ខេត្តសុកត្រាំង កំពុងខ្នះខ្នែងផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី ដើម្បីចុងឆ្នាំ ២០២៣ មាន ៧០/៨០ ឃុំសម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មាន ២២ ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូចំនួន ២ និងមានអង្គភាពថ្នាក់ស្រុកចំនួន ៥ បញ្ចប់ភារកិច្ចកសាងជនបទថ្មី។
ផ្លូវគមនាគមន៍ជនបទឃុំថាមដូង ត្រូវបានវិនិយោគកសាងសម្រេចរួចរាល់។
ឆ្នាំ ២០២២ ខេត្តសុកត្រាំង មាន ៦៤/៨០ ឃុំសម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មាន ១៦ ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ និងមានអង្គភាពចំនួន ៣ គឺទីរួមខេត្តង៉ាណាម ទីរួមខេត្តវិញចូវ និងស្រុកមីស្វៀង បានបញ្ចប់ភារកិច្ចកសាងជនបទថ្មី។ សរុបប្រភពទុនអនុវត្តកសាងជនបទថ្មីលើភូមិសាស្ត្រខេត្ត ជិត ៩.៨៦២,៤ ពាន់លានដុង។ លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឱ្យដឹង៖ “ជាមួយនឹងស្មារតីមោះមុត ម្ចាស់ការនិងប្រកបដោយគំនិតច្នៃប្រតិដ្ឋ” ភូមិភាគនានាអនុវត្តយ៉ាងហ្មត់ចត់ មានប្រសិទ្ធភាព ធ្វើឱ្យកាន់តែជាក់ច្បាស់នូវគោលការណ៍ ប្រជាជនគឺជាមជ្ឈមណ្ឌល ជាតួអង្គដ៏សំខាន់ក្នុងការកសាងជនបទថ្មី។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនបទ ត្រូវបានធ្វើឱ្យសុក្រឹតពីមួយថ្ងៃទៅមួយថ្ងៃ; ប្រាក់ចំណូលរបស់ប្រជាជនកើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ; ប្រព័ន្ធសុខាភិបាលនិងការអប់រំត្រូវបានកែលម្អ; អត្រាគ្រួសារក្រីក្រកាត់បន្ថយជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ…”។
សាលារៀននៅឃុំត្វឹងទឹក កន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ ត្រូវបាន
វិនិយោគកសាងយ៉ាងសមរម្យ។
យោងតាមប្រសាសន៍លោក ង្វៀងថាញលីម ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវ ទីរួមខេត្តបានអនុវត្តបញ្ចប់ភារកិច្ចកសាងជនបទថ្មី ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចជាង ៥២ លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះនៅ ១,៣% អត្រាពលករមានការងារធ្វើជាប្រចាំសម្រេច ៩៥%។ល។ លទ្ធផលទាំងនេះ ដោយសារការសាមគ្គី ប្តេជ្ញាចិត្តខ្ពស់ក្នុងទូទាំងប្រព័ន្ធនយោបាយ សំខាន់គឺភាពបត់បែនក្នុងការគួបផ្សំប្រភពទុនកសាងជនបទថ្មី កម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងគោលនយោបាយជនជាតិ វិនិយោគនៅតំបន់ជនរួមជាតិខ្មែរ។
មីស្វៀង គឺជាស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ ឆ្នាំ ២០១៩ ស្រុកបានអនុវត្តបញ្ចប់ភារកិច្ចកសាងជនបទថ្មី។ មកទល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី សាលារៀន ដំណាក់សុខាភិបាល។ល។ ជាមូលដ្ឋានត្រូវបានកសាងសម្រេចរួចរាល់; ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៤៨ លានដុង/ឆ្នាំ; អត្រាគ្រួសារក្រីក្រថយចុះនៅ ១,៩%។ល។ លោកឡឹមវ៉ាន់ផឹង អ្នកមានប្រជាប្រិយនៅឃុំថាមដូង ឱ្យដឹង៖ “សព្វថ្ងៃ តំបន់ជនបទថាមដូងគ្មានទេគ្រួសារក្រីក្រ ជាឃុំជនបទថ្មីកម្រិតខ្ពស់។ ការផ្លាស់ប្តូរដ៏ធំបំផុតនោះគឺជីវភាពរបស់មាមីងខ្មែរមានភាពធូរធារច្រើន ផ្លូវបេតុងកសាងរួចរាល់ សាលារៀនមានភាពសមរម្យ ម៉្លោះហើយកូនចៅមាមីងខ្មែរបានទៅរៀនសូត្រទាំងអស់។ ពិសេស មាមីងខ្មែរចេះអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វមានប្រសិទ្ធភាព; ការចងសម្ព័ន្ធជាមួយក្រុមហ៊ុន អាជីវកម្ម ធានាទិញផលិតផល និងច្រកចេញលំនឹង ដូច្នេះ ទើបមាមីងគ្រប់គ្នាខិតខំប្រឹងប្រែងធ្វើការរកស៊ីដើម្បីធ្វើមាន”។
លោកវឿងក្វឹកណាម បញ្ជាក់៖ “ដើម្បីសម្រេចបានទិសដៅឆ្នាំ ២០២៣ មានឃុំចំនួន ៧០ និងអង្គភាពថ្នាក់ស្រុកទីរួមខេត្តចំនួន ៥ សម្រេចបទដ្ឋានជនបនថ្មី ខេត្តបានដាក់ចេញផែនការចង្អុលការអនុវត្តចំនួន ៦ រួមមាន៖ កម្មវិធីឃុំមួយ ផលិតផលមួយ; កម្មវិធីអភិវឌ្ឍទេសចរណ៍ជនបទក្នុងការកសាងជនបទថ្មី; កម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបម្រើការកសាងជនបទថ្មី; កម្មវិធីលើកកម្ពស់គុណភាព ប្រសិទ្ធភាពអនុវត្តលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់ក្នុងការកសាងជនបទថ្មី; កម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី ឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃនិងកម្មវិធីបង្កើនការការពារបរិស្ថាន សុវត្ថិភាពស្បៀងអាហារ និងផ្គត់ផ្គង់ទឹកស្អាតជនបទ”៕
លីធាន-មុនី