ដោយកំណត់ច្បាស់ការថែទាំសុខភាពដំបូងជូនប្រជាជនជាភារកិច្ចសំខាន់ រយៈពេលកន្លង កងជួរកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកនៃដំណាក់សុខាភិបាលឃុំឡុងវិញ ខេត្តវិញឡុង បានអនុវត្តល្អ រួមចំណែកការពារសុខភាពប្រជាជនពីថ្នាក់មូលដ្ឋាន។

ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឡុងវិញ ខេត្តវិញឡុង។
វេជ្ជបណ្ឌិត ង្វៀងមិញខូវ ប្រធានដំណាក់សុខាភិបាលឃុំឡុងវិញ ឱ្យដឹង៖ “ឡុងវិញ ជាឃុំដាច់ស្រយាល មានជនរួមជាតិខ្មែររស់នៅកុះករ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថែទាំសុខភាពដំបូងជូនប្រជាជន ដំណាក់សុខាភិបាលឃុំ បានច្បាមតាមខ្លឹមសារសកម្មភាពរបស់ផ្នែកសុខាភិបាល និងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ; ម្ចាស់ការកសាងផែនការសកម្មភាពជាក់ស្តែងរាល់ខែ រាល់ត្រៃមាសក្នុងឆ្នាំ។ ដំណាក់សុខាភិបាលឃុំបានបែងភារកិច្ចច្បាស់លាស់ដល់កម្មាភិបាល បុគ្គលិកគ្រប់រូបក្នុងការអនុវត្តការងារពិនិត្យព្យាបាលជំងឺ បង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល។ ក្រៅពីនោះ ដំណាក់នៅទាំងចាត់កម្មាភិបាល បុគ្គលិក សហការីពេទ្យចូលរួមវគ្គហ្វឹកហ្វឺន បំពាក់បំប៉នមុខជំនាញវិជ្ជាជីវៈ ដើម្បីបម្រើការ ពិនិត្យព្យាបាលជំងឺជូនប្រជាជនឱ្យកាន់តែល្អប្រសើរជាងទៀត”។
លោកថាច់ង៉ុកភឿង នៅភូមិតាលោង ឱ្យដឹង៖ “ខ្ញុំមានជំងឺលើសឈាម ហេតុនោះរាល់សប្តាហ៍ខ្ញុំតែងមកដំណាក់សុខាភិបាលឃុំឡុងវិញ ដើម្បីពិនិត្យសុខភាពនិងយកថ្នាំផឹក។ កងជួរវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅដំណាក់សុខាភិបាល មិនត្រឹមតែអស់ពីចិត្តជិតដិតជាមួយនឹងអ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយជូនប្រជាជនអំពីរបៀបបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល របបហូបចុក គួបផ្សំនឹងហាត់ប្រាណដើម្បីលើកកម្ពស់សុខភាព។
អ្នកមីងទ្រិញធីង៉ក នៅភូមិកិញដាវ ឱ្យដឹង៖ “គ្រូពេទ្យនៅដំណាក់សុខាភិបាលឃុំឡុងវិញ តែងអស់ពីចិត្តក្នុងការពិនិត្យជំងឺជូនប្រជាជន។ ហេតុនោះ ពេលឈឺថ្កាត់ម្ដងៗ ឬមានបញ្ហាសុខភាពត្រូវសង្គ្រោះជាដំបូង គ្រួសារខ្ញុំតែងមកកាន់ដំណាក់សុខាភិបាលឃុំ”។
ទន្ទឹមនឹងការថែទាំសុខភាពជូនប្រជាជន កងជួរបុគ្គលិកនៅទាំងបង្កើនការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនយល់ច្បាស់ពីគោលនយោបាយ និងអត្ថប្រយោជន៍នៃការចូលរួមធានារ៉ាប់រងសុខាភិបាល។ ផ្សព្វផ្សាយនូវចំណេះដឹងសុខភាព បង្ការទប់ស្កាត់ជំងឺតម្កាត់ អាហារូបត្ថម្ភសមស្រប អនាម័យបរិស្ថាន និងសុវត្ថិភាពម្ហូបអាហារ។ សហការស្អិតល្មួតជាមួយគណៈ ផ្នែក អង្គការមហាជនភូមិភាគ ដើម្បីផ្សព្វផ្សាយសកម្មភាពសុខាភិបាលនៅក្នុងសហគមន៍។ ចាប់ពីដើមឆ្នាំ ២០២៥ មកដល់ពេលនេះ ដំណាក់សុខាភិបាលឃុំឡុងវិញ បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ២.០៨៦ លើកនាក់។
ទិសដៅរួមរបស់ដំណាក់សុខាភិបាលឃុំឡុងវិញ គឺបង្វែរចំណុចសំខាន់ពីការព្យាបាលជំងឺមកបង្ការជំងឺ និងធានាប្រជាជនកៀកជិតសេវាថែទាំសុខភាពមានគុណភាព ជាសារវន្តពីថ្នាក់មូលដ្ឋាន។ ពេលខាងមុខ ដំណាក់សុខាភិបាលឃុំឡុងវិញ នឹងលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺគួបផ្សំនឹងវិធីសាស្ត្រពិនិត្យជំងឺតាមបែបវេជ្ជសាស្ត្របុរាណ។ រក្សានិងពង្រីកបានល្អនូវការថែទាំសុខភាពជូនមនុស្សចាស់និងអ្នកពិការក្នុងឃុំ៕
សើុងម៉ាល័យ-វិមាន