេះ។ អាត្មាភាព បានជំរុញទឹកចិត្តដល់កីឡាករទាំងឡាយដែលចូលរួមអុំប្រណាំង ត្រូវតែអនុវត្តតាមបទបញ្ជារបស់គណៈចាត់តាំងពីព្រោះគោលបំណងចូលរួមដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ប្រសិនបើដណ្ដើមបានចំណាត់ថ្នាក់ខ្ពស់ គឺជាក្តីរំភើបនិងជាកិត្តិយសសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត”។

ក្រុមទូក-ងបានមកជួបជុំគ្នាដើម្បីត្រៀមប្រកួតប្រណាំង។
ទូក-ងនិងកីឡាករទាំងអស់ដែលមានវត្តមានលើដងព្រែក Maspero អ្នកណាក៏មានទឹកមុខពោរពេញដោយក្តីរំភើប និងប្តេជ្ញាចិត្តខ្ពស់សម្រាប់ថ្ងៃប្រណាំង។ បងត្រឹងវុាំងត្វឹង កីឡាករវត្តជ្រោយទឹមចាស់ ឱ្យដឹង៖ “យើងខ្ញុំបានហាត់សម រយៈពេលជិត ២ ខែនិងតែងមានមោទនភាព ខណៈពេលបានក្លាយជាកីឡាករទូក - ងរបស់វត្ត។ ឆ្នាំនេះវត្តមានទូកលុងថ្មី ម្ល៉ោះហើយអ្នកណាក៏មានភាពក្លៀវក្លា ប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រណាំងក្នុងថ្ងៃស្អែក សង្ឃឹមថានឹងទទួលបានស្នាដៃខ្ពស់ជូនវត្ត”។
មកទល់ពេលនេះ គណៈចាត់តាំងបានធានាសុវត្ថិភាពខ្សែទឹកប្រណាំងសន្តិសុខសណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលដល់កីឡាករ ទស្សនិកជន និងភ្ញៀវទេសចរទាំងឡាយមកទស្សនាកម្សាន្ត គាំទ្រ។ អំពីប្រាក់រង្វាន់ គណៈចាត់តាំងគ្រោងទុកប្រគល់ជូនសម្រាប់ខ្លឹមសារទាំងទូក បុរស ទាំងទូកនារី គឺ៖ លេខមួយ ២០០ លានដុង; លេខពីរ ១៥០ លានដុង; លេខបី ១០០ លានដុងនិងលេខបួន ៨០ លានដុង។ ក្រៅពីនេះ គណៈចាត់តាំងថែមទាំងជូនរង្វាន់ដល់ទូក - ង ដែលទទួលបានលេខមួយនិងលេខពីរក្នុងតារាងនីមួយៗផងដែរ៕
យ្វីអាញ- លីសៀ