មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/05/2023 - 06:32

អ្នក​គ្រូ​ង៉ឹង ភាសា​អង់​គ្លេស​

 អ្នក​គ្រូដាវ​ធីម៉ាយ​ង៉ឹង ចូល​រួម​ក្នុង​ពិធី​ទទួល​ស្គាល់​ឃុំ​ឌិញម៉ូង​សម្រេច​បទដ្ឋាន​ឃុំ​ជន​បទ​ថ្មី​គំរូ។

អ្នក​គ្រូដាវ​ធីម៉ាយ​ង៉ឹង តែង​បាន​សិស្ស​សាលា​និង​អា​ណា​ព្យា​បាល​សិស្ស​ហៅ​ថា “អ្នក​គ្រូ​ង៉ឹង​ភាសា​អង់​គ្លេស​” តាំង​ពី​ពេល​ដែល​អ្នក​គ្រូ បាន​ចាត់​មក​បង្រៀន​វិញ្ញា​សាភា​សា​អង់​គ្លេស​នៅ​សាលា​បឋម​សិក្សា​ឌិញ​ម៉ូង ១ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ។

អ្នក​គ្រូ​ង៉ឹង រៀប​រាប់​៖ សាលា​បឋម​សិក្សា​ ឌិញ​ម៉ូង ១ មាន​អ្នក​គ្រូ​ម្នាក់​ទទួល​បន្ទុក​ ថ្នាក់​ក៏​ឈ្មោះ​ង៉ឹង​ដែរ​ ហេតុ​នោះ​ កាល​ទើប​មក​បង្រៀន​ភ្លាម មិត្ត​រួម​អា​ជីព​និង​សិស្ស​តែង​ច្រ​ឡំ ម្ល៉ោះ​ហើយ​សាលា​ច្រើន​តែ​ហៅ​អម​ដោយ​វិញ្ញា​សា​អ្នក​គ្រូ​ង៉ឹង​បង្រៀន​ ដើម្បី​ងាយ​ស្រួល​ចំ​ណាំ។ ផ្តើម​ពី​នោះ​ មិត្ត​រួម​អា​ជីព សិស្សា​នុសិស្ស​តែង​ហៅ​ជាប់​រហូត​ដល់​សព្វ​ថ្ងៃ​ ទោះ​បីអ្នក​គ្រូ​ង៉ឹង ទទួល​បន្ទុក​ថ្នាក់​នោះ​ បាន​ប្ដូរ​ទៅ​បង្រៀន​នៅ​សា​លា​ផ្សេង​ក៏​ដោយ។

និយាយ​ដល់​វិញ្ញ​សា​អង់​គ្លេស​ អ្នក​គ្រូ​ង៉ឹង ឱ្យ​ដឹង​៖ “ខ្ញុំ​ចូល​ចិត្ត​វិញ្ញា​សា​អង់​គ្លេស​កាល​នៅ​ជា​សិស្ស​សា​លា​ម៉្លេះ ម្ល៉ោះ​ហើយ​ក្រោយ​ពី​បញ្ចប់​វិទ្យា​ល័យ​ ខ្ញុំ​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​ផ្នែក​ភាសា​អង់​គ្លេស​ បន្ទាប់​ពី​នោះ​ រៀន​បន្ត​ឡើង​បរិញ្ញា​បត្រ​ភាសា​អង់​គ្លេស។ ចេញ​ទៅ​ធ្វើ​ការ​អស់​មួយ​រយៈ​ ខ្ញុំ​តែង​នឹក​ដល់​គ្រា​ដែល​ខ្លួន​ដើរ​បង្រៀន​សិស្ស​តាម​ផ្ទះ​កាល​នៅ​ជានិស្សិត​ នឹក​ពី​គោល​បំ​ណង​របស់​ឪពុក​ម្ដាយ​ចង់​បាន​កូន​ស្រី ធ្វើ​ជា​គ្រូ​បង្រៀន​ ម្ល៉ោះ​ហើយ​ខ្ញុំ​រៀន​បន្ថែម​វិជ្ជា​ជីវៈ​គរុកោ​សល្យ​ដើម្បី​គ្រប់​លក្ខណៈ​សម្បត្តិ​ បង្ហាត់​បង្រៀន”។

អ្នក​គ្រូ​ដាវ​ធីម៉ាយ​ង៉ឹង (ខាង​ស្តាំ) ថត​រូប​ជា​មួយ​នឹង​មិត្ត​រួម​អា​ជីព។ រូប​៖ បុគ្គល​ផ្តល់​ជូន​

ដោយ​សារ​ធ្លាប់​បាន​ទៅ​ធ្វើ​ការ​ មាន​បទ​ពិសោធន៍​ជី​វិត​ ហេតុ​នោះ​អ្នក​គ្រូង៉ឹង អនុវត្ត​នូវ​ចំ​ណេះ​ដឹង​នេះ​ទៅ​ក្នុង​មេរៀន​ ដើម្បី​ម៉ោង​រៀន​កាន់​តែ​មាន​ភាព​ពុះ​ពោរ។ អ្នក​គ្រូ​ង៉ឹង បង្ហើប​ឱ្យដឹង​៖ “អា​ជីព​គ្រូ​បង្រៀន​ជួយ​ឱ្យ​ខ្ញុំ​រួម​ចំ​ណែក​នូវ​សមត្ថ​ភាព​របស់​ខ្លួន។ ពេល​ចូល​បង្រៀន​ម្តងៗ ខ្ញុំ​មាន​អា​រម្មណ៍​ចូល​ចិត្ត​ ហេតុ​នោះ​មេរៀន​ដែល​ខ្ញុំ​បង្រៀន​ដល់​សិស្ស​មាន​ភាព​ពុះ​ពោរ សកម្ម​ជា​និច្ច”។ ដោយ​សារ​ចូល​ចិត្ត​របរ​គ្រូបង្រៀន​ ម្ល៉ោះ​ហើយ​អ្នក​គ្រូ​ង៉ឹង តែង​ចង់​ឱ្យ​មេ​រៀន​មាន​ភាព​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្រេច​គោល​ដៅ​ចុង​ក្រោយ​ គឺ​សិស្ស​យល់​និង​ចូល​ចិត្ត​ភាសា​អង់​គ្លេស។

អ្នក​មីង​ថាច់​ធីពឿង នៅ​ភូមិ​ឌិញ​ភឿក ឃុំ​ឌិញ​ម៉ូង ឱ្យដឹង​៖ “ពី​មុន​ ខ្ញុំ​ឃើញ​កូន​ស្រី​ច្រើន​តែ​ត្អូញ​ត្អែរ​ខ្ជិល​រៀន​ភាសា​អង់​គ្លេស​ ប៉ុន្តែ​ឥឡូវ​ ពេល​មក​ដល់​ផ្ទះ​តែង​តែ​រៀន​ដោយ​ខ្លួន​ឯងរហូត។ ខ្ញុំ​មិន​ចេះ​ ទើប​មិន​អាច​ជួយ​បង្ហាត់​បង្ហាញ​កូន​បាន​ ដោយ​បាន​អ្នក​គ្រូ​ភាសា​អង់​គ្លេស​គាត់​មាន​វិធី​សាស្រ្ត​បង្រៀន​ល្អ​ កូន​ខ្ញុំ​ចូល​ចិត្ត​រៀន​ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​ស្ងប់​ចិត្ត​ដែរ​”។ តាម​ប្រសាសន៍​ អ្នក​គ្រូង៉ឹង អា​ណា​ព្យា​បាល​សិស្ស​មួយ​ចំ​នួន​យល់​ថា ភាសា​អង់​គ្លេស​មិន​ចាំបាច់​ធំ​បន្តិច​ចាំ​រៀន​ ក៏​មិន​អី​ដែរ​ ម្ល៉ោះ​ហើយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​សិក្សា​របស់​កូន។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ អ្នក​គ្រូ​ង៉ឹង យល់​ថា ភា​សា​អង់​គ្លេស​កម្រិត​បឋម​សិក្សា​ គឺ​ជា​ដំ​ណាក់​កាល​ដំបូង​ ពេល​សិស្ស​ចាប់​ផ្តើម​រៀន​ភាសា​បរ​ទេស​មួយ​ផ្សេង​ទៀត​ ហេតុ​នោះ​វា​ចាំ​បាច់​ណាស់​ ដើម្បី​មាន​គ្រឹះ​ធារ​ចំ​ណេះ​មូល​ដ្ឋាន​មួយ​។ ពិសេស​ គឺ​ការ​បញ្ចេញ​សូរ​ត្រូវ​តែ​ត្រឹម​ត្រូវ​ល្អ​ ព្រោះ​ពេល​បង្កើត​ទម្លាប់​បញ្ចេញ​សូរ​ខុស​ហើយ​ ពិបាក​នឹង​កែ​នៅ​ពេល​ក្រោយ​ណាស់។

គិត​ដូច្នេះ​ ម្ល៉ោះ​ហើយ​ពេល​រៀប​គម្រោង​មេ​រៀន​ អ្នក​គ្រូ​ង៉ឹង តែង​យក​ចិត្ត​ទុក​ដាក់​ផ្នែក​ហាត់​បញ្ចេញ​សូរ​ដល់​សិស្ស។ ផ្ទះ​អ្នក​គ្រូ​ង៉ឹង នៅ​ឯ​ខណ្ឌ​អូរ​ម៉ូង មាន​កូន​នៅ​តូច​ ប៉ុន្តែ​អ្នក​គ្រូ មិន​រអែង​នឹង​ការ​លំ​បាក​ តែង​ចំ​ណាយ​ពេល​នៅ​មក​សា​លា​ ពេល​សិស្ស​ត្រូវ​ការ​សាក​សួរ​បន្ថែម​អំ​ពី​មេ​រៀន​។ ប្អូន​លីធីបាំង​តឹម សិស្ស​ថ្នាក់​ទី ៤ សាលា​បឋម​សិក្សា​ឌិញ​ម៉ូង ១ ឱ្យដឹង​៖ “ប្អូន​ចូល​ចិត្ត​រៀន​វិញ្ញា​សា​អង់​គ្លេស​ណាស់​ ហេតុ​នោះ​ក្តី​ស្រ​មៃ​របស់​ប្អូន​ក្នុង​ពេល​អនា​គត នឹង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​ ដូច​ជា​អ្នក​គ្រូ​ង៉ឹង”៕

                                       ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ