តើយើងគួរគប្បីទទួលទាំងស្រុងនូវលក្ខណៈសមត្ថភាពបញ្ញាសិប្បនិម្មិតច្នៃប្រតិដ្ឋ ដូចជា Chat GPT ដែលបាននាំមកឬទទួលយកវាជាមួយនឹងកម្រិតមួយដោយមានការប្រយ័ត្នប្រយែង? ខាងក្រោមនេះ គឺជាអ្វីៗដែលលោកអ្នកគប្បីដឹងអំពីបច្ចេកវិជ្ជាថ្មីនេះ។
តើបញ្ញាសិប្បនិម្មិតច្នៃប្រតិដ្ឋជាអ្វី?
រូបថតជាឧទាហរណ៍។ រូប៖ Today Passion
បញ្ញាសិប្បនិម្មិតច្នៃប្រតិដ្ឋ ដូចជាទម្រង់បញ្ញា សិប្បនិម្មិតផ្សេងៗដែរ សុទ្ធសឹង “រៀន” ពីរបៀបវិនិច្ឆ័យពីមូលដ្ឋានទិន្នន័យដែលមានស្រាប់។ វាបានបង្កើតចេញនូវខ្លឹមសារថ្មីទាំងស្រុងដូច អត្ថបទឯកសារ រូបភាពឬសូម្បីតែលេខកូដសរសេរកម្មវិធី ដោយផ្អែកលើខ្លឹមសារដែលបាន ”បង្រៀន”។
Chat GPT គឺជាផលិតផលរបស់ក្រុមហ៊ុន OpenAI ត្រូវបានឧបត្ថម្ភដោយ Microsoft បានបើកដំណើរការកាលពីចុងឆ្នាំទៅមិញ ហើយបានមនុស្សរាប់សិបលាននាក់យកទៅប្រើប្រាស់យ៉ាងឆាប់រហ័ស។ កំណែថ្មី GPT-៤ ក៏ទើបបានបង្ហាញមុខផងដែរ ហើយ Chatbot នេះ បច្ចុប្បន្ន មានសមត្ថភាពដ៏សម្បូរបែប មានន័យថា អាចទទួលនូវសំណួរទាំងជាអក្សរនិងរូបភាព។
តើ Chat GPT មានគុណប្រយោជន៍សម្រាប់អ្នកណា?
ជាក់ស្តែងបំផុត បញ្ញាសិប្បនិម្មិតច្នៃប្រតិដ្ឋ អាចជួយបង្កើតនូវអ្វីៗដូចជាច្បាប់ចម្លងស្វែងយល់ទីផ្សារពីទំព័រព័ត៌មានជាច្រើន ជួយអតិថិជនសម្រេចចិត្តទិញអ្វី។ បច្ចេកវិជ្ជានេះ ក៏អាចកត់ត្រាក្នុងកិច្ចប្រជុំនិម្មិតមួយសរសេរ និងកំណត់អ៊ីមែលផ្ទាល់ខ្លូន ឬបង្កើតនូវអត្ថបទធ្វើបទបង្ហាញ។ ទាំង Microsoft និង Google បានបង្ហាញនូវលក្ខណៈសមត្ថភាពនេះក្នុងពេលប្រកាសផលិតផលថ្មី។
តើមានអ្វីដែលត្រូវបារម្ភដែរឬទេ?
ថ្វីដ្បិតដូច្នេះក្តី មានការបារម្ភមួយចំនួនអំពីលទ្ធភាពឆ្លៀតឱកាសលើបច្ចេកវិជ្ជានេះ។ នៅតាមសាលារៀននានា បានព្យាករណ៍អំពីលទ្ធភាពដែលនិស្សិតឆ្លៀតឱកាសលើបញ្ញាសិប្បនិម្មិត ដើម្បីជំនួយលើសរសេរបទអត្ថាធិប្បាយ។ អ្នកស្រាវជ្រាវសន្តិសុខបណ្តាញមានការបារម្ភពីបញ្ញាសិប្បនិម្មិត អាចអនុញ្ញាតឱ្យជនទុច្ចរិតបង្កើតនូវព័ត៌មានក្លែងក្លាយកាន់តែច្រើនទៀត។ បច្ចេកវិជ្ជានេះ នៅមានកំហុសច្រើន បំភ្លើសការពិត ឬដាក់ចេញចម្លើយមួយចំនួនមិនជាក់លាក់។
តើអ្នកណាអភិវឌ្ឍបច្ចេកវិជ្ជានេះ?
Microsoft និង Google បានបង្កើតចេញនូវភាព “ល្បីរន្ទឺ” ធំបំផុតនាបច្ចុប្បន្ន អំពីបច្ចេកវិជ្ជានេះ ប៉ុន្តែមិនត្រឹមតែពួកគេអភិវឌ្ឍបច្ចេកវិជ្ជានេះម្នាក់ឯងនោះទេ។ ក្រុមហ៊ុនធំៗដូចជា Salesforce ក៏ដូចជាក្រុមហ៊ុនតូចជាង ដូចជា Adep AI Labs សុទ្ធតែកំពុងអភិវឌ្ឍ chatbot បញ្ញាសិប្បនិម្មិតនេះផងដែរ។
មហាសេដ្ឋីប្រាក់កោដិល្បីឈ្មោះ Elon Musk គឺជាស្ថាបនិកម្នាក់ក្នុងចំណោមសហស្ថាបនិក OpenAI ប៉ុន្តែគាត់បានចាកចេញកាលពីឆ្នាំ ២០១៨ ដើម្បីប្រមូលផ្តុំទៅលើ Tesla និង AI ដោយឡែក។ គាត់បានសម្តែងពីការបារម្ភទៅអនាគតនៃបញ្ញាសិប្បនិម្មិត គាត់យល់ថា វាគឺជាបច្ចេកវិជ្ជាមួយដ៏គ្រោះថ្នាក់។ គាត់ក៏បានសំណូមពរ គប្បីមានយន្តការគ្រប់គ្រងមួយសមស្រប ដើម្បីធានា អភិវឌ្ឍបច្ចេកវិជ្ជានេះបម្រើផលប្រយោជន៍សហគមន៍៕
កាសែតកឹងធើ-វិមាន