អនុវត្តចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់” ឆ្នាំ២០២៥ នគរបាលឃុំញ៉ីទ្រឿង ខេត្តវិញឡុង បានផ្សព្វផ្សាយអនុវត្តទម្រង់ “បង្កើនប្រសិទ្ធភាពការងារឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់នៅតំបន់ជនជាតិភាគតិច”។ ក្រោយរយៈពេលអនុវត្ត ទម្រង់នេះបានពង្រីកប្រសិទ្ធភាពជាក់ស្ដែង។

នគរបាលឃុំញ៉ីទ្រឿង ផ្សព្វផ្សាយអប់រំច្បាប់ក្នុងតំបន់ជនរួមជាតិខ្មែរ។
ញ៉ីទ្រឿង ជាឃុំមួយមានជនរួមជាតិខ្មែររស់នៅកុះករ ដោយសារនៅឆ្ងាយពីមជ្ឈមណ្ឌលរដ្ឋបាលខេត្ត ទើបនៅមណ្ឌលផ្សាររបស់ឃុំនេះ តែងមានប្រជាជនពីតំបន់ដទៃៗមករកស៊ី លក់ដូរ។ ការប្រមូលផ្ដុំអ្នកមកស្នាក់នៅបណ្តោះអាសន្នជាច្រើន ធ្វើឱ្យការគ្រប់គ្រងជួបការលំបាក បណ្ដាលឱ្យកើតមានអំពើល្មើសច្បាប់ខ្លះៗដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។
វរសេនីយ៍ត្រី ទ្រិញកុងតឹម អនុប្រធាននគរបាលឃុំញ៉ីទ្រឿង ឱ្យដឹង៖ “ផ្តើមពីស្ថានភាពជាក់ស្ដែងនៅភូមិភាគ អង្គភាពបានផ្សព្វផ្សាយអនុវត្តទម្រង់ឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់នៅតំបន់ជនរួមជាតិខ្មែរ។ រហូតមកដល់ពេលនេះ នគរបាលឃុំបានរៀបចំផ្សព្វផ្សាយ អប់រំច្បាប់ បានចំនួន ៨៩ លើក ដោយមានអ្នកចូលរួមជាង ២.៦០០នាក់ ហើយបានចែកចាយខិត្តប័ណ្ណជាង ៣.៥០០ សន្លឹក ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ លើសពីនេះ នគរបាលឃុំបានចលនាប្រជាជន ២.៦៥៨ គ្រួសារ ចុះកិច្ចសន្យាមិនចូលរួមបាបគ្រោះសង្គម ខ្នះខ្នែង សហការជាមួយកម្លាំងសមត្ថកិច្ច។ ក្រៅពីនោះ អង្គភាពក៏បានសហការជាមួយស្ថានីយផ្សាយសំឡេងឃុំ ធ្វើការផ្សាយដំណឹងបាន ៣៣៥ លើក ក្នុងមួយលើកមានរយៈពេល ៣០ នាទី។ អាស្រ័យទម្រង់នេះ ទើបស្មារតីគោរពច្បាប់ បង្ការប្រឆាំងបទល្មើស និងចលនាទូទាំងប្រជាជនការពារសន្តិសុខ សណ្ដាប់ធ្នាប់លើភូមិឋានបានកើនឡើងយ៉ាងច្បាស់”។
ទន្ទឹមនឹងនោះ នគរបាលឃុំតែងធ្វើការត្រួតពិនិត្យ កោះហៅមកអប់រំមុខសញ្ញាចំនួន ១១២ នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពបំពានច្បាប់ ដូចជាការវាយប្រតប់គ្នា ប្រមូលផ្ដុំគ្នាពេលយប់អធ្រាត្រ លេងល្បែងស៊ីសង បង្កអសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបើកបរមិនគោរពច្បាប់។ តាមរយៈការអប់រំនិងការត្រួតពិនិត្យយ៉ាងតឹងរឹង មុខសញ្ញាទាំង២៤នាក់ មានការផ្លាស់ប្តូរចិត្តគំនិតនិងកែប្រែខ្លួនបានល្អ។
ពូថាច់ចន្ទ នៅភូមិកោះស្វាយ ឃុំញ៉ីទ្រឿង រៀបរាប់៖ “អាស្រ័យនគរបាលឃុំអនុវត្តទម្រង់ “បង្កើនប្រសិទ្ធភាពការងារឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់នៅតំបន់ជនជាតិភាគតិច” ទើបស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់នៅភូមិភាគមានការល្អប្រសើរឡើងយ៉ាងច្បាស់។ នគរបាលឃុំបានធ្វើការផ្សព្វផ្សាយជាប្រចាំ និងត្រួតពិនិត្យ យាមល្បាតរក្សាសណ្តាប់ធ្នាប់ ដូច្នេះទើបមុខសញ្ញាអាក្រក់មិនបង្កអុកឡុកធ្វើឱ្យខូចសណ្ដាប់ធ្នាប់ដូចមុនទៀត។ បច្ចុប្បន្ន ប្រជាជនរស់នៅមានភាពសុខសាន្ត រីករាយ ពីព្រោះស្ថានភាពសន្តិសុខមានស្ថិរភាព”។
ជាមួយនឹងលទ្ធផលដែលសម្រេចបាន ទម្រង់ “បង្កើនប្រសិទ្ធភាពការងារឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់នៅតំបន់ជនជាតិភាគតិច” បានវាយតម្លៃថាមានប្រសិទ្ធភាពជាវិជ្ជមាន រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅភូមិភាគ។ នៅពេលខាងមុខ នគរបាលឃុំញ៉ីទ្រឿង បន្តរក្សានិងពង្រីកទម្រង់នេះ ដើម្បីជួយប្រជាជនលើកកម្ពស់ការយល់ដឹងនិងការគោរពច្បាប់ ព្រួតដៃគ្នាកសាងភូមិស្រុកសុវត្ថិភាពនិងស្ថិរភាព៕
សើុងម៉ាល័យ - ពេជ្រសឿន