ច្រើនឆ្នាំកន្លង សមាគមជំរុញការសិក្សាទីក្រុងកឹងធើ បានជូនអាហារូបករណ៍ “លឿងឌិញកួរ” រាប់សិបពាន់ចំណែកដល់សិស្ស និស្សិតដែលមានស្ថានភាពលំបាក ដើម្បីបង្កជាកម្លាំងជំរុញនិងមានទំនុកចិត្តបន្តដំណើរលើផ្លូវសិក្សារៀនសូត្រ។
.jpg)
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សមាជិកមួយឆ្នោតជាតិសុកត្រាំង(ចាស់) បានប្រគល់ថវិកា៥ពាន់លានដុងដល់មូលនិធិអាហារូបករណ៍ឆ្នាំ២០២៥។
តាមប្រសាសន៍លោក ឡឹមសៅរ៍ អនុប្រធានសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ចាប់ពីឆ្នាំ ២០០៤ មកទល់ពេលនេះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សមាជិកមួយឆ្នោតជាតិសុកត្រាំង បានចូលរួមវិភាគជាង ៤០ ពាន់លានដុងដល់មូលនិធិអាហារូបករណ៍ លឿងឌិញកួរ ជូនអាហារូបករណ៍បាន ២៨.៦៨៨ ចំណែកដើម្បីជំរុញការសិក្សា ជំរុញបញ្ញា។ ដោយឡែក ៦ ខែដើមឆ្នាំ ២០២៥ សមាគមជំរុញការសិក្សាទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ ចលនាបានថវិកាជាង ២៨ ពាន់លានដុង រៀបចំជូនអាហារូបករណ៍បាន ១៨.៣២៧ ចំណែកដល់សិស្ស និស្សិតដែលមានស្ថានភាពលំបាក សង្វាតរៀនសូត្រ និងសិស្សមានស្នាដៃខ្ពស់ក្នុងសម័យប្រឡងថ្នាក់ខេត្ត ថ្នាក់តំបន់និងថ្នាក់ជាតិ។ ឆ្លងតាមរយៈនោះ បានជួយឱ្យប្អូនៗជម្នះការលំបាក ឈានឡើងក្នុងការរៀនសូត្រ។
ប្អូនដងង្វៀងយ្វីខាង សិស្សថ្នាក់ ១២A៦ នៅវិទ្យាល័យហ្វាងយ៉េវ ឱ្យដឹង៖ “គ្រួសារប្អូនក្រ ម្ល៉ោះហើយពេលទទួលបានអាហារូបករណ៍លឿងឌិញកួរ ប្អូនមានសេចក្តីត្រេកអរនិងសុភមង្គលខ្លាំងណាស់។ ពីព្រោះអាហារូបករណ៍មិនត្រឹមតែជារង្វាន់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជាកម្លាំងចិត្តដ៏មានតម្លៃដើម្បីលើកទឹកចិត្តដល់ប្អូន ត្រូវតែខិតខំរៀនសូត្របានល្អជាងទៀតដើម្បីត្រៀមប្រឡងសញ្ញាបត្រវិទ្យាល័យថ្នាក់ជាតិនិងជឿជាក់ឈានចូលមហាវិទ្យាល័យ។

លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ
ជូនអាហារូបករណ៍ដល់សិស្ស។
អាហារូបករណ៍បានចាត់ទុកជាសារមួយដ៏មានអត្ថន័យ បង្ហាញពីការរួមដំណើររបស់សង្គម លោក គ្រូ អ្នកគ្រូ និងទឹកចិត្តបរិសុទ្ធ ទឹកចិត្តមនុស្សធម៌របស់អង្គភាព អាជីវកម្ម សប្បុរសជនក្នុងការផ្ដល់ជំនួយ លើកទឹកចិត្តប្អូនៗបន្តដំណើរលើផ្លូវសិក្សា ឆ្ពោះទៅកាន់អនាគតភ្លឺស្វាង។ ប្អូនឡឹមជីខាង សិស្សថ្នាក់ទី ១១A៨ វិទ្យាល័យសុកត្រាំង ឱ្យដឹង៖ “ឪពុកម្តាយប្អូនធ្វើការឈ្នួល បានពុះពារគ្រប់ការលំបាកគិតគូរឱ្យប្អូនបានរៀនរហូតដល់សព្វថ្ងៃ។ ហេតុនោះ ពេលទទួលបានអាហារូបករណ៍លឿងឌិញកួរ ប្អូនមានសេចក្តីត្រេកអរ មានមោទនភាពខ្លាំងណាស់ និងពោរពេញដោយភាពជឿជាក់ក្នុងការសិក្សាថែមទៀត។ អាហារូបករណ៍ជាអំណោយដ៏មានតម្លៃ ជាប្រភពកម្លាំងចិត្ត ជំរុញស្មារតីដ៏ធំធេង ដើម្បីសិស្សក្រីក្រដូចប្អូនជឿជាក់ផ្លាស់ប្តូរវាសនាលើផ្លូវសិក្សារៀនសូត្រ”។
លោកង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ឱ្យដឹង៖ “អាហារូបករណ៍លឿងឌិញកួរ គឺជាប្រភពកម្លាំងលើកទឹកចិត្ត ជំរុញស្មារតីសង្វាតរៀនសូត្រដល់ប្អូនៗសិស្សានុសិស្សជម្នះការលំបាកក្នុងជីវភាព ដើម្បីបន្តការសិក្សា។ សំណូមពរដល់សមាគមជំរុញការសិក្សាទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ បង្កើនការងារចលនា ចងសម្ព័ន្ធជាមួយនឹងអង្គការសង្គមសប្បុរសជនទាំងក្នុងនិងក្រៅទីក្រុងកឹងធើ សកម្មចូលរួមវិភាគទានដល់មូលនិធិជំរុញការសិក្សា ជំរុញបញ្ញាឱ្យកាន់តែខ្លាំងក្លាជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ; ធានាប្រភពមូលនិធិឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស និស្សិតសង្វាតរៀនសូត្រ ដោយទិសស្លោកមិនទុកឱ្យប្អូនៗឈប់រៀន ពាក់កណ្តាលដោយសារតែស្ថានភាពលំបាកនោះឡើយ”៕
វុឌ្ឍា-វិមាន