បានក្លាយជាគ្រូបង្រៀនគឺក្ដីស្រមៃដ៏ធំបំផុតក្នុងឆាកជីវិត ដូច្នោះហើយ លោកគ្រូគឹមដារី គ្រូបង្រៀនវិញ្ញាសាអង់គ្លេសនៅអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ខេត្តសុកត្រាំង តែងសិក្សាស្រាវជ្រាវ ដើម្បីមានវិធីសាស្រ្តបង្រៀនល្អៗ ជួយដល់សិស្សានុសិស្សងាយយល់មេរៀន។
លោកគ្រូគឹមដារី តែងសិក្សាស្រាវជ្រាវដើម្បីរកវិធីសាស្រ្តល្អៗបង្រៀនដល់សិស្ស។
បច្ចុប្បន្ន លោកគ្រូគឹមដារី គ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ទី៩ និងទី៦។ ប្អូនត្រឹងហ្វិញញឺ សិស្សថ្នាក់ ៩/២ រៀបរាប់៖ “លោកគ្រូដារី មានវិធីសាស្រ្តបង្រៀនល្អ ប្អូនចូលចិត្តគាត់បង្រៀនណាស់។ ម៉ោងលោកគ្រូបង្រៀន មានភាពរស់រវើក ពោរពេញដោយសំណើច ដ្បិតអីគាត់បានបង្កលក្ខណៈឱ្យពួកប្អូនជ្រើស ប្រធានបទដើម្បីទំនាក់ទំនងជាមួយគ្នា។ ពេលមានសិស្សណាបញ្ចេញសំឡេងមិនបានត្រឹមត្រូវ លោកគ្រូក៏បើកទូរទស្សន៍ឱ្យស្ដាប់ ហើយបង្គាប់របៀបបញ្ចេញសំឡេង ហេតុនោះហើយ សិស្សរូបណាក៏ចូលចិត្តដែរ”។ ចំពោះសិស្សានុសិស្ស លោកគ្រូតែងអស់ពីចិត្ត អាណិតស្រឡាញ់មិនត្រឹមតែក្នុងការបង្ហាត់បង្រៀនប៉ុណ្ណោះទេ ក្នុងការងារគ្រប់គ្រងសិស្សគាត់ក៏អស់ពីចិត្តជួយផងដែរ។ លោកគ្រូគឹមដារី ឱ្យដឹង៖ “ខ្ញុំធ្វើប្រធានក្រុមគ្រប់គ្រងសិស្ស ម្ល៉ោះហើយ ពេលឃើញប្អូនៗទើបចូលរៀនអន្តេវាសិកថ្នាក់ទី ៦ ឆ្ងាយពីគ្រួសារ ទើបខ្ញុំបង្ហាត់បង្រៀនឱ្យប្អូនៗពីបំណិនរស់នៅបំណិនការពារខ្លួននិងរស់នៅចុះសម្រុងជាមួយនឹងសមូហភាព។ ទើបចូលរៀនដំបូងកូនសិស្សខ្លះយំ ដោយសារតែនឹកឪពុកម្ដាយ នឹកផ្ទះ បានជាខ្ញុំនៅប្រចាំការ ២៤/២៤ ម៉ោង ដើម្បីលើកទឹកចិត្តនិងធ្វើជាទីបង្អែកស្មារតីឱ្យសិស្ស ដើម្បីសិស្សបានស្ងប់អារម្មណ៍រៀនសូត្រ”។
លោកគ្រូគឹមដារី ពិនិត្យមើលសិស្សក្នុងម៉ោងធ្វើលំហាត់។
គ្រប់ទង្វើរបស់លោកគ្រូដារី សុទ្ធសឹងផុសចេញពីសន្តានចិត្ត ប្រៀបបានឪពុកស្រឡាញ់កូន។ ដ្បិតអី តាំងពីនៅតូចគ្រួសារលោកគ្រូ ធ្លាប់ក្រលំបាក ឪពុកម្ដាយទៅធ្វើការឈ្នួលនៅឆ្ងាយ ទើបគាត់យល់ពីអារម្មណ៍រស់នៅឆ្ងាយពីឪពុកម្ដាយ។ ដោយសារឃើញឪពុកម្ដាយរស់នៅលំបាកធ្វើការឈ្នួល គាត់រឹតតែប្ដេជ្ញាចិត្តរៀនសូត្រ ដើម្បីអនាគតបានល្អប្រសើរ។ ចាប់តាំងពីរៀនថ្នាក់ទី ៨ រហូតដល់បញ្ចប់មហាវិទ្យាល័យ ពេលទំនេរគាត់ទៅស៊ីឈ្នួលលីស្រូវ ដើម្បីរកប្រាក់ផ្ដត់ផ្គង់ការរៀនសូត្រ។ លោកគ្រូគឹមដារី ឱ្យដឹង៖ “ឪពុកម្ដាយក្រខ្សត់មិនគ្រប់ លទ្ធភាពគិតគូរឱ្យរៀនសូត្រ ម្ល៉ោះហើយខ្ញុំជ្រើសរៀននៅមហាវិទ្យាល័យគរុកោសល្យដុងថាប ដើម្បីមិនបង់កម្រៃសិក្សា។ ខ្ញុំមានទេពកោសល្យខាងភាសាអង់គ្លេស ទើបខ្ញុំជ្រើសរៀនគរុកោសល្យភាសាអង់គ្លេស ជាមួយនឹងគោលបំណង បង្រៀនកូនចៅជនរួមជាតិខ្មែរឱ្យចេះទំនាក់ទំនងជាមួយនឹងជនបរទេស។ ក្នុងរយៈពេលសិក្សា ពេលទំនេរខ្ញុំបន្តទៅធ្វើកម្មករលីស្រូវនៅខេត្តតៀងយ៉ាង ដើម្បីមានប្រាក់សម្រាប់គិតគូរការរៀនសូត្រ”។
ឆ្នាំ ២០១០ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោកគ្រូគឹមដារី ត្រូវបានចាត់ឱ្យបង្រៀននៅអនុវិទ្យាល័យ វិទ្យាល័យអាងនិញ ឃុំអាងនិញ ស្រុកចូវថាញ់។ ឆ្នាំ ២០១២ លោកគ្រូត្រូវបានផ្លាស់ប្ដូរមកបង្រៀននៅអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ រហូតមកទល់សព្វថ្ងៃ។ មកទីនេះ ដោយដឹងថា សមត្ថភាពភាសាអង់គ្លេសរបស់សិស្សមិនស្មើគ្នា លោកគ្រូដារី បានជ្រើសវិធីសាស្រ្តបង្រៀនឱ្យសិស្ស ហាត់ទំនាក់ទំនងដោយខ្លួនឯង ដើម្បីជ្រើសរើសសិស្សខ្សោយរៀនបំប៉នបន្ថែមនៅពេលរសៀល។ ផ្ដើមពីនោះ ក្រោយពីរៀនក្នុងរយៈពេលមួយឆ្នាំ សិស្សក៏មានភាពជឿជាក់ក្នុងរៀនសូត្រ និងទំនាក់ទំនងជាភាសាអង់គ្លេស។
លោកគ្រូដោវ៉ាន់ណូល នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឱ្យដឹង៖ “សិស្សចូលចិត្តម៉ោងបង្រៀនរបស់លោកគ្រូដារី។ គាត់តែងយកអស់ពីចិត្តជួយមិត្តរួមអាជីព អនុវត្តល្អការងារគ្រប់គ្រងសិស្ស ទើបសិស្សអនុវត្តល្អលក្ខន្តិកៈសាលា។ ជាមួយនឹងអាជីព លោកគ្រូតែងមានការប្ដេជ្ញាចិត្តខ្ពស់ រៀនសូត្រលើកកម្ពស់វិជ្ជាជីវៈ ម្ល៉ោះហើយគាត់សម្រេចបានវិញ្ញាបនបត្រភាសាបារាំង និងរៀនភ្លេងពិណពាទ្យដើម្បីវិលមកបង្រៀនដល់សិស្សានុសិស្ស”៕
លីធាន - ថាច់ធី