មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/06/2023 - 08:09

ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​

មុន​នេះ​៥ឆ្នាំ​ គ្រួ​សារ​បង​យឿង​វ៉ាន់​ហុង​ នៅ​ភូមិ​ទៀវ​ ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ក្រីក្រ​។ ប៉ុន្តែ​ឥឡូវ​គ្រួសារ​បង​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ដោយ​សារ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ផលិត។

  ប្តី​ប្រ​ព័ន្ធ​បង​យឿង​វ៉ាន់​ហុង​ ថែ​ទាំ​ដំ​ណាំ​ត្រ​ចៀក​ក្រាញ់ ដាំក្នុង​រោង​សំ​ណាញ់។

តាម​សម្ដី​បង​យឿង​វ៉ាន់​ហុង​ អា​ស្រ័យ​បាន​សមា​គម​ក​សិករឃុំ​ឧទ្ទេស​នាម​ទៅ​ចូល​រួម​ហ្វឹក​ហ្វឺន​ពី​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ទើប​បង​មិន​ញញើត​អនុវត្ត​បច្ចេក​វិទ្យា​ ៤.០ ទៅ​ក្នុង​ការ​ដាំ​ដំ​ណាំ​ត្រ​ចៀក​ក្រាញ់​និង​ត្រ​កួន។ ផ្តើម​ពី​នោះ​ គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់។ បង​ហុង​ ឱ្យ​ដឹង៖ “ដើម​ឆ្នាំ​ ២០១៨ ខ្ញុំ​ចាប់​ផ្តើម​កែ​ប្រែ​ និង​បង្វែរ​ដី​ស្រែ​ទាំង​ ៤ កុង​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ។ រដូវ​ដំបូង​ខ្ញុំ​ដាំ​ត្រ​សក់​ ពេល​ប្រ​មូល​ផល​ត្រ​សក់​លក់​ក្នុង​តម្លៃ​ពី​ ១០.០០០-១៥.០០០ ដុង​/គីឡូ​ក្រាម។ ជា​មួយ​នឹង​តម្លៃ​ដូច​ពោល​ខាង​លើ ខ្ញុំ​ប្រ​មូល​បាន​ដើម​ទុន​វិនិ​យោគ​មក​ និង​រក​បាន​ប្រាក់​ចំ​ណេញ​មួយ​ចំ​នួន”។

បច្ចុប្បន្ន​ គ្រួសារ​បង​ហុង​កំ​ពុង​ដាំ​ដំ​ណាំ ៣ ប្រ​ភេទ​គឺ៖ ដំ​ណាំ​ត្រ​កួន​ ត្រ​សក់​ និង​ត្រ​ចៀក​ក្រាញ់ ក្នុង​មួយ​ឆ្នាំ​អាច​ដាំ​បាន​ពី​ ២-៣ រដូវ​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ជូន​គ្រួសារ​ប្រ​មាណ​ពី​ ៤០-៥០ លាន​ដុង​/រដូវ​។ បង​ហុង​ ឱ្យ​ដឹង​បន្ថែម៖ “ដាំដំ​ណាំ​រួម​ផ្សំ​ចាំ​បាច់​ត្រូវ​ចំ​ណាយ​ពេល​ថែ​ទាំ​ច្រើន​ជាង​ការ​ធ្វើ​ស្រែ ប៉ុន្តែ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​ជា​មួយ​នឹង​ការ​ធ្វើ​ស្រែ។ ទោះ​បី​មាន​ពេល​ខ្លះ​ប្រ​ឈម​នឹង​តម្លៃ​ទីផ្សារ ប៉ុន្តែ​អាច​យក​ប្រ​ភេទ​ដំ​ណាំ​នេះ​ប៉ះ​ប៉ូវឱ្យ​ដំ​ណាំ​ផ្សេង។ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​នៅ​ទាំង​បាន​សមា​គមក​សិករ​ឃុំ​ឧទ្ទេស​នាម​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ ៤០ លាន​ដុង​ និង​ប្រាក់​គ្រួសារ​ប្រិត​សំ​ចៃ​បន្ថែម​ ដើម្បី​សាង​សង់​រោង​សំ​ណាញ់​ និង​បំ​ពាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព អា​ស្រ័យ​មាន​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា​ ៤.០ គ្រួ​សារ​ ខ្ញុំ​ក៏​កាត់​បន្ថយ​ការ​ចំ​ណាយ​បាន​ច្រើន”។

បង​ហុង​ គ្នេរ​គ្នាន់​ក្នុង​អំ​ឡុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ២០២៣ គាត់​ដាំ​បាន​ត្រ​កួន​ ៣ កុង​ និង​ត្រ​ចៀក​ក្រាញ់ ១ កុង។ បច្ចុប្បន្ន​ ត្រ​កួន​មាន​តម្លៃ​ ៥.០០០ ដុង​/គី​ឡូ​ក្រាម ក្នុង​មួយ​ថ្ងៃ​គាត់​កាត់​លក់​ជាង​ ១០០ គី​ឡូ​ក្រាម ហេតុ​នោះ​ក្នុង​រដូវ​នេះ​ គ្រាន់​តែ​គិត​ដោយ​ឡែក​ដំ​ណាំ​ត្រ​កួន​ គ្រួសារ​បង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៤០ លាន​ដុង​ទៅ​ហើយ។ ចំ​ណែក​ត្រ​ចៀក​ក្រាញ់​ស្រែ ១ កុង​ ក្នុង​មួយ​ថ្ងៃ​ប្រ​មូល​ផល​បាន​ ៣គីឡូ​ក្រាម លក់​ក្នុង​តម្លៃ​ ២០.០០០ ដុង​/គី​ឡូ​ក្រាម ក្រោយ​ពី​ទូទាត់​នៅ​ចំ​ណេញ​បាន​ ១,៥ លាន​ដុង​រៀង​រាល់​ខែ។

លោក​ យឿង​ហ៊ឹង អនុ​ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ដា​ឡុក​ ឱ្យ​ដឹង​៖ “បង​ហុង​ ជា​កសិករ​មួយ​រូប​ក្នុង​ចំ​ណោម​កសិករ​គំ​រូ មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ។ នេះ​ជា​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​នៅ​ភូមិ​ភាគ​ ក្នុង​ពេល​ខាង​មុខ​ សមា​គម​នឹង​ចលនា​សមា​ជិក​កសិករ​របស់​ឃុំ​ដែល​មាន​លក្ខ​ណៈ​ ដើម្បី​បើក​ទូលាយ​ទម្រង់។ ទន្ទឹម​នឹង​នោះ​ បង្កើន​កិច្ច​សហ​ការ​ជា​មួយ​នឹង​ផ្នែក​ឯក​ទេស​ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្ទេរ​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​អំ​ពី​ការ​ដាំដុះ​ ចិញ្ចឹម​សត្វ​ ជួយ​ឱ្យ​កសិករ​កៀក​ជិត​នឹង​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ បង្កើន​ប្រាក់​ចំ​ណូល”៕

                              សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ