ការចលនាចិញ្ចឹមគោបន្ធាត់នៅភូមិចុង-ង ឃុំហ៊ីវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ រីកចម្រើនដោយឥតឈប់ឈរ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកបំបាត់ភាពក្រីក្រប្រកបដោយចីរភាពនៅភូមិភាគ។
ប្តីប្រពន្ធលោក គឹមសម កំពុងថែទាំហ្វូងគោ។
លោកគឹមសម នៅភូមិចុង-ង ចែករំលែកពីបទពិសោធន៍ពីការចិញ្ចឹមគោ “ចង់ចិញ្ចឹមគោបន្ធាត់ ក្នុងមួយឆ្នាំលក់បាន៤ លើក (មួយលើកៗចំនួន៥ក្បាល) អ្នកចិញ្ចឹមត្រូវមានដីដាំស្មៅតិចបំផុតចំនួន៣កុង ដើម្បីធានាគ្រប់ប្រភពស្មៅផ្តល់ឱ្យគោ។ ពេលទិញគោត្រូវជ្រើសរើសពូជគោមានរាងខ្ពស់ ឆ្អឹងធំ ដូចជា៖ គោបង្កាត់ស៊ីន Drough master, Brahman, BBB (3B), Angus, Charolais។ល។ បន្ទាប់ពីទិញគោមកត្រូវបញ្ចុះព្រូន ចាក់វ៉ាក់សាំងទៀងទាត់ បង្ការរោគកកឈាម រោគអុតក្តាម។ នៅរដូវប្រាំង ច្រើនតែខ្វះស្មៅមិនគ្រប់ផ្តល់ឱ្យគោស៊ីដូច្នេះ យើងគប្បីបម្រុងចំបើងឱ្យបានគ្រប់គ្រាន់។ ដើម្បីឱ្យចំបើងមានសារធាតុចិញ្ចឹមខ្ពស់ គួរជ្រើសវិធីផ្អាប់ចំបើងជាមួយជីអ៊ុយរ៉េ។ វិធីធ្វើចំបើង ផ្អាប់វត្ថុធាតុដើមរួមមាន ចំបើងក្នុង ១០ គីឡូក្រាម ត្រូវលាយកំបោរស១គីឡូក្រាម លាយជាមួយទឹកស្រោចឱ្យសព្វដើម្បីកម្ចាត់បាក់តើរីមុននឹងផ្អាប់ បន្ទាប់ពីប្រព្រឹត្តិកម្ម លាយជីអ៊ុយរ៉េចំនួន២គីឡូក្រាម និងស្កររងូ១គីឡូក្រាម លាយជាមួយទឹកស្រោចឱ្យជោកចំបើង រួចយកផ្ទាំងកៅស៊ូគ្របឱ្យជិត ផ្អាប់ទុកក្នុង១សប្តាហ៍ អាចយកទៅឱ្យគោស៊ីបាន។ ហេតុនេះ គោស៊ីឆាប់ធំ កើនទម្ងន់ អាចលក់បានក្រោយពីចិញ្ចឹម៤ខែ។ បើប៉ិនប្រសប់ចិញ្ចឹម ក្នុងមួយឆ្នាំ អ្នកចិញ្ចឹមអាចលក់បាន៤ល្បាស់ ប្រសិនបើចិញ្ចឹម៥ក្បាល/ល្បាស់ ជាមួយនឹងថ្លៃលក់នាបច្ចុប្បន្ន តម្លៃពី១០ ទៅ១៣លានដុង/ក្បាល បន្ទាប់ពីទូទាត់ អ្នកចិញ្ចឹមនៅចំណេញបាន២,៥លានដុង/ក្បាល។ ក្នុងមួយឆ្នាំគ្រួសារខ្ញុំចិញ្ចឹមគោបានប្រមាណ២០ក្បាល បន្ទាប់ពីទូទាត់នៅចំណេញបានប្រមាណ៥០ លានដុង”។
កម្មាភិបាលភូមិ ទស្សនាទម្រង់ចិញ្ចឹមគោបន្ធាត់របស់គ្រួសារបងគឹមសម។
លោក ង្វៀងវ៉ាន់ចង ប្រធានគណៈកម្មការភូមិចុង-ង ឱ្យដឹង៖ “ភូមិចុង-ង មានគ្រួសារជនជាតិខ្មែរ៣៥៥គ្រួសារ ស្រូបអត្រា៥៧% ទូទាំងភូមិ បច្ចុប្បន្ន មានគោប្រមាណជាង៧០០ក្បាល។ ចលនាចិញ្ចឹមគោបន្ធាត់មានភាពរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំជិតៗនេះ។ នេះជាទម្រង់បំបាត់ភាពក្រីក្រប្រកបដោយប្រសិទ្ធភាព បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រចំនួន៤។ នៅពេលខាងមុខ ភូមិនឹងពង្រីកទូលាយទម្រង់នេះ”។ លោកង្វៀងវ៉ាន់ចង ឱ្យដឹងបន្ថែម កសិករជាច្រើនបានលើកសំណើ ដើម្បីធ្វើឱ្យទម្រង់កាន់តែមានប្រសិទ្ធភាព ស្ថាប័នដែលពាក់ព័ន្ធ គប្បីជួយកសិករបង្កើតសង្វាក់តម្លៃតាំងពីការផ្គត់ផ្គង់ ច្រកចូលការផលិត ប្រម៉ែប្រមូល កែច្នៃនិងចុងក្រោយគឺលក់ផលិតផលដល់អ្នកប្រើប្រាស់។ ពិសេស ជំរុញការចងសម្ព័ន្ធ “អ្នកទាំង៤” អភិវឌ្ឍការចិញ្ចឹមសត្វតាមផែនការ និងចិញ្ចឹមជាទ្រង់ទ្រាយធំដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ វិនិយោគព្រមៗគ្នាពីបច្ចេកវិទ្យា សម្ភារៈ ពូជនិងចំណី៕
សើុងម៉ាល័យ-មុនី