បងថាច់ហាក់ នៅភូមិត្រាបេប ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង ធ្វើមានដោយទម្រង់ចិញ្ចឹមគោទឹកដោះ និងដាំដំណាំឈើហូបផ្លែ។
បងហាក់ កំពុងស្រោបផ្លែត្របែក ម្ល៉ោះហើយផ្លែត្របែកមានគុណភាពឆ្ងាញ់។
ក្រោយពី៣ឆ្នាំធ្វើជាអ្នកបើកបរប្រាក់ ចំណូលមិនលំនឹង បងថាច់ហាក់ ក៏សម្រេចចិត្តវិលមកស្រុកកំណើតរកស៊ីវិញ។ ដោយសារបានសម្ព័ន្ធយុវជនឃុំថាមដូង ឧបត្ថម្ភរៀនវគ្គចិញ្ចឹមសត្វ និងដាំដុះ គាត់ក្តាប់បានបច្ចេកទេស ម្ល៉ោះហើយក៏ជ្រើសទម្រង់ចិញ្ចឹមគោទឹកដោះដើម្បីធ្វើមាន។ ឆ្នាំ២០១៤ គាត់វិនិយោគចិញ្ចឹមគោទឹកដោះ៣ក្បាល ក្រោយពីជាង១ឆ្នាំ គោចាប់ផ្តើមផ្តល់ទឹកដោះ។ បងថាច់ហាក់ ឱ្យដឹង៖ “ចិញ្ចឹមគោទឹកដោះហត់ណាស់ ផ្ទុយមកពេលគោផ្តល់ទឹកដោះគឺរកបានប្រាក់ចំណូលរាល់ថ្ងៃ។ ក្នុងមួយថ្ងៃយកទឹកដោះ២លើក មធ្យមភាគក្នុង១ក្បាលផ្តល់ទឹកដោះពី១៣ដល់២៥គីឡូក្រាម/ថ្ងៃ លក់ដោយតម្លៃ១៦.៥០០ដុង/គីឡូក្រាម អូសបន្លាយពី១ឆ្នាំដល់១ឆ្នាំកន្លះ (អាស្រ័យទៅលើពូជគោ)។ បច្ចុប្បន្ន គោ៥ក្បាល កំពុងផ្តល់ទឹកដោះ ក្រោយពីទូទាត់រួចស្រេចខ្ញុំនៅចំណេញជាង៥លានដុង/សប្តាហ៍”។
ទម្រង់ចិញ្ចឹមគោទឹកដោះ បានជួយឱ្យបងថាច់ហាក់ធ្វើមាននៅតំបន់ជនបទ។
ផ្តើមពីការប្តេជ្ញាចិត្តធ្វើមាននៅលើទឹកដី ស្រុកកំណើតនៅពេលសម្ព័ន្ធយុវជនឃុំបង្កលក្ខណៈឱ្យបុលទុន១០០លានដុង បងហាក់ ក៏បានពង្រីករោងចិញ្ចឹមគោ។ បច្ចុប្បន្ន គាត់មានគោទឹកដោះឡើងដល់១១ក្បាល ក្នុងនោះ គោ៦ក្បាលជិតកើតកូន និង៥ក្បាលកំពុងផ្តល់ទឹកដោះ។ តាមសម្ដីបងហាក់ ចិញ្ចឹមគោទឹកដោះ ត្រូវឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកក្នុងការថែទាំ ទើបគោធំធាត់ល្អនិងផ្តល់ទឹកដោះច្រើន ជានិច្ចកាលរោងគោត្រូវស្អាតបាត ស្រឡះស្រឡំ ចំណីត្រូវធានាមានជាតិបំប៉នគ្រប់គ្រាន់ ហេតុនោះ ក្រៅពីឱ្យស៊ីចំណីសត្វតាមការកំណត់របស់ក្រុមហ៊ុន ត្រូវតែធានាមានស្មៅស្រស់ឱ្យស៊ីទៀតផង។ បងហាក់ ឱ្យដឹង៖ “បច្ចុប្បន្ន ខ្ញុំដាំស្មៅ៤កុងសម្រាប់ឱ្យគោស៊ី ហេតុនោះ ពេលព្រឹក ក្រោយពីលក់ទឹកដោះរួច ខ្ញុំទៅកាត់ស្មៅរហូតដល់ម៉ោងប្រហែល១១ទើបមកផ្ទះវិញ។ ក្រៅពីនោះ រោងគោចាំបាច់ត្រូវកម្ចាត់មេរោគជារឿយៗ និងចាក់ថ្នាំបង្ការជំងឺច្រើនប្រភេទ ដូចជា៖ ជំងឺកកឈាម អុតក្តាម និងជំងឺដុំពកស្បែក។ល។ ដោយថែទាំគោយ៉ាងហ្មត់ចត់ ហេតុនោះពេលគោមានរោគសញ្ញាគឺព្យាបាលបានទាន់ពេល។ ក្នុងអំឡុងពេលព្យាបាលគោ ចាំបាច់ត្រូវប្រើប្រភេទវ៉ាក់សាំងនិងថ្នាំដែលមិនរងផលប៉ះពាល់គុណភាពទឹកដោះ”។ ក្រៅពីនោះ មុនពេលយកទឹកដោះ ត្រូវអនាម័យរោងនិងគោឱ្យបានស្អាតបាត យកកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗជូតដោះគោឱ្យជ្រះស្អាត រួចទើបច្របាច់ទឹកដោះ; ធុងដាក់ទឹកដោះក៏ត្រូវលាងឱ្យជ្រះស្អាត និងកម្ចាត់មេរោគតាមការកំណត់របស់ក្រុមហ៊ុនផងដែរ។ ប្រសិនបើមិនធានាជ្រះស្អាត ទឹកដោះមានសារធាតុកខ្វក់ មិនគ្រប់គុណភាព គឺក្រុមហ៊ុនមិនទិញឡើយ។
ក្រៅពីនោះ បងហាក់នៅទាំងដាំត្របែកជិត២កុងដី គួបផ្សំជាមួយនឹងចិញ្ចឹមមាន់ ទា និងជីកស្រះចិញ្ចឹមត្រីដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតផង។ បងហាក់ ឆ្លៀតប្រើប្រាស់លាមកគោធ្វើជីសម្រាប់ដាក់ដើមត្របែក ហេតុនោះដើមត្របែកលូតលាស់ល្អ ផ្លែច្រើន និងមានរសផ្អែមឆ្ងាញ់។ ទម្រង់ចិញ្ចឹមគោនិងដាំដំណាំឈើហូបផ្លែ ជួយឱ្យបងហាក់ រកបានប្រាក់ចំណូលរាប់រយលានដុង/ឆ្នាំ ម្ល៉ោះហើយត្រូវបានសម្ព័ន្ធយុវជនឃុំជ្រើសធ្វើជាគំរូ ដើម្បីបើកទូលាយដល់សមាជិកសម្ព័ន្ធយុវជនខ្មែរដទៃទៀត៕
លីធាន-វិមាន