ដោយមោះមុតក្នុងការបង្វែរមកដាំបន្លែរយៈពេលខ្លី មានដូច៖ ខ្ទឹមស្លឹក ស្ពៃជ្រក់ ស្ពៃមើម ជាដើម មានគ្រួសារកសិករខ្មែរជាច្រើននៅទីក្រុងកឹងធើ រកបានប្រាក់ចំណូលលំនឹង ឈានឡើងចាកផុតពីភាពក្រីក្រ។

គ្រួសារបងថាច់ឌឿក នៅឃុំតៃវុាំង ទីក្រុងកឹងធើ កំពុងមមាញឹកប្រមូលផលខ្លឹមស្លឹក។
ពីមុន គ្រួសារបងថាច់ឌឿក ធ្វើតែស្រែមួយមុខ ចំណែកដីតាមភ្លឺប្រឡាយតែងទុកចោលទំនេរ។ ក្រោយពីឃើញគ្រួសារមួយចំនួននៅឃុំក្បែរៗ ដាំបន្លែតាមភ្លឺប្រឡាយមានប្រសិទ្ធភាពខ្ពស់ គាត់បានបង្វែរមកដាំខ្ទឹមស្លឹក លើដី៤កន្លែងតាមភ្លឺប្រឡាយ ដោយមានផ្ទៃដីសរុបជាង៤កុង។ អាស្រ័យឧស្សាហ៍ព្យាយាម និងអនុវត្តត្រូវបច្ចេកទេស ខ្ទឹមស្លឹកលូតលាស់ល្អ ក្នុងមួយកុងសម្រេចទិន្នផលពី ១,៥ - ២ តោនក្នុងមួយរដូវ។ លក់ក្នុងតម្លៃពី ៨.០០០ - ២០.០០០ ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមរដូវកាល ក្នុងនោះ ខែតុលានិងខែវិច្ឆិកា គឺលក់តម្លៃខ្ពស់បំផុត។
បងថាច់ឌឿក ចែករំលែក៖ “ការដាំខ្ទឹមស្លឹកហត់នឿយក៏ពិតមែន ប៉ុន្តែផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ គិតមធ្យមភាគក្នុងមួយឆ្នាំ ខ្ញុំដាំខ្ទឹមស្លឹកបាន ៤ លើកជាលក្ខណៈបង្វិលជុំលើផ្ទៃដី៤កុង ដើម្បីធានាការប្រមូលផលជាបន្តបន្ទាប់។ ក្រោយពីទូទាត់ចំណូលចំណាយរួច ក្នុងមួយរដូវ ខ្ញុំរកបានប្រាក់ចំណេញពី ២០ - ៣០ លានដុង។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំរកបានប្រភពចំណូលលំនឹង ជីវភាពបានធូរធារពីមួយថ្ងៃទៅមួយថ្ងៃ”។
ចំណែកនៅឃុំឡាយហ្វា ទម្រង់ដាំស្ពៃជ្រក់របស់បងថាច់លីម ក៏ជាគំរូលេចធ្លោមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ បន្ទាប់ពីបានឃើញប្រសិទ្ធភាពផ្ដើមពីទម្រង់ដាំស្ពៃជ្រក់របស់គ្រួសារមួយចំនួនក្នុងភូមិ គាត់ក៏សម្រេចចិត្តប្តូរពីដាំដើមឈើហូបផ្លែមកដាំស្ពៃជ្រក់នៅលើផ្ទៃដី២កុង។
តាមប្រសាសន៍បងថាច់លីម ដំណាំស្ពៃជ្រក់ងាយដាំ លូតលាស់ល្អ ដាំក្នុងរយៈពេល ពី២៥-៣០ ថ្ងៃអាចប្រមូលផលបាន។ ក្នុងមួយរដូវ គាត់រកបានប្រាក់ចំណូលប្រមាណ ពី ៥- ៧ លានដុង ហើយអាចដាំបានច្រើនលើកក្នុងមួយឆ្នាំ ម្ល៉ោះហើយរកបានប្រភពចំណូលជាប្រចាំ ជួយឱ្យជីវភាពគ្រួសារមួយថ្ងៃកាន់តែធូរធារឡើង។
បងថាច់លីម ឱ្យដឹង៖ “ពីមុនគ្រួសារខ្ញុំក្រលំបាក ដូច្នេះនៅពេលឃើញមាមីងដាំស្ពៃជ្រក់ មានប្រសិទ្ធភាព ខ្ញុំក៏ដាំតាម។ ជាមួយនឹងដើមទុនវិនិយោគតិច មិនសូវមានជំងឺ ហើយថែមទាំងងាយស្រួលលក់ ដំណាំស្ពៃជ្រក់បានក្លាយជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារខ្ញុំជាច្រើនឆ្នាំមកហើយ អាស្រ័យហេតុនោះ ជីវភាពគ្រួសារខ្ញុំក៏មិនលំបាកដូចមុន”។
តាមប្រសាសន៍លោកក្វាច់វុាំងដែបប្រធានសមាគមកសិករឃុំឡាយហ្វា ឱ្យដឹង៖ ទម្រង់ដាំដំណាំរួមផ្សំបានជួយកសិករខ្មែរបង្កើនប្រាក់ចំណូល បង្ករការងារធ្វើលំនឹងជុំឆ្នាំនិងចាកផុតពីភាពក្រីក្របន្តិចម្តងៗ។ សមាគមកសិករឃុំនឹងបន្តជំនួយបច្ចេកទេសដាំដុះ និងណែនាំ ចងសម្ព័ន្ធប្រើប្រាស់ ដើម្បីឱ្យទម្រង់នេះបានពង្រីកកាន់តែទូលំទូលាយ និងផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចជូនគ្រួសារជាច្រើន៕
ហុងទើ- ថាច់ធី