ចម្រៀងចាប៉ីដងវែង គឺជាទម្រង់សិល្បៈទាមទារអ្នកសម្តែងត្រូវចេះកំណាព្យកាព្យឃ្លោង ច្រៀងបណ្តើរ ដេញចាប៉ីបណ្តើរ។ នេះជាទម្រង់សិល្បៈប្រជាប្រិយប្រកបដោយលក្ខណៈពិសេស ត្រូវបានចាត់ទុកថាជាព្រលឹងសិល្បៈរបស់ជនជាតិខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
សិប្បករយ័ញភុក នៅភូមិ៤ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជាអ្នកមាន
ទេពកោសល្យខាងចម្រៀងចាប៉ីដងវែង។
ចំពោះសិប្បករយ័ញភុក មាននិស្ស័យនិងចម្រៀងចាប៉ីដងវែង គឺស្នងបន្តប្រពៃណីគ្រួសារ។ លោកយ័ញភុក ចែករំលែក៖ “ចាប៉ីនេះរបស់ជីតាខ្ញុំ តាំងពីតូច ខ្ញុំបានជីតាបង្ហាត់ឱ្យស្រឡាញ់ចូលចិត្តសិល្បៈប្រពៃណីរបស់ជនជាតិ។ ខ្ញុំយល់ឃើញថាភ្លេងប្រពៃណីខ្មែរពីរោះណាស់ ដូច្នេះ ខ្ញុំប្តេជ្ញាចិត្តត្រូវតែរៀនឱ្យកាន់តែល្អ។ គាត់បង្ហាត់ខ្ញុំមិនបានច្រើន គ្រាន់តែទុកចាប៉ីនេះ និងណែនាំខ្ញុំឱ្យស្រឡាញ់ចូលចិត្តសិល្បៈ។ ធំដឹងក្តី ពេលបានទៅទស្សនាឈុតសម្តែងចម្រៀងចាប៉ីដងវែងម្តងៗ ខ្ញុំតែងយកចិត្តទុកដាក់ស្តាប់ ដើម្បីមកផ្ទះរៀនដេញតាម”។ អាស្រ័យមានទេពកោសល្យនិងស្រឡាញ់ចូលចិត្តសិល្បៈ ដូច្នេះ គាត់រៀនឆាប់ចេះចាំ អាយុ ១៨ ឆ្នាំ ចេះចម្រៀងចាប៉ីដងវែងស្ទាត់និងចូលរួមក្រុមតន្ត្រីស្រុកស្រែ ទៅសម្តែងបម្រើក្នុងពិធីជប់លៀង ពិសេសគឺក្នុងឱកាសបុណ្យទាននៅតាមវត្តអារាម។ មិននឹកស្មានគាត់ផ្សារភ្ជាប់ជាមួយនឹងសិល្បៈតន្ត្រីអស់រយៈកាលដ៏យូរអង្វែង។
សិប្បករយ័ញភុក អាយុជាង ៨០ ឆ្នាំប្លាយ ប៉ុន្តែ គាត់ផ្សារភ្ជាប់ជាមួយនឹងចម្រៀងចាប៉ីដងវែង ដល់ទៅជាង ៥០ ឆ្នាំ។ មិនត្រឹមតែចេះចម្រៀងចាប៉ីដងវែងប៉ុណ្ណោះទេ គាត់នៅទាំងចេះដេញ ដំផ្លុំកូត គ្រប់ឧបករណ៍ភ្លេងពិណពាទ្យ ឧបករណ៍ ភ្លេងខ្មែរ មានដូច៖ ទ្រសោ ទ្រអ៊ូ ស្រឡៃ ស្គរជាដើម។ ប៉ុន្តែ គាត់ចូលចិត្តបំផុតគឺទម្រង់សិល្បៈ ចម្រៀងចាប៉ីដងវែង។ សំខាន់បំផុតគឺសិប្បករ យ័ញភុក នៅរក្សាទុកចាប៉ីដែលមានអាយុកាលរាប់រយឆ្នាំរបស់ជីតាគាត់។ ឥឡូវ ត្រចៀកស្តាប់ពុំសូវច្បាស់ ដៃជើងទន់ខ្សោយ ដូច្នេះ គាត់ពុំសូវទៅណា ប៉ុន្តែពេលមានកម្មវិធីសិល្បៈក្នុងឱកាសបុណ្យទានម្តងៗ ឬក៏មានរៀបចំពិធីសម្តែងសិល្បៈ ក្លិបចម្រៀងចាប៉ីដងវែងនៅក្នុងភូមិភាគ គាត់តែងចូលរួមពុំដែលខាន។ ពេលសាកសួរពីអ្នកបន្តវេនគាត់ដើម្បីអភិរក្សនិងពង្រីកទម្រង់សិល្បៈ ចម្រៀងចាប៉ីដងវែង គាត់ឱ្យដឹងដោយអួលដើមក៖ “កូនចៅខ្ញុំគ្មានអ្នកណាព្រមរៀន។ ហើយពួកវា ក៏គ្មានទេពកោសល្យ។ ខ្ញុំក៏មានការបារម្ភខ្លាំងណាស់ពេលគិតដល់បញ្ហានេះ។ ឥឡូវ អ្នកណាចូលចិត្តរៀនខ្ញុំបង្ហាត់។ ចំណែកចាប៉ីនេះ…”។ គាត់និយាយមិនអស់ឃ្លាប្រយោគ ហាក់ដូចជាពោលថាគាត់ខំប្រឹងអស់ពីសមត្ថភាពក្នុងឆាកជីវិតដើម្បីបន្តការផ្សព្វផ្សាយពីក្តីសេ្នហាសិល្បៈប្រពៃណីរបស់ជនជាតិដល់អ្នកទាំងឡាយ…៕
ធូធ្វី