អស់រយៈពេលជាង ២០ ឆ្នាំមកនេះ បងស្រីថាច់ថានី នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង បានផ្សារភ្ជាប់នឹងរបរធ្វើនំជើងតាំង។ នេះក៏ជារបរដែលជួយបងស្រីរកបានចំណូលនិងមានជីវភាពលំនឹង។
![ជីវភាពលំនឹងដោយសាររបរធ្វើនំជើងតាំង](https://baocantho.com.vn/image/fckeditor/upload/2023/20231030/images/khmer/43.jpg)
របរធ្វើនំជើងតាំងបានជួយឱ្យបងស្រីថាច់ថានី មានជីវភាពលំនឹង។
តាមបងស្រីថានី កាលពីដើមនៅពេល មានពិធីបុណ្យ ឬថ្ងៃបុណ្យចូលឆ្នាំថ្មីចូលមកដល់ គឺស្ទើរតែគ្រប់ផ្ទះដែលមានមនុស្សចាស់ក្នុងផ្ទះ តែងរៀបចំធ្វើនំប្រពៃណីរបស់ជនជាតិខ្មែរ ដូចជា៖ នំខ្ញី នំជើងតាំង នំពងទា...។ល។ សម្រាប់ទទួលភ្ញៀវ ជូនយាយតា ឪពុកម្ដាយចាស់ទុំនិងយកទៅវត្ត។ កាលពីមុន គ្រួសារក្រលំបាក ដូច្នេះបងស្រីថានីតែងតែទៅជួយធ្វើនំមាមីង រួចក៏បាននំមកផ្ទះហូប។ ម្ល៉ោះហើយ ឱ្យតែឃើញមាមីងជិតខាងធ្វើនំគឺបងស្រីទៅជួយ រួចហើយក៏សាកសួរពីវិធីលាយម្សៅ។ ជួយធ្វើនំផង បងស្រីជួយលាយម្សៅផង ដូច្នេះទើបដឹងពីវិធីធ្វើនំជើងតាំងមានរសជាតិឆ្ងាញ់។
![ជីវភាពលំនឹងដោយសាររបរធ្វើនំជើងតាំង](https://baocantho.com.vn/image/fckeditor/upload/2023/20231030/images/khmer/44.jpg)
នំជើងតាំងដែលបងស្រីថាច់ថានីធ្វើ។
ក្នុងចំណោមនំប្រពៃណី បងស្រីថានី ចូលចិត្តធ្វើនំជើងតាំងបំផុត ពីព្រោះវាមានជើង ៥ ងាយធ្វើនិងគ្រឿងផ្សំក៏សាមញ្ញ។ នំជើងតាំង ក្រៅពីគ្រឿងផ្សំសំខាន់ៗរបស់វា ដូចជា៖ សណ្ដែកខៀវ ស្ករ ទឹកខ្ទិះដូង រមៀត ដើម្បីឱ្យសម្បកនំស្អាតស្រួយ និងក្រអូប គឺត្រូវតែបន្ថែមស៊ុត និងម្សៅ Vani។ សណ្ដែកខៀវក្រោយពីលីងឆ្អិន ហើយយកទៅកិនឱ្យម៉ត់ (ចោលឬទុកសម្បកគឺតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ) ច្របល់លាយជាមួយនឹងទឹកខ្ទិះដូង ទឹកស្កររំងាស់ (ខាប់ល្មម) រហូតដល់សណ្ដែកទន់ល្មម។ បន្ទាប់មកលេញម្សៅសណ្ដែកឱ្យទៅជាខ្សែវែងៗ ប៉ុនៗចង្កឹះដើម្បីច្នៃធ្វើនំ។ នំមានជើង ៥ មានរូបភាពស្រដៀងនឹងតាំង ម្ល៉ោះហើយ មាមីងខ្មែរតែងហៅថានំជើងតាំង។ បងស្រីថានី ចែករំលែក៖ “ដើម្បីនំមានរសជាតិឈ្ងុយឆ្ងាញ់ ស្រួយគឺត្រូវតែធានា ១ គីឡូក្រាមសណ្ដែកខៀវ ជាមួយស្ករ ៧០០ ក្រាម; ចំណែកសម្បកនំវិញ ធ្វើពីម្សៅដំណើប ម្សៅមីស៊ុតទា រមៀតនិងដាក់ម្សៅ Vani បន្តិចឱ្យក្រអូប។ ចាក់ទឹកត្រជាក់ច្របល់ចូលម្សៅស៊ុតនិងរមៀតចូលគ្នាឱ្យល្មម (កុំឱ្យខាប់ឬក៏រាវពេក) ជ្រលក់នំចូលទៅក្នុងម្សៅលាយ បន្ទាប់មកដាក់ចូលឆ្នាំងឬក៏ខ្ទះខ្លាញ់ដែលពុះ។ នៅពេលដែលនំក្នុងឆ្នាំងឬខ្ទះខ្លាញ់ពុះហើយមានពណ៌លឿងរមៀត គឺនំនោះឆ្អិនហើយ”។
ជាង២០ឆ្នាំមកនេះ ជាមួយថ្វីដៃដ៏ប៉ិនប្រសប់ បងស្រីបង្កើតបាននំជើងតាំងដ៏មានរសជាតិឆ្ងាញ់ ផ្អែមនិងល្អមើល ដូច្នេះនរណាក៏ចូលចិត្តដែរ។ ដូច្នេះហើយ មាមីងជាច្រើនមករកបង ដើម្បីកម្មង់នំក្នុងឱកាសថ្ងៃដែលមានបុណ្យទាន មានបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរជាដើម។ បងស្រីថានី ឱ្យដឹង៖ “ក្នុងរដូវភ្ជុំបិណ្ឌ (សែនដូនតា) ឬបុណ្យចូលឆ្នាំថ្មីគឺខ្ញុំធ្វើជិត ១០០ គីឡូក្រាមសណ្ដែក ជាមួយរាប់ពាន់នំជើងតាំងដើម្បីចែកចាយម៉ូយនៅផ្សារអំពូយារលក់ឱ្យមាមីងក្នុងភូមិស្រុក។ ជាធម្មតា ១០ នំខ្ញុំលក់ដុំគឺតម្លៃ៤០.០០០ ដុង (លក់ឱ្យម៉ូយគេយកច្រើន) និងលក់រាយឱ្យមាមីងខ្មែរក្នុងភូមិតម្លៃ ៥០.០០០ ដុង/១០នំ។ ជាពិសេស នៅពេលដែលមាមីងខ្មែររៀបចំធ្វើបុណ្យកឋិនទាន បុណ្យពុទ្ធាភិសេកជាដើម។ល។ គឺមករកខ្ញុំកម្មង់នំជើងតាំងសម្រាប់ទទួលភ្ញៀវ។ ជាច្រើនឆ្នាំមកនេះ ដោយសារតែរបរធ្វើនំជើងតាំងបានជួយឱ្យគ្រួសារខ្ញុំរកបានចំណូលលំនឹងជីវភាព មិនដើរស៊ីឈ្នូលដូចកាលពីមុនទៀតឡើយ”៕
យ្វីអាញ-មេងលី