មកកាន់សង្កាត់ទី ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង សួររកថ្នាក់រៀនមេត្តាធម៌របស់អ្នកគ្រូ ត្រឹងធីមឿន សម្រាប់សិស្សខ្មែរក្រីក្រនៅអនុសង្កាត់ទី ៣ មាមីងនៅទីនេះ អ្នកណាក៏ស្គាល់ទាំងអស់។
អ្នកគ្រូ ត្រឹងធីមឿន កំពុងណែនាំប្អូនៗសរសេរអក្សរ។
រយៈកាលជាង ២០ ឆ្នាំកន្លង អ្នកគ្រូមឿនតែងយកចិត្តទុកដាក់គិតគូរ ក្នុងការបង្ហាត់ បង្រៀនដល់កុមារក្រីក្រ។ អ្នកគ្រូដូចជាម្តាយ គិតគូរឱ្យកូនៗរបស់ខ្លួន។ ថ្នាក់រៀនមេត្តាធម៌របស់អ្នកគ្រូ ចូលរៀនចាប់ផ្តើមពីម៉ោង ១១ ថ្ងៃ ត្រង់រៀងរាល់ថ្ងៃ ក្រោមរបៀងផ្ទះដែលមានបរិវេណទំហំប្រហែល ១៥ ម៉ែត្រ។ នៅខាងក្នុងផ្ទះ សិស្សបឋមសិក្សាកំពុងតែលង់លក់ក្នុងដំណេក។ ក្មេងៗទាំងនេះសុទ្ធតែជាកូនអ្នកក្រ ឪពុកម្តាយទៅធ្វើការឈ្នួល ដូច្នេះ បានអ្នកគ្រូទៅជួយឌុបមក ហើយរៀបចំឱ្យហូបចុកនិងសម្រាកនៅផ្ទះរបស់គាត់ រង់ចាំឪពុកម្តាយមកទទួលនៅពេលរសៀល។ ថ្នាក់រៀនមេត្តាធម៌ ភាគច្រើនជាកូនចៅមាមីងខ្មែរ មានស្ថានភាពលំបាក ហួសអាយុចូលរៀន។ អ្នកគ្រូមឿន ឱ្យដឹង៖ “ថ្នាក់រៀនមានក្មេងៗជាង ២០ នាក់ ពួកគេមានស្ថានភាពលំបាកណាស់ ក្មេងខ្លះឈឺជំងឺធ្លាក់ទឹកចិត្ត ខ្លះបាត់បង់ឪពុកឬម្តាយ ខ្លះទៀតឪពុកម្តាយលែងលះគ្នាទៅនៅជាមួយយាយតា ខ្លះទៀតជាកូនអ្នកក្រ ឪពុកម្តាយមិនចេះអក្សរ ទៅធ្វើការឈ្នួល គ្មានលក្ខណសម្បត្តិគិតគូរឱ្យទៅរៀន ដូច្នេះ ខ្ញុំបង្រៀនអក្សរដោយឥតគិតថ្លៃ។ ជាង ២០ ឆ្នាំ មកនេះ ខ្ញុំមិនចាំច្បាស់ថា បង្រៀនកូនសិស្សប៉ុន្មាននាក់នោះទេ”។
អ្នកគ្រូ ត្រឹងធីមឿន កំពុងលួងឱ្យក្មេងដេក។
ពីមុន ដោយស្ថានភាពគ្រួសារលំបាក ពេលរៀនចប់គរុកោសល្យកម្រិតមត្តេយ្យ អ្នកគ្រូមឿន ក៏បោះបង់អាជីពទៅធ្វើការឈ្នួល ដើម្បីចិញ្ចឹមកូនៗទាំង ៣ រៀនសូត្រ។ ដល់ឆ្នាំ ២០០០ អ្នកគ្រូបានសាច់ញាតិឧទ្ទេសនាមចូលបង្រៀននៅសាលាមត្តេយ្យម៉ាយអាញ់ ដើម្បីបង្រៀនសិស្សខ្មែរក្រីក្រ។ ក្រោយមក ដោយឃើញកូនចៅមាមីងខ្មែរនៅក្នុងភូមិ មិនបានទៅរៀនដោយសារជីវភាពគ្រួសារក្រលំបាកនិងហួសអាយុ អ្នកគ្រូសម្រេចចិត្តបើកថ្នាក់បង្រៀនដោយឥតគិតថ្លៃ។ ពេលសិស្សគ្រប់អាយុចូលរៀនថ្នាក់ទី ១ អ្នកគ្រូក៏ធ្វើបញ្ជីឈ្មោះផ្ញើចូលរៀននៅសាលាបឋមសិក្សាគីមដុង។ អ្នកមីងថាច់ធីយ៉ៃ ឱ្យដឹង៖ “គ្រួសារក្រ ខ្ញុំក៏មានវ័យចាស់ណាស់ដែរ កូនៗទៅធ្វើការឈ្នួលឆ្ងាយផ្ទះ ដូច្នេះ ចៅៗពុំទាន់មានសំបុត្រកំណើតដើម្បីចូលរៀន។ សព្វថ្ងៃ បានអ្នកគ្រូមឿន គាត់មកជួយឌុបចៅៗទៅរៀន។ អាស្រ័យបានអ្នកគ្រូមឿន ជួយបង្ហាត់បង្រៀនបន្ថែម ទើបចៅៗខ្ញុំចេះអាន ចេះសរសេរបានត្រឹមត្រូវ ខ្ញុំមិនភ្លេចគុណគាត់ទេ”។
បច្ចុប្បន្ន អ្នកគ្រូមឿន មានវ័យ ៦៤ ឆ្នាំ អ្នកគ្រូនៅតែខិតខំអស់ពីកម្លាំងកាយចិត្ត ជួយបង្រៀនក្មេងៗដែលមានស្ថានភាពលំបាកឱ្យចេះអាន ចេះសរសេរត្រឹមត្រូវ។ គួរឱ្យកោតសរសើរជាងទៀតនោះគឺ អ្នកគ្រូជម្នះលំបាកចិញ្ចឹមកូន ៣ នាក់រៀនសូត្រក្លាយជាគ្រូបង្រៀន។ ក្រៅពីនោះ អ្នកគ្រូនៅទាំងចលនាសប្បុរសជនឧបត្ថម្ភជាអំណោយ សៀវភៅ សម្លៀកបំពាក់ អង្ករ របស់ប្រើប្រាស់ដល់ក្មេងៗ។ អ្នកគ្រូមឿន សំណេះសំណាល៖ “ខ្ញុំបង្រៀនក្មេងៗទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីកូនៗ ហើយនេះ គឺជាទង្វើមួយដែលខ្ញុំស្រឡាញ់ចូលចិត្តខ្លាំង។ ឃើញក្មួយៗមករៀនទៀងទាត់ ចេះអាន ចេះសរសេរ ចេះធ្វើលេខ ស្លូតបូត សុភាពរាបសា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ហើយរឹតតែសប្បាយចិត្តពេលឃើញក្មេងៗដែលខ្ញុំធ្លាប់បានបង្រៀន មានរបរធ្វើលំនឹង ហើយមកដល់ផ្ទះជំនួយ ដើម្បីខ្ញុំបន្តការរក្សាបើកថ្នាក់រៀន មេត្តាធម៌”៕
លីធាន-មុនី