ច្រើនឆ្នាំកន្លង នៅស្រុកវិញថាញ់ ក្រុងកឹងធើ មានកសិករជាច្រើនបានរវៀសរវៃផ្លាស់ប្តូរ ទម្រង់ផលិតកម្មសមស្រប បង្កើនប្រាក់ចំណូលជូនគ្រួសារ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ លេចធ្លោបំផុត មានទម្រង់ដាំទៀបថៃរបស់គ្រួសារលោកង្វៀងវ៉ាន់មុាំង នៅភូមិវិញថាញ់ ឃុំវិញទ្រិញ។
ចម្ការទៀបថៃរបស់លោកង្វៀងវ៉ាន់មុាំង កំពុងចេញក្តឹប។
ដោយមានផ្ទៃដីជាង ៤.០០០ម២ គ្រួសារ លោកង្វៀងវ៉ាន់មុាំង បានអនុវត្តទម្រង់ផលិតជាច្រើន ដូចជាធ្វើស្រែ ចិញ្ចឹមបង្គា ចិញ្ចឹមត្រី។ល។ ប៉ុន្តែតម្លៃមិនលំនឹង ម្ល៉ោះហើយប្រាក់ចំណូលមិនទៀងទាត់។ លុះដល់ឆ្នាំ ២០១៦ ឆ្លងតាមរយៈមិត្តភ័ក្តិឧទ្ទេសនាមអំពីប្រសិទ្ធភាពនៃដំណាំទៀបថៃ គាត់ក៏ទិញដើមទៀប ១៥០ ដើម មកដាំសាកល្បងលើដីចម្ការខាងក្រោយផ្ទះប្រមាណ១.០០០ម២។ ក្នុងដំណាក់កាលថែទាំ គាត់បានរៀនសូត្រពីមិត្តភ័ក្តិ និងសន្សំបានបទពិសោធន៍បន្ថែមពីបច្ចេកទេសថែទាំ ដាក់ជី បង្ការទប់ស្កាត់សត្វល្អិតបំផ្លាញ ។ល។ លោក ង្វៀងវ៉ាន់មុាំង ឱ្យដឹង៖ “ដីនៅតំបន់នេះសម្បូរដីល្បាប់ សមស្របជាមួយនឹងដំណាំទៀបថៃ ឆាប់ធំនិងលូតលាស់ល្អ។ ម្យ៉ាងទៀត ដើមទៀបថៃមិនមែនជាប្រភេទដំណាំពិបាកដាំដូចប្រភេទដំណាំផ្សេងទៀត ចំណែកការថែទាំ ដាក់ជី ស្រោចទឹក ឬបង្ការទប់ស្កាត់សត្វល្អិតវិញ ក៏មិនសូវបង់កម្លាំងថែទាំនិងបង់កម្រៃច្រើនដែរ ប្រការសំខាន់គឺត្រូវគ្រប់គ្រងចៃក្រមួននិងសត្វពីងពាងក្រហមឱ្យបាន មិនដូច្នេះទេ គុណភាពផ្លែមិនបានល្អ”។
ក្រោយពីដាំបាន២ឆ្នាំ ទៀបចាប់ផ្តើមចេញផ្លែ មានន័យថា គ្រួសារមានប្រភពចំណូលពីទម្រង់នេះចាប់ពីឆ្នាំទី៣ទៅ ដើមទៀបធំពេញកម្លាំងផ្លែកាន់តែច្រើន ផ្តល់ប្រាក់ចំណូលកាន់តែខ្ពស់ដែរ។ ក្នុងមួយឆ្នាំប្រមូលផលផ្លែទៀបបាន២លើក គឺនៅពាក់កណ្តាលឆ្នាំម្តងនិងចុងឆ្នាំម្តង រយៈពេលចាប់ចេញផ្ការហូតដល់ប្រមូលផលប្រមាណ៤ខែ។ ក្រោយពីប្រមូលផលរួច ត្រូវកាត់មែកនិងដាក់ជី ដើម្បីដើមវាលូតលាស់និងចេញផ្កាថ្មីបន្ត។ តាមប្រសាសន៍លោកមុាំង ដើម្បីធានាផ្លែទៀបធំមូលនិងរលោងស្អាត គឺក្នុងអំឡុងពេលចេញផ្លែ ត្រូវជ្រើសរើសផ្លែណា ដែលធំមូលស្មើ កាត់ចោលផ្លែដែលមានទម្រង់មិនមូល គាត់ហៅថា ផ្លែមានទម្រង់ “កោះមាន់”។ ពេលផ្លែធំប៉ុនកដៃត្រូវស្រោបផ្លែ ដើម្បីចៀសវាងសត្វល្អិតទិចផ្លែ ធ្វើបានដូច្នេះទើបក្នុងពេលចិញ្ចឹមផ្លែ និងប្រមូលផលសម្រេចបានទិន្នផលនិងបរិមាណផល មធ្យមភាគក្នុងមួយផ្លែ មានទម្ងន់ពី ០,៥-១ គីឡូក្រាម មានផ្លែខ្លះទម្ងន់ឡើងដល់ ១,២ គីឡូក្រាមឯណោះ។ ជាមួយនឹងដើមទៀប ១០០ ដើម គ្រួសារគាត់ប្រមូលផលមួយលើកៗបានពី ១,២-១,៥ តោន អាស្រ័យទៅតាមដំណាក់កាលទីផ្សារដែលឈ្មួញប្រមូលទិញដោយតម្លៃពី ៣០.០០០ - ៥០.០០០ ដុង/គីឡូក្រាម ក្រោយទូទាត់រួចស្រេច គ្រួសារគាត់ចំណេញពី ៣០ - ៣៥ លានដុងក្នុងមួយរដូវ។
ដោយសង្កេតឃើញទម្រង់នេះមានប្រសិទ្ធភាព ឆ្នាំ ២០១៩ លោកមុាំង បន្តកែលម្អដីទំនប់និងពង្រីកផ្ទៃដីជិត ៣.០០០ម២ ដាំបន្ថែម ៣០០ ដើមទៀត។ បច្ចុប្បន្ន ជាមួយនឹងដើមទៀបជាង ៤០០ ដើម គ្រួសារលោកមុាំងរកបានប្រាក់ចំណូលពី ២០០-២៥០ លានដុងរៀងរាល់ឆ្នាំ រីឯថ្លៃជីនិងថ្នាំមិនដល់ ២០ លានដុងផង នេះជាប្រភពចំណូលមិនតិចចំពោះផ្ទៃដីកសិកម្ម តែជាង៤.០០០ ម២។ ដំណាក់កាលនេះ ចម្ការទៀបថៃរបស់គ្រួសារលោកមុាំង កំពុងចេញក្តឹប តាមការរំពឹងទុក នឹងប្រមូលផលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។ ដើម្បីធានាប្រភពប្រាក់ចំណូលក្នុងរដូវបុណ្យចូលឆ្នាំថ្មីវៀតណាម គាត់កំពុងសកម្មថែទាំ ដាក់ជី និងបង្ការទប់ស្កាត់សត្វល្អិតបំផ្លាញ ដោយសង្ឃឹមថានឹងផ្ដល់ទិន្នផលនិងបរិមាណផលខ្ពស់បំផុត។ ចាប់ពីថ្ងៃអនុវត្តទម្រង់ដាំទៀបថៃមក គ្រួសារគាត់មានប្រភពចំណូលលំនឹង ជីវភាពបានធូរធារឡើងជាលំដាប់ផងដែរ៕
កាសែតកឹងធើ-វិមាន