មានកសិករខ្មែរជាច្រើននៅខេត្តកាម៉ាវ មិនត្រឹមតែឧស្សាហ៍ព្យាយាមនិងច្នៃប្រតិដ្ឋក្នុងពលកម្មផលិតប៉ុណ្ណោះទេ នៅទាំងចិញ្ចឹមកូនៗរៀនសូត្របានត្រឹមត្រូវ និងខ្នះខ្នែងចូលរួមក្នុងការកសាងភូមិស្រុកសុខសាន្ត។ ក្នុងចំណោមកសិករគំរូទាំងនោះ មានលោកយ័ញសើុងនិងលោកយ័ញសារី នៅឃុំនិញថាញឡើយជាតួយ៉ាង។

លោកយ័ញសើុង (ឈរកណ្តាល) ជាមួយគេហដ្ឋានយ៉ាងសមរម្យ។
លោកយ័ញសើុង នៅភូមិថុងញឹក ជាកសិករគំរូឈានឡើងធ្វើមានស្របច្បាប់នៅតំបន់ជនបទ។ លោកយ័ញសើុង ឱ្យដឹង៖ “កាលពីមុន ខ្ញុំនៅឃុំហុងយ៉ឹង ដាំបន្លែនិងចិញ្ចឹមជ្រូក ប៉ុន្តែទោះបីខំប្រឹងប្រែងធ្វើការងារឥតឈប់ឈរក៏ដោយនៅតែមិនគ្រប់ហូប។ ខ្ញុំមិនព្រមចុះចាញ់ ប្ដេជ្ញាចិត្តត្រូវតែចាកផុតពីភាពក្រីក្រ លំបាកនេះ ដូច្នេះខ្ញុំក៏បានផ្លាស់ប្ដូរមករស់នៅនិងផ្តើមអាជីពនៅឃុំនិញថាញឡើយ។ មករស់នៅទីនេះ ខ្ញុំបានវិនិយោគលើទម្រង់បង្កង-ស្រូវ ហើយជីវភាពខ្ញុំក៏បានធូរធារបន្ដិចម្តងៗតាំងពីពេលនោះមក”។
និយាយគឺដូច្នោះ ប៉ុន្តែនៅពេលបង្វែរមកចិញ្ចឹមបង្កង លោកយ័ញសើុង ក៏ជួបលំបាកមិនតិចទេ។ អាស្រ័យការឧបត្ថម្ភបុលទុនអាទិភាពរបស់ធនាគារ ខ្នះខ្នែងចូលរួមវគ្គហ្វឹកហាត់អំពីបច្ចេកទេសចិញ្ចឹមបង្កង និងមោះមុតក្នុងការវិនិយោគទម្រង់បង្កង-ស្រូវ គួបផ្សំនឹងការចិញ្ចឹមឆ្លាស់ជាមួយនឹងប្រភេទជលផលឯទៀត។ ផ្ដើមពីនោះ ទម្រង់បង្កង-ស្រូវសម្រេចប្រសិទ្ធភាព ជួយគ្រួសារគាត់បង្កើនប្រាក់ចំណូល លំនឹងជីវភាព។ បច្ចុប្បន្ន គ្រួសារលោកយ័ញសើុង មានដីជាកម្មសិទ្ធិ៤,២ហិកតា និងចិញ្ចឹមកូន៣នាក់រៀនមហាវិទ្យាល័យ មានការងារធ្វើ និងរកបានប្រាក់ចំណូលលំនឹង។
ចំណែកលោកយ័ញសារី នៅភូមិកោះធំ ក៏ជាកសិករគំរូមួយរូបជម្នះការលំបាកក្លាយជាអ្នកមាន និងជាអ្នកមានប្រិយភាពម្នាក់ដែលរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ ជាច្រើនឆ្នាំកន្លង ក្នុងនាមជាអ្នកមានប្រិយភាព លោកយ័ញ សារី បានខ្នះខ្នែងចលនាមាមីងខ្មែរអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ចូលរួមសម្របសម្រួលករណីវិវាទនៅមូលដ្ឋាន រួមចំណែកកសាងស្មារតី សាមគ្គីភាព រឹតបន្តឹងចំណងមិត្តភាពភូមិផងរបងជាមួយភូមិស្រុកកាន់តែមានភាពសុខសាន្ត។
ទន្ទឹមនឹងនោះ លោកយ័ញសារី នៅទាំងឈានមុខក្នុងចលនាកសាងជនបទថ្មីនៅភូមិភាគទៀតផង។ លោកយ័ញសារី មានប្រសាសន៍៖ “ប្រសិនបើចង់ឱ្យមាមីងជឿជាក់ ធ្វើតាមជាដំបូងគឺខ្លួន យើងនិងគ្រួសារត្រូវធ្វើជាគំរូឈានមុខ។ អាស្រ័យហេតុនោះ ខ្ញុំបានបរិច្ចាគដីកសាងផ្លូវបេតុង ស្ពានជនបទនិងដាំផ្កាលម្អតាមសងខាងផ្លូវ ដើម្បីឱ្យភូមិស្រុកកាន់តែស្រស់ស្អាត”។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លោកយ័ញសារី សម្រេចបានជោគជ័យជាមួយទម្រង់បង្កង-ស្រូវ លើផ្ទៃដី៤,៣ហិកតា។ ក្រៅពីនោះ លោកយ័ញសារី នៅទាំងបើកហាងលក់សារពើភ័ណ្ឌនិងទិញរថយន្តធ្វើសេវាកម្ម ដើម្បីបង្កើនប្រាក់ចំណូលឱ្យគ្រួសារ។ គិតមធ្យមភាគក្នុងមួយឆ្នាំគាត់រកបានប្រាក់ចំណូលប្រមាណ១ពាន់លានដុង។ ជាពិសេស លោកយ័ញសារី បានចិញ្ចឹមកូន៣នាក់រៀនចប់មហាវិទ្យាល័យ មានការងារធ្វើលំនឹង ជីវភាពគ្រួសារមួយថ្ងៃកាន់តែធូរធារ។
ដោយឆន្ទៈនិងការប្ដេជ្ញាចិត្តឈានឡើងក្នុងជីវភាព លោកយ័ញសើុងនិងយ័ញសារី គឺជាអ្នកគំរូរបស់ភូមិស្រុក សក្ដិសមនឹងទទួលបានការស្ងើចសរសើរ៕
យ្វីអាញ - ថាច់ធី