|
បងស្រីថាច់ធីហ្វែ។ |
បងស្រីថាច់ធីហ្វែ ជាប្រធានសាខាសមាគមនារីភូមិទ្រឿងតៃ ឃុំទ្រឿងថាញ ស្រុកថើយឡាយ ក្រុងកឹងធើ។ បងស្រី តែងបានសមាជិកក្នុងសមាគមគោរពរាប់អាន និងថ្នាក់លើទំនុកចិត្ត អាស្រ័យការអស់ពីចិត្តពីថ្លើមជាមួយនឹងការងារសមាគម។
អាយុជាង ៥០ ឆ្នាំ បងស្រីហ្វែទើបស្គាល់ភាពកក់ក្តៅជាអ្នកមានផ្ទះសម្បែង និងជីវភាពបានធូរធារ ម្ល៉ោះហើយបងស្រីតែងថ្នាក់ថ្នមអ្វីដែលខ្លួនមាន។ ទន្ទឹមនឹងនោះ បងស្រីតែងមិនភ្លេចនូវគុណូបការៈដែលសមូហភាព បុគ្គល បង្កលក្ខណៈឱ្យបងស្រីមានជីវភាពលំនឹងដូចសព្វថ្ងៃ។ បងស្រីហ្វែ រ៉ាយរ៉ាប់៖ “ខ្ញុំនៅឃុំឌិញម៉ូង មានប្ដីនៅភូមិទ្រឿងតៃ ឃុំទ្រឿងថាញ់។ ផ្ទះឪពុកម្ដាយខ្ញុំក្រ ផ្ទះខាងប្ដីក៏មិនធូរធារប៉ុន្មាន បានជាពេលចេញនៅដោយឡែក បានចំណែកត្រឹមដីធារផ្ទះមួយធារសម្រាប់សង់ផ្ទះប៉ុណ្ណោះ។ អាស្រ័យវ័យនៅក្មេង ប្ដីប្រពន្ធខ្ញុំពីរនាក់ក៏ខំប្រឹងប្រែងធ្វើការឈ្នួលហើយសង់បានផ្ទះគ្រាន់ជាកន្លែងស្នាក់នៅ។ ប៉ុន្តែនៅពេលកើតបានកូន ២ នាក់ ជីវភាពរឹតតែលំបាកខ្លាំង។ ពីព្រោះប្ដីតែម្នាក់ឯងទៅធ្វើការឈ្នួល ម្ល៉ោះហើយជីវភាពតែងខ្វះមុខខ្វះក្រោយ”។
រហូតដល់ពេលបងស្រីហ្វែ បានសាខាសមាគមនារីភូមិ ចលនាបងស្រីចូលសមាគមហើយបានសមាគមនារីឃុំឧទ្ទេសនាមបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ដើម្បីធ្វើដើមទុនលក់ដូរ ទើបជីវភាពគ្រួសារបងស្រីបានលំនឹងបន្តិចម្ដងៗ។ ក្រោយមកបានភូមិភាគពិនិត្យជំនួយសង់ផ្ទះមហាសាមគ្គី ជំនួសផ្ទះចាស់ដែលទ្រុឌទ្រោម ជីវភាពគ្រួសារបងស្រីក៏ល្អប្រសើរឡើង។
បងស្រី ថាច់ធីហ្វែ (អ្នកឈរខាងស្ដាំ) កំពុងបង្ហាញពីរបៀបធ្វើនំដល់សិស្សានុសិស្សសាលាបឋមសិក្សា ឌិញម៉ូង ២ ឃុំឌិញម៉ូង ស្រុកថើយឡាយ។
បងស្រីម៉ាយធូដុង ប្រធានសមាគមសហព័ន្ធនារីឃុំទ្រឿងថាញ់ ឱ្យដឹង៖ “បងស្រីហ្វែ គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដែលប្រើប្រាស់ទុនបុលអនុគ្រោះប្រកបដោយប្រសិទ្ធភាព។ ការឧបត្ថម្ភរបស់រដ្ឋបានជួយគ្រួសារបងស្រី ចាកផុតពីភាពក្រីក្រដោយចីរភាព។ ចាប់តាំងពីចាកផុតពីភាពក្រីក្រ កូនគាត់ពីរនាក់បានរៀនចប់វិទ្យាល័យនិងមានការងារធ្វើលំនឹង បងស្រីហ្វែ ក៏មានពេលវេលាសម្រាប់ការងារសមាគមច្រើនជាង។ ជាពិសេស គឺការកៀរគរបងប្អូននារីខ្មែរចូលសមាគម ប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងទម្រង់ប្រកបការងារចិញ្ចឹមជីវិតសមស្រប”។
បងស្រីហ្វែ ចែករំលែកបន្ថែម៖ “ក្នុងសាខាសមាគមនារីភូមិទ្រឿងតៃ នៅមានបងប្អូននារីឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រត្រឹមតែពីរបីគ្រួសារប៉ុណ្ណោះ។ យើងខ្ញុំកំពុងស្វែងរកទម្រង់ប្រកបការងារចិញ្ចឹមជីវិតសមស្រប ដើម្បីបងប្អូននារីអនុវត្តក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ។ ដ្បិតអី ខ្ញុំយល់ឃើញថា មិនមែនអ្នកណាក៏ចេះជួញដូរទាំងអស់នោះទេ។ អាស្រ័យហេតុនោះ ទើបយើងខ្ញុំមានការពិគ្រោះយោបល់ជូនបងប្អូននារីដាំបន្លែបង្ការ ចិញ្ចឹមសត្វជាដើម។ ឃើញបងប្អូននារីចាកផុតពីភាពក្រីគ្រប់គ្នា គឺខ្ញុំត្រេកអរណាស់ ពីព្រោះខ្ញុំធ្លាប់ស្ថិតក្នុងស្ថានភាពនេះ ទើបខ្ញុំយល់ហើយតែងតែរកវិធីដើម្បីជួយដល់ពួកគាត់”៕
ហាថាញ-ថាច់ធី