ស្រុកមីស្វៀង ខេត្តសុកត្រាំង បានផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ។ ឆ្លងតាមរយៈនោះ គ្រួសារខ្មែរក្រីក្រជាច្រើនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព រួមចំណែកកាត់បន្ថយភាពក្រីក្រនៅភូមិភាគ។
បណ្តុះបណ្តាលមុខរបរត្បាញកំប្លោកដល់មាមីងខ្មែរនៅឃុំថាមដូង។
តាមប្រសាសន៍លោកដាវដាក់ហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង ទូទាំងស្រុកមានជនរួមជាតិខ្មែររស់នៅជាង៣៣% ម្ល៉ោះហើយការងារលុបបំបាត់ភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរត្រូវបានផ្តុំកម្លាំងអនុវត្តជានិច្ច។ មានគោលនយោបាយជាច្រើនត្រូវបានផ្សព្វផ្សាយអនុវត្តដូច៖ ឧបត្ថម្ភពូជឈើដំណាំ សត្វចិញ្ចឹម; ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស; សង់ផ្ទះបានជិត ៤.៣០០ ខ្នង និងផ្គត់ផ្គង់ទឹកស្អាត៘ អាទិភាពជូនដល់គ្រួសារខ្មែរក្រីក្រ កៀកបន្ទាត់ក្រ។ ទន្ទឹមនឹងនោះ ស្រុកក៏បានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករជាង ១.០០០ នាក់ ដោះស្រាយការងារធ្វើថ្មីដល់ពលករជាង២.៨០០នាក់ រួមចំណែកបង្កើនប្រាក់ចំណូលដល់ជនរួមជាតិខ្មែរនៅភូមិភាគ។ ក្រៅពីនេះ ស្រុកថែមទាំងផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជាង ៨.៨៥០ ដល់គ្រួសារក្រីក្រ និងជនរួមជាតិភាគតិចនៅភូមិ ឃុំលំបាកខ្លាំង។
ទម្រង់ដាំដំណាំរួមផ្សំជួយឱ្យគ្រួសារខ្មែរនៅឃុំថាញ់ភូ រកបានប្រាក់ចំណូលខ្ពស់
និងចាកផុតពីភាពក្រីក្រ។
មានគោលនយោបាយជាច្រើនក៏បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា ម្ល៉ោះហើយជនរួមជាតិខ្មែរកាន់តែមានទំនុកចិត្តឈានឡើងក្នុងជីវភាព។ ពូឡឹមភឿកហ៊ឹង នៅភូមិព្រែកអណ្តើក ឃុំថាញ់ភូ ឱ្យដឹង៖ “បានបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ខ្ញុំជួលដី បន្ថែមដាំដំណាំរួមផ្សំនិងចិញ្ចឹមគោ។ លើផ្ទៃដី ២ កុង ខ្ញុំដាំឆ្លាស់ខ្ទឹមស្លឹក ស្ពៃហាង ស្ពៃចង្កឹះ ត្រសក់ ល្ពៅ ម្ល៉ោះហើយរកបានប្រាក់ចំណូលប្រចាំថ្ងៃ។ ទឹកប្រាក់បានមកពីការលក់គោនិងបន្លែ ខ្ញុំសន្សំជួលដីស្រែផលិតស្រូវ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ សព្វថ្ងៃ ជីវភាពបានធូរធារគ្រាន់បើ ខ្ញុំសង់បានផ្ទះឥដ្ឋ មានដីផលិតស្រូវ ដាំដំណាំរួមផ្សំ ម្ល៉ោះហើយសូមអរគុណចំពោះរដ្ឋដែលមានគោលនយោបាយអនុគ្រោះសម្រាប់គ្រួសារក្រីក្រ”។ រីឯបងតាំងឌាក នៅភូមិព្រែកគយ ឃុំថាញ់ភូ ឱ្យដឹង៖ “ខ្ញុំបានរដ្ឋសង់ផ្ទះឱ្យ និងបានបុលទុនអនុគ្រោះ ម្ល៉ោះហើយជួលបានដី ២ កុងដាំដំណាំរួមផ្សំ។ បច្ចុប្បន្ន ខ្ញុំមានដី ៤ កុងដាំដំណាំរួមផ្សំ រកបានប្រាក់ចំណូលមធ្យមជាង ២០០ លានដុង/ឆ្នាំ។ ចំណែកកូនទាំង ២ នាក់ ធ្វើកម្មកររោងចក្រនៅខេត្តប៊ិញយឿង ក៏រកបានប្រាក់ចំណូលលំនឹង ជីវភាពបានធូរធារបង្គួរ។ ក្រោយពីប៉ុន្មានឆ្នាំសន្សំ ឥឡូវខ្ញុំសង់បានផ្ទះឥដ្ឋសមរម្យ មិនចាកស្រុក ទៅធ្វើការឈ្នួលដូចមុនទៀត”។
លោកដាវដាក់ហ៊ុង ឱ្យដឹង៖ “បណ្តាគោលនយោបាយវិនិយោគក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្ត្រស្រុកពង្រីកបានប្រសិទ្ធភាព។ ពិសេស គឺគោលនយោបាយឱ្យបុលទុនអនុគ្រោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគឺមានប្រសិទ្ធភាពជាងគេ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ ប្រភពឥណទានអនុគ្រោះសម្រាប់ឱ្យបុលលើភូមិសាស្រ្តស្រុកសរុបជាង ៤៧៥,៥ ពាន់លានដុង ដោយមានកម្មវិធីឥណទានអនុគ្រោះចំនួន ១៤ របស់រដ្ឋាភិបាល។ ឆ្លងតាមរយៈនោះ រួមចំណែកបង្កើតការងារធ្វើ លើកកម្ពស់គុណភាពផលិតកម្មមុខទំនិញ លើកស្ទួយជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ស្រុកនៅតែ ១,១% ប៉ុណ្ណោះ”៕
យ្វីអាញ-លីសៀ