មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/11/2023 - 09:07

គ្រូ​បង្រៀន​អស់​ពី​ចិត្ត​ជា​មួយ​នឹង​អក្សរ​សាស្រ្ត​ខ្មែរ​

រំលឹក​ដល់​លោក​គ្រូ​យ័ញ​ភៀង គ្រូ​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​នៃ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ខេត្ត​សុក​ត្រាំង​ មិត្ត​រួម​អា​ជីព​អ្នក​ណា​ក៏​កោត​សរ​សើរ​ពី​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក​ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ។​

  លោក​គ្រូ​យ័ញ​ភៀង។​

ឆ្នាំ ២០០៤ បញ្ចប់​មហា​វិទ្យា​ល័យ​ផ្នែក​ជីវ​សាស្រ្ត​នៃ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ក្រុង​ហូជី​មិញ​ លោក​គ្រូ​យ័ញ​ភៀង សុំ​ចូល​​បង្រៀន​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង។​ តាម​ប្រ​សាសន៍​លោក​គ្រូ​ភៀង នេះ​គឺ​អតីត​សាលា​ ទើប​គាត់​មាន​បំ​ណង​នាំ​យក​ចំ​ណេះ​ដឹង​ដែល​ខ្លួន​បាន​សិក្សា​ ដើម្បី​បង្ហាត់​បង្រៀន​ដល់​សិស្ស​ខ្មែរ។​ ពិសេស​ នៅ​ពេល​ឃើញ​គ្រូ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​សាលា​ជិត​ចូល​និវត្តន៍​ ប៉ុន្តែ​ គ្មាន​កង​ជួរ​គ្រូ​បង្រៀន​វ័យ​ក្មេង​ស្នង​បន្ត​ ទើប​លោក​គ្រូ​ភៀង ឈប់​បង្រៀន​វិញ្ញា​សា​ជីវ​សាស្រ្ត​ សុំ​ចុះ​ឈ្មោះ​ទៅ​រៀន​ភាសា​និង​វប្បធម៌​ខ្មែរ​នៅ​សា​កលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ តាម​រយៈ​គោល​នយោ​បាយ​អនុសញ្ញា​ រវាង​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​ពីរ។​ ឆ្នាំ​ ២០១១ ក្រោយ​ពី​បញ្ចប់​កម្ម​វិធី​សិក្សា​ លោក​គ្រូ​ភៀង​បាន​វិលត្រ​ឡប់​មក​សាលា​ ហើយ​ទទួល​បន្ទុក​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​រហូត​មក​ទល់​សព្វ​ថ្ងៃ។​ លោក​​គ្រូ​ភៀង ឱ្យ​ដឹង៖ “ក្នុង​គ្រួ​សារ​មាន​ម្ដាយ​ចាស់​ជរា ប៉ុន្តែ​ដោយ​សារ​ចូល​ចិត្ត​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ ម្យ៉ាង​ឃើញ​សាលា​កំ​ពុង​ខ្វះ​គ្រូ​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ទើប​ខ្ញុំ​ជម្នះ​ស្ថាន​ភាព​គ្រួ​សារ​ដើម្បី​ទៅ​រៀន។​ ការ​រៀន​នៅ​ប្រ​ទេស​កម្ពុជា​ ខ្ញុំ​បាន​ទិញ​និង​អាន​សៀវ​ភៅ​ កា​សែត​ជា​ច្រើន​ ទើប​ខ្ញុំ​មាន​ចំ​ណេះ​ដឹង​ច្រើន​ខាង​ភាសា​ខ្មែរ​ដើម្បី​បង្ហាត់​ បង្រៀន​សិស្ស​ឱ្យ​បាន​ល្អ”។​

ម៉ោង​បង្រៀន​វិញ្ញា​សាអក្សរ​សាស្រ្ត​ខ្មែរ​របស់​លោក​គ្រូ​ យ័ញ​ភៀង នៅ​វិទ្យា​ល័យ​ជន​
ជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង។

ជាច្រើន​ឆ្នាំ​មក​នេះ​ លោក​គ្រូ​ភៀង ទទួល​បន្ទុក​បង្រៀន​វិញ្ញា​សាអក្សរ​សាស្រ្ត​ខ្មែរ​ដល់​សិស្ស​ថ្នាក់​ទី​១១​ទី​១២ ហើយ​បាន​សាលា​ប្រ​គល់​ភារ​កិច្ច​បង្រៀន​បំ​ប៉ន​សិស្ស​ជាប់​ជម្រើស​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ សម្រេច​បាន​លទ្ធ​ផល​ខ្ពស់។​ ជា​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ សាលា​មាន​សិស្ស​សម្រេច​កិត្តិ​នាម​សិស្ស​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ពូកែ​ថ្នាក់​ខេត្ត​ពី​៤-៥ នាក់។​ ជាក់​ស្ដែង​ ឆ្នាំ​ ២០២១ សា​លា​មាន​សិស្ស​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ពូកែ​ថ្នាក់​ខេត្ត​៥​នាក់ ក្នុង​នោះ​ មាន​ម្នាក់​ទទួល​បាន​រង្វាន់​លេខ​១។​ ឆ្នាំ ២០២២ មាន​៤​រង្វាន់​ ក្នុង​នោះ​ មាន​១​រង្វាន់​លេខ​ ២ ផ្នែក​ភាសា​ខ្មែរ​ថ្នាក់​ខេត្ត ។​ ប្អូន​គឹម​ ខាញ់​ង៉ុក​ ឱ្យ​ដឹង៖ “លោក​គ្រូ​យ័ញ​ភៀង បង្រៀន​អក្សរ​ខ្មែរ​ ប្អូន​ចូល​ចិត្ត​ខ្លាំង​ណាស់​ ដ្បិត​អី​ គាត់​មាន​វិធី​សាស្រ្ត​បង្រៀន​ងាយ​យល់​និង​មាន​ចំ​ណេះ​ដឹង​ខ្ពស់។​ ក្នុង​ការ​បង្រៀន​វេយ្យា​ករណ៍ខ្មែរ​ គាត់​បង្រៀន​យ៉ាង​ហ្មត់​ចត់​ ណែ​នាំ​របៀប​សម្គាល់​កិរិយា​ នាម គុណ​នាម។ល។​ និង​ណែ​នាំ​របៀប​តែង​សេចក្ដី​ ប្រើ​ប្រាស់​ពាក្យ​ខ្មែរ​យ៉ាង​សម្បូរ​បែប”។​

ដើម្បី​មាន​ចំ​ណេះ​ដឹង​ខាង​ភាសា​ខ្មែរ​ លោក​គ្រូ​ភៀង នៅ​ទាំង​អាន​សៀវ​ភៅ​ កាសែត​ជា​ច្រើន​និង​សិក្សា​ស្រាវ​សៀវ​ភៅ​ពុម្ព​ វចនា​នុក្រម​ខ្មែរ​-វៀត​; វៀត​-ខ្មែរ។​ លោក​គ្រូ​ភៀង ចែក​រំលែក៖ “យើង​ជា​គ្រូ​បង្រៀន​ ត្រូវ​បន្ត​រៀន​សូត្រ​ស្រាវ​ជ្រាវ​ ទើប​មាន​ចំ​ណេះ​ដឹង​ទូលំ​ទូលាយ​ និង​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ​ដល់​សិស្ស។​ សម័យ​ខ្ញុំ​រៀន​សិស្ស​ណា​ក៏​ចេះ​អក្សរ​ខ្មែរ​ដែរ​ ប៉ុន្តែ​បច្ចុប្បន្ន​ មាន​សិស្ស​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ត្រឹម​តែ​៥០% ដូច្នោះ​គួរ​តែ​មាន​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប។​ ត្រូវ​បង្រៀន​ឱ្យ​ប្អូន​ៗ​ចេះ​ ដើម្បី​ដល់​ថ្នាក់​ទី​១២ សិស្ស​ទាំង​អស់​គ្រប់​លក្ខណ​សម្បត្តិ​ប្រ​ឡង​ សញ្ញា​បត្រ​ភាសា​ខ្មែរ​ថ្នាក់​ទី​១២”។​

លោក​គ្រូ​ គឹម​វ៉ាន់​ង៉យ នា​យក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឱ្យ​ដឹង​៖ “លោក​ គ្រូ​យ័ញ​ភៀង គឺគ្រូ​បង្រៀន​ម្នាក់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ជា​មួយ​នឹង​អា​ជីព​ ពេល​លោក​គ្រូ​សម្រេច​ចិត្ត​ទៅ​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ មិត្ត​រួម​អា​ជីព​និង​គណៈ​នា​យក​សាលា​មាន​ការ​កោត​សរ​សើរ​គាត់​យ៉ាង​ខ្លាំង។​ បច្ចុប្បន្ន​ ក្នុង​ការ​បង្ហាត់​បង្រៀន​ លោក​គ្រូ​ភៀង​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​នឹង​​សិស្សា​នុ​សិស្ស​ បំ​ប៉ន​ឱ្យ​សិស្ស​ជា​ច្រើន​សម្រេច​កិត្តិ​នាម​ជាសិស្ស​រៀន​អក្សរ​ខ្មែរ​ពូកែ​ថ្នាក់​ខេត្ត។​ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ទាំង​នោះ​ លោក​គ្រូ​ភៀង​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង”៕​

                                  យ្វី​អាញ់-ថាច់​ធី

ចែករំលែកអត្ថបទ