ដោយថ្វីដៃប៉ិនប្រសប់និងទឹកចិត្តស្រឡាញ់ចូលចិត្ត គឹមហ៊ឹង នៅភូមិតឹងលិត ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានក្លាយជាអ្នកល្បីល្បាញខាងរចនាទូក-ងខ្នាតតូច និងគូរគំនូរលម្អទូក-ង នៅតាមវត្តជាច្រើនក្នុងនិងក្រៅទីក្រុងកឹងធើ។

គឹមហ៊ឹង យកចិត្តទុកដាក់ផ្ចិតផ្ចង់រចនាទូក-ង ខ្នាតតូច។
តាំងពីតូច ដោយសង្កេតឃើញគឹមហ៊ឹង ចូលចិត្តទូក-ង ទើបជីតាតែងច្នៃធ្វើ ទូក-ងតូចៗឱ្យលេង។ លុះដល់អាយុ១២ឆ្នាំ ហ៊ឹងបានជីតាបង្ហាញពីរបៀបធ្វើ ពេលនោះក៏ចាប់ផ្តើមមានទឹកចិត្តស្រឡាញ់ចូលចិត្ត តាំងពីនោះមក កុមារហ៊ឹងចេះតែស្វែងយល់ រៀនសូត្រពីរបៀបធ្វើទូក-ងខ្នាតតូច ដើម្បីបំពេញចំណង់ចំណូលចិត្ត។ ប្អូនហ៊ឹង ឱ្យដឹង៖ “កាលនោះ នៅស្រុកស្រែសម្បូរដើមអំបាតណាស់ ខ្ញុំឃើញក៏កាប់យកមកដើម្បីឱ្យជីតាបង្ហាញពីរបៀបដាប់ធ្វើទូក-ង រចនាក្បូរក្បាច់និងលាបពណ៌។ ដំបូង ធ្វើរូបរាងមិនសូវស្អាតទេ ក្បូរក្បាច់រចនាក៏មិនសូវសម ប៉ុន្តែធ្វើបណ្តើររៀនបណ្ដើរបន្តិចម្តងៗ យូរៗ ទៅប្អូនបានលាយពណ៌លាបសក្តិសម ដូចជាទូក-ងនៅតាមវត្តនានាអ៊ីចឹង”។ ផ្តើមពីការស៊ូទ្រាំលំបាក ចូលចិត្តរៀនសូត្របានធ្វើឱ្យហ៊ឹងក្លាយជា “សិប្បករ” ទូក-ងខ្នាតតូចដ៏ល្បីល្បាញនៅតំបន់ជនបទ។ ចំពោះទូក-ងខ្នាតតូច ហ៊ឹង បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដូចបេះបិទទូក-ងមែនទែន បានទាក់ទាញអ្នកដែលពេញនិយមចូលចិត្តទូក-ង។ កេរ្តិ៍ឈ្មោះបោះសំឡេងកាន់តែល្បីរន្ទឺ ទៅដល់វត្តជាច្រើន ដូច៖ វត្តអំពូយារ វត្តពិសីវរារាមនិងវត្តមួយចំនួននៅខេត្តគៀងយ៉ាង វិញឡុង៘ ស្វែងរកដើម្បីដាក់បញ្ជាទិញ។

គឹមហ៊ឹងគូរក្បាច់រចនាឱ្យទូក-ងវត្តឃ្លាំង។
មិនបានឆ្លងកាត់សាលាបណ្ដុះបណ្ដាលនោះទេ គ្រាន់តែមានចំណង់ចំណូលចិត្ត គឹមហ៊ឹង រចនាដោយខ្លួនឯងធ្វើបានស្ទើរតែទាំងអស់ទូក-ងខ្នាតតូច ព្រមទាំងទម្រង់ទូកគែហ៊ៅទៀតផង។ លក្ខណៈពិសេសរបស់ហ៊ឹង នោះគឺគ្រាន់តែឃើញក្រុមទូក-ងវត្តណាចូលរួមអុំក្នុងពិធីប្រណាំងទូក-ង ប្អូនអាចនឹងច្នៃរចនានិងគូរក្បូរក្បាច់ឱ្យដូចទូក-ង វត្តនោះ ម្ល៉ោះហើយបានអតិថិជនពេញនិយមចូលចិត្ត។ ចំពោះទូក-ងខ្នាតតូចដែលបានហ៊ឹងធ្វើពីដើមអំបាត ដើមខ្នុរ យោងទៅតាមខ្នាតតូចធំ លក់ក្នុងតម្លៃពី ៦០០ - ២.០០០.០០០ ដុង/គ្រឿង។ ប្អូនហ៊ឹង ចែករំលែក៖ “ធ្វើទូក-ងខ្នាតតូច ត្រូវមានចំណង់ចំណូលចិត្តនិងស៊ូលំបាកស្វែងយល់ទើបធ្វើបាន ពីព្រោះក្បូរក្បាច់រចនានៃទូក-ងនីមួយៗ តែងផ្សេងៗគ្នា ពិបាកគូរណាស់ ដោយសារទូកមានខ្នាតតូច។ មុននឹងគូរប្អូនបែងជាផ្នែកៗនៃទូក ព្រាងក្បូរក្បាច់រចនាដោយដៃខ្មៅរួចហើយ ទើបលាបពណ៌ឡើង”។
មិនត្រឹមតែល្បីឈ្មោះខាងរចនាទូក-ងខ្នាតតូចប៉ុណ្ណោះទេ សព្វថ្ងៃ គឹមហ៊ឹង ថែមទាំងបានវត្តនានាអញ្ជើញទៅគូរគំនូរទូក-ង ដូចជា៖ វត្តបឹងក្រចាប់ថ្មី វត្តឃ្លាំងនិងវត្តមួយចំនួននៅខេត្តវិញឡុង ទៀតផង ចំពោះក្បូរក្បាច់រចនាដែលហ៊ឹងគូរ តែងរំលេចពណ៌ស្អាត ដិតដាមដោយអត្តសញ្ញាណ វប្បធម៌ជនរួមជាតិខ្មែរ ម្ល៉ោះហើយពីមួយថ្ងៃទៅមួយថ្ងៃមានវត្តជាច្រើនអញ្ជើញទៅគូរ។ ចំពោះហ៊ឹង នេះជាក្តីមោទនៈនិងជាកម្លាំងជំរុញដ៏ធំសម្រាប់បន្តការស្វែងយល់រៀនសូត្រ ដើម្បីមានទូក - ងកាន់តែច្រើនរំលេចពណ៌ស្រស់ស្អាតចូលរួមប្រណាំង៕
យ្វីអាញ- លីសៀ