ប៉ុន្មានឆ្នាំកន្លង ដោយប្រកបរបរលក់ផ្លែឈើនិងបណ្តុះដើមទន្លាប់ បងស្រីលីធីថាញ់ស្វឹង នៅភូមិភឿកធ្វឹង ទីក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។

បងលីធីថាញ់ស្វឹង ដាក់លក់ដើមទន្លាប់នៅខាងមុខផ្ទះ។
ជាង ១៥ ឆ្នាំមុន ពេលលក់ផ្លែឈើនៅក្នុងវត្តព្រះបួនព្រះភ័ក្រ្ត (ឃុំធ្វឹងហ្វា) បងស្វឹង ឃើញភ្ញៀវទេសចរមកពីហាណូយ មកទស្សនានៅវត្តក៏រើសបានផ្លែទន្លាប់ហើយសួររកទិញតែម្តង។ ឃើញដូច្នេះ បងស្រីក៏ស្វែងយល់និងសង្កេតឃើញថា ប្រភេទផ្លែនេះមានតម្លៃសេដ្ឋកិច្ច។ ក្រោយមក បងស្រីក៏បានសុំផ្លែទន្លាប់ពីវត្តដើម្បីយកមកបណ្តុះពូជ។ ដំបូងបណ្តុះបានត្រឹមតែ១០០ដើមប៉ុណ្ណោះ ពេលមានឈ្នួញសួររកទិញផ្លែនិងដើមធំៗសម្រាប់ដាំលម្អ ទើបបងស្រីដឹងថាដើមទន្លាប់នេះពិតជានាំមកនូវប្រាក់ចំណូលខ្ពស់។ ចាប់តាំងពីពេលនោះមក បងស្វឹងក៏បានប្រមូលទិញផ្លែសម្រាប់លក់និងបណ្តុះកូនសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សាររហូតមកដល់សព្វថ្ងៃ។
បងស្វឹង ឱ្យដឹង៖ “មាមីងនៅទីនេះផ្ទះណាក៏ដាំដើមទន្លាប់ដែរ ប៉ុន្តែគ្រាន់តែដាំធ្វើជាម្លប់ប៉ុណ្ណោះ ព្រោះដើមទន្លាប់មានមែកសាខា មិនសូវជ្រុះស្លឹក គ្មានដង្កូវស៊ីនិងផ្លែក្រអូបតែគ្មានអ្នកណាចេះហូប។ ពេលដឹងថា ដើមទន្លាប់មានតម្លៃសេដ្ឋកិច្ច ទើបមាមីងចាប់ផ្តើមបេះផ្លែលក់ហើយផ្ទះខ្ញុំផ្ទាល់ជាអ្នកប្រមូលទិញ”។
ទន្លាប់មានផ្លែជុំឆ្នាំ ប៉ុន្តែប្រមូលផលស្រុះបំផុត ចាប់ពីខែមីនាដល់ខែកញ្ញា (តាមសុរិយាគតិ) ផ្លែក្រអូប ឆ្ងាញ់ លក់ក្នុងតម្លៃពី ៣០.០០០ ដុង ដល់ ៥០.០០០ ដុងក្នុងមួយគីឡូក្រាម។ មធ្យមក្នុងមួយឆ្នាំបងស្វឹងអាចផ្គត់ផ្គង់ផ្លែរាប់សិបតោន និងកូនពូជជាង ១០.០០០ ដើមដល់អតិថិជននៅតាមខេត្ត ក្រុង ទូទាំងប្រទេស។ ក្រៅពីនោះ បងស្រីនៅទាំងលក់កូនទន្លាប់សម្រាប់អតិថិជនយកទៅដាំនៅតាមវត្តអារាម មណ្ឌលឧស្សាហកម្ម មណ្ឌលទេសចរណ៍។ កូនពូជទន្លាប់លក់ក្នុងតម្លៃពី១២.០០០ដុងដល់២០.០០០ដុង ក្នុងមួយដើម ចំណែកដើមធំលក់ក្នុងតម្លៃពី ១,៥ លានដុងដល់២០លានក្នុងមួយដើមទៅតាមដើមតូចឬដើមធំ។
ដើម្បីមានផ្លែនិងកូនពូជទន្លាប់សម្រាប់ផ្គត់ផ្គង់ទីផ្សារ បងស្វឹង បានបង្កើតក្រុមសហការ បណ្តុះកូនពូជទន្លាប់ដោយមានសមាជិកចំនួន១០នាក់ បងស្រីធ្វើជាប្រធានក្រុមនិងបងប្អូន នារីក្នុងក្រុមរួមគ្នាប្រមូលទិញផ្លែនិងទិញកូនពូជនិងបណ្តុះដើមទន្លាប់។ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លែទន្លាប់បានទទួលស្គាល់សម្រេចបទដ្ឋាន OCOP ដូច្នេះបងស្វឹង តែងបង្ហោះលើបណ្តាញសង្គម និង Zalo ដើម្បីឱ្យអតិថិជនបានដឹងឮច្រើន។ ពេលនេះក្នុងមួយឆ្នាំបងស្វឹង អាចរកបានប្រាក់ចំណូលពីការលក់ផ្លែនិងកូនដើមទន្លាប់បានជាង២០០លានដុង ដូច្នេះទើបជីវភាពគ្រួសារបានធូរធារគ្រាន់បើ។
បងស្រីចូវហុងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ឱ្យដឹង៖ “បងស្វឹងជានារីខ្មែរមានភាពឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច។ មិនត្រឹមតែចេះរបៀបធ្វើមានដោយខ្លួនឯងប៉ុណ្ណោះទេ បងស្រីថែមទាំងជួយបងប្អូននារីក្នុងក្រុមរកបានប្រាក់ចំណូលលំនឹង ចាកផុតពីភាពក្រីក្រ ផ្ដើមពីដើមទន្លាប់នេះទៀតផង៕
វឌ្ឍា-ដាលីន