រៀងរាល់ឆ្នាំ បងស្រីត្រឹងធីស្វៀង តែងរួមកម្លាំងជាមួយនឹងវត្តថ្នល់ជុំ (ព្រែកស្លា) ស្រុកហ្គក្វាវ តុបតែងក្បូនប្រទីបដើម្បីចូលរួមប្រឡងក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង។ ជាអ្នកទទួលបន្ទុកតុបតែងផ្នែកខាងក្នុងក្បូនប្រទីប ម្ល៉ោះហើយ បងស្រីតែងចង់បង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។
បងស្រីស្វៀង កំពុងស្អិតស្អាងផ្កាតុបតែងក្បូនប្រទីបរបស់វត្តថ្នល់ជុំ។
បងស្រី ត្រឹងធីស្វៀង បានរ៉ាយរ៉ាប់៖ “ឪពុកម្ដាយខ្ញុំទាំងពីរនាក់គឺជនជាតិខ្មែរ ខ្ញុំកើតនិងធំដឹងក្ដីនៅភូមិថាញហ្វា ឃុំធ្វីឡេវ ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ព្រោះដូច្នោះ ខ្ញុំធ្លាប់តាមឪពុកម្ដាយខ្ញុំទៅកាន់វត្តតាំងពីក្មេង។ ពេលធំឡើង ខ្ញុំតែងអនុវត្តតាមគន្លងឪពុកម្ដាយ ធ្លាប់ធ្វើដូចជាទៅកាន់វត្តក្នុងថ្ងៃបុណ្យទានឬបុណ្យចូលឆ្នាំថ្មីជាដើម ហេតុតែដូច្នោះ ខ្ញុំក៏យល់ដឹងនិងស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ”។ ជាអ្នកជិតស្និទ្ធជាមួយវត្តអារាម ទើបបងស្រីស្វៀង បានព្រះចៅអធិការនិងគណៈកម្មការវត្តជឿជាក់ ប្រគល់ភារកិច្ចក្នុងការតុបតែងខាងក្នុងក្បូនប្រទីប។ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង រៀបចំបានចំនួន ១៥ លើក ហើយទាំង ១៥ លើកនោះលើកណាក៏មានមុខបងស្រីស្វៀងចូលរួមតុបតែងដែរ។
លោកពូយ័ញដូ សមាជិកគណៈកម្មការវត្តថ្នល់ជុំ ជាអ្នកបានព្រះចៅអធិការវត្តប្រគល់ភារកិច្ចមើលការខុសត្រូវរួម ក្នុងការរៀបចំនិងតុបតែងក្បូនប្រទីបនៅក្នុងទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ឆ្នាំ ២០២៣ ឱ្យដឹង៖ “និយាយរួម ពុទ្ធបរិស័ទយើងខ្ញុំតែងអស់ពីចិត្តពីថ្លើមចូលរួមក្នុងសកម្មភាពទិវាបុណ្យ សង្ឃឹមថា ទទួលបានរង្វាន់ខ្ពស់ ប្រសិនបើមិនទទួលបានរង្វាន់ក៏ជាបទពិសោធន៍សម្រាប់ឆ្នាំក្រោយ។ ដ្បិតអី យើងខ្ញុំកំណត់ថា ការចូលរួមដើម្បីរួមចំណែកអភិរក្សវប្បធម៌ ដរាបណាខ្ញុំនៅតែអាចចូលរួមចំណែកកម្លាំង គឺខ្ញុំរីករាយហើយ បងស្រីស្វៀងគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដែលចូលរួមអស់ពីចិត្តពីថ្លើម”។
ដើម្បីសមាជិកទាំងឡាយលំនឹងចិត្តចូលរួមក្នុងសកម្មភាពទិវាបុណ្យ គណៈកម្មការវត្តនៅទាំងត្រៀមបម្រុងឧបករណ៍សម្រាប់ចម្អិនម្ហូបអាហារដែលប្រព្រឹត្តឡើង ៣ ថ្ងៃលើព្រែកកាយលើងទៀតផង។ បងស្រីស្វៀង ឱ្យដឹង៖ “មានភោជនីយដ្ឋានជាច្រើន ប៉ុន្តែយើងខ្ញុំប្រិតសំចៃប្រាក់ដោយការចម្អិនអាហារសម្រាប់ក្រុមទាំងមូលក្នុងរយៈពេលថ្ងៃបុណ្យ”។ គ្មានអ្នកណាប្រាប់អ្នកណាទេ ប៉ុន្តែរាល់កិច្ចការតែងមានរបៀបរៀបរយ ទោះបីក្នុងក្បូនមានមនុស្សច្រើនបង្គួរក្ដី។ កិច្ចការតុបតែងខាងក្នុងគឺសួរបងស្រីស្វៀង កិច្ចការតុបតែងខាងក្រៅ អំពូលភ្លើង គឺសួរលោកពូដូ។ បងស្រីស្វៀង កំពុងដោតផ្កា ក៏មានពុទ្ធបរិស័ទម្នាក់មកសួរ ត្រូវការអ្វីទៀតទេ បងស្រីក៏ប្រាប់ថា គាត់ត្រូវការចេកមួយស្ទង សម្រាប់តុបតែងនៅលើទូកតូច។ បងស្រីស្វៀង ឱ្យដឹង៖ “ជិះម៉ូតូត្រឹមជាង ២០ នាទីគឺមកដល់វត្តថ្នល់ជុំហើយ មានចេកច្រើនណាស់កុំទិញឯផ្សារ ព្រោះវាមិនស្អាត ហើយថ្លៃផង”។
ឃើញបងស្រីស្វៀង ផ្ចិតផ្ទង់ស្អិតស្អាងផ្កា មានមហាជនសួរថា តើបងស្រីចង់ឈ្នះរង្វាន់លេខ ១ មែនឬបងស្រីញញឹមហើយនិយាយ៖ “ខ្ញុំនៅមានកម្លាំង អាចចូលរួមក្នុងទិវាបុណ្យគឺសុភមង្គលរបស់ខ្ញុំ ខ្ញុំត្រឹមមានបំណងបានរួមចំណែករក្សាវប្បធម៌ខ្មែរប៉ុណ្ណោះ”៕
ហាថាញ-ថាច់ធី