ដោយផ្តុំកម្លាំងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ផ្នែកកសិកម្មស្រុកកូវង៉ាង ខេត្តត្រាវិញ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជួយដោះស្រាយការងារធ្វើ បង្កើនប្រាក់ចំណូល កែលម្អជីវភាពជូនប្រជាជន។
ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង រៀបចំសិក្ខាសាលាដាំដំណាំរួមផ្សំលើដីស្រែដែលផលិតស្រូវពុំសូវមានប្រសិទ្ធភាពនៅឃុំញីទ្រឿង។
លោកឡេវ៉ាន់ភី ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង ឱ្យដឹង៖ “ការអនុវត្តបង្វែររចនាសម្ព័ន្ធ ផលិតកម្ម ចាប់ពីឆ្នាំ ២០២២ មកទល់នឹងបច្ចុប្បន្ន ទូទាំងស្រុកបានបង្វែរផ្ទៃដីផលិតកម្ម ២៥៣ ហិកតា ក្នុងនោះ ដំណាំស្បៀងអាហារ ២៧ ហិកតា ដំណាំធញ្ញជាតិ ១៩៥ ហិកតា ដំណាំឧស្សាហកម្ម ១០ ហិកតា និងផ្ទៃដីដាំស្មៅ ២១ ហិកតា។ ផ្ទៃដីដែលបង្វែររចនាសម្ព័ន្ធ សុទ្ធសឹងផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ជាងការផលិតស្រូវពី ២-៣ ដង”។
លោក ថាច់រីយ៍ នៅភូមិចុងមី-ស ឃុំញីទ្រឿង ឱ្យដឹង៖ “ដំណាំរដូវប្រាំង កាលពីឆ្នាំ ២០២២ ឃុំបានចលនាកសិករបង្វែរផ្ទៃដីដែលផលិតស្រូវពុំសូវមានប្រសិទ្ធភាព ងាកមកដាំដំណាំរួមផ្សំ ហើយក៏បានគណៈកម្មាធិការប្រជាជនឃុំ សហការជាមួយនឹងក្រុមហ៊ុនភាគហ៊ុនពូជដំណាំមៀងណាម ចុះកិច្ចសន្យាធានាទិញផលិតផល ដំណាំពោត ០,៥ ហិកតា (ពូជ SSCO ១១) លក់៨.៣០០ ដុង/គីឡូក្រាម ខ្ញុំប្រមូលផលបានជាង ៥ តោន ទូទាត់រួចស្រេចនៅចំណេញបាន ២៥ លានដុង។ គ្រួសារខ្ញុំរំភើបចិត្តណាស់”។
លោក ថាច់ទ្រុងកាង នៅភូមិយុងលើង ឃុំវិញគីម ឱ្យដឹង៖ “កន្លងហើយ ឃុំបានបំផុសចលនាបង្វែរផ្ទៃដីផលិតស្រូវពុំសូវបានផល ងាកមកដាំដំណាំរួមផ្សំ គ្រួសារខ្ញុំអនុវត្តទម្រង់ “ផលិតស្រូវ ២ រដូវ ដាំដំណាំ ១ រដូវ”។ បច្ចុប្បន្ន ដីស្រែ ០,២ ហិកតា ក្នុងមួយឆ្នាំផលិតស្រូវ ២ រដូវ និងដាំឪឡឹក ១ រដូវ ក្រោយពីទូទាត់ នៅចំណេញបានប្រមាណ ២៥ លានដុង។ ក្រៅពីនោះ ខ្ញុំនៅទាំងឆ្លៀតយកផ្ទៃដីជុំវិញផ្ទះដាំស្មៅចិញ្ចឹមគោ រៀងរាល់ឆ្នាំ ប្រាក់ចំណូលបានមកពីការលក់គោប្រមាណ ១០ លានដុង។ ជាមួយនឹងទម្រង់នេះ ប្រាក់ចំណូលមធ្យមភាគរបស់គ្រួសារគាត់ ប្រមាណ ៣៥ លានដុង។ តាមសម្តីលោកថាច់ទ្រុងកាង កសិករត្រូវស្វែងយល់ពីវិទ្យាសាស្ត្របច្ចេកទេស ស្វែងយល់លក្ខណៈប្រភេទដីសមស្របនឹងដំណាំអ្វី និងចិញ្ចឹមសត្វអ្វីមានប្រសិទ្ធភាព។ ប្រការដែលលោកថាច់ទ្រុងកាង ចំណាប់អារម្មណ៍បំផុត នោះគឺដាំដំណាំរួមផ្សំលើដីស្រែដែលផលិតស្រូវពុំសូវមានប្រសិទ្ធភាព ផ្ដល់ប្រាក់ចំណេញកើនលើសពី ៤-៥ ដង។ ជាពិសេស ក្រោយពីដាំដំណាំ ធ្វើឱ្យដីរសោះសម្បូរជីរជាតិ ពេលធ្វើស្រែស្រូវលូតលាស់ល្អ មិនសូវមានជំងឺ ដង្កូវក្រា បង្កើនទិន្នផល។
ស្រុកកូវង៉ាង កំពុងបន្តការពិនិត្យរចនាសម្ព័ន្ធ ប្រភេទដំណាំសំខាន់ៗ ដើម្បីរៀបចំគ្រោងការបង្វែររចនាសម្ព័ន្ធពូជដំណាំ ឱ្យសមស្របនឹងលក្ខណៈនៃការប្រែប្រួលអាកាសធាតុ ឧត្តមភាពរបស់ភូមិភាគ និងតម្រូវការទីផ្សារ។ ដើម្បីជំរុញការបង្វែររចនាសម្ព័ន្ធពូជដំណាំ នៅពេលខាងមុខ ស្រុកនឹងផ្តុំកម្លាំងអនុវត្តវិធានការ មានដូច៖ ពិនិត្យផ្ទៀងផ្ទាត់ ធ្វើស្ថិតិផ្ទៃដីផលិតកម្ម ពំសូវមានប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីបំពេញបន្ថែមទៅក្នុងគម្រោងផែនការបង្វែររចនាសម្ព័ន្ធផលិតកម្ម; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន អនុវត្តយន្តូបនីយកម្មក្នុងការផលិតកសិកម្ម ដើម្បីរំដោះកម្លាំងពលកម្ម កាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងការផលិតកសិកម្ម៕
សើុងម៉ាល័យ-មុនី