សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានបង្កើតនៅឆ្នាំ ១៩៩៣។ ចាប់ពីពេលនោះមក សមាគមមានសកម្មភាពសហការជាច្រើន រួមដំណើរនិងអភិវឌ្ឍជាមួយជនរួមជាតិខ្មែរលើភូមិសាស្រ្តក្រុង។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនស្រុកកើ-ដ ប្រគល់ទូក-ងដល់វត្តសេតុត្តរ។ រូប៖ សហការី
បច្ចុប្បន្ន ក្រុងកឹងធើ មានជនជាតិភាគតិចចំនួន ២៥ ជនជាតិ ដោយមានចំនួនមនុស្សជាង ៣៨.០០០ នាក់ រស់នៅលាយឡំគ្នានៅតាមខ័ណ្ឌ ស្រុកទាំង៩។ ក្នុងនោះ ជនរួមជាតិខ្មែរច្រើនបំផុត ដោយមានចំនួនមនុស្សជាង ២០.០០០ នាក់។ ទូទាំងក្រុងមានវត្តខ្មែរ១២វត្ត ដោយមានព្រះសង្ឃ ១៣០ អង្គ មានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ១ និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរ មានទីតាំងនៅខ័ណ្ឌអូរម៉ូង។ ព្រះតេជព្រះគុណ បណ្ឌិត លីហុង អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ វិទ្យាធិការរងនៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរ មានថេរដីកា៖ រយៈពេលកន្លង សមាគមបានសហការជាមួយនឹងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនភូមិភាគ អនុវត្តល្អការងារឃោសនា ផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋក្នុងព្រះសង្ឃ គណៈកម្មការវត្តនិងពុទ្ធសាសនិក ពិសេសគឺគោលការណ៍ គោលនយោបាយដែលជាប់ពាក់ព័ន្ធដល់ជនជាតិ និងសាសនា។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនស្រុកកើ-ដ ជូនអំណោយបុណ្យសែនព្រះខែនៅសាលាបឋមសិក្សាទ្រុងថាញ់៤។ រូប៖ សហការី
ជាមួយនឹងស្មារតីព្រះធម៌រួមដំណើរជាមួយជនជាតិ រយៈពេលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង បានសហការណែនាំជនរួមជាតិខ្មែរអភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹម; រៀបចំវគ្គហ្វឹកហ្វឺន និងផ្ទេរវិទ្យាសាស្ត្រ - បច្ចេកទេសជឿនលឿនលើវិស័យ ដាំដុះ ចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ រៀបចំបើកថ្នាក់បង្រៀនរបរដាំផ្កាលម្អ កាត់ដេរ បង្រៀនកុំព្យូទ័រ និងជួសជុលម៉ូតូ ។ល។ ដល់ព្រះសង្ឃនិងជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ បង្កើតការងាររកស៊ី រួមចំណែកយ៉ាងសកម្ម និងលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពដល់ជនរួមជាតិ ។ល។ មានគម្រោងជាច្រើនបានផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ បាននាំមកនូវប្រសិទ្ធភាពខ្ពស់។ តួយ៉ាងដូច គម្រោង៖ បង្រៀនវិជ្ជាជីវៈនិងអក្សរខ្មែរដល់ជនរួមជាតិខ្មែរនៅស្រុកកើ-ដ; បង្រៀនរបរធ្វើស្រែផ្ដល់ទិន្នផលខ្ពស់ និងបង្រៀនរបរត្បាញកំប្លោកដល់ជនរួមជាតិជាដើម។
ច្រើនឆ្នាំមកនេះ នៅតាមវត្តអារាម និងព្រះសង្ឃក្នុងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ក្រុងកឹងធើ ក៏បានបើកថ្នាក់រៀនភាសាបាលី - ធម្មវិន័យ និងភាសាខ្មែរជាច្រើនថ្នាក់នៅក្នុងវត្ត។ សមាគមក៏បានកៀរគរព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះខាងភាសាខ្មែរ ភាសាបាលី យកព្រះទ័យទុកដាក់ដល់ការបង្រៀន និងរៀនភាសាបាលី-ខ្មែរ នៅតាមវត្តអារាមដល់ព្រះសង្ឃនិងកូនចៅរបស់ជនរួមជាតិខ្មែរ ដើម្បីអភិរក្សនិងពង្រីកតម្លៃភាសា អក្សរសាស្រ្តរបស់ជនជាតិ។ ផ្តើមពីនោះ បង្កើតទៅជាចលនារៀនសូត្រទាំងចំណេះដឹងភាសាជនជាតិនិងចំណេះដឹងទូទៅ រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រជាបញ្ញា និងរក្សាអត្តសញ្ញាណវប្បធម៌ក្នុងជនរួមជាតិខ្មែរ៕
ថាញ់ឡុង- វិមាន