មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/02/2023 - 14:55

ប្រសិទ្ធ​ភាព​ពី​ការ​ចិញ្ចឹម​អន្ទង់​ដោយ​មិន​ប្រើ​ភក់​របស់​កសិករ​ខ្មែរ​

ខណៈ​ពេល​ធ្វើ​ជា​ជាង​សាង​សង់​អាង​ចិញ្ចឹម​អន្ទង់ លោក​ថាច់​កឿង​ នៅ​ពី​ភូមិ​ ៥ ឃុំ​សា​ភៀង​ ស្រុក​​ឡុង​ម៉ី ខេត្ត​ហូវ​យ៉ាង​ រៀន​សូត្រ​បាន​ពី​វិធី​ចិញ្ចឹម​អន្ទង់​ដោយ​មិន​ប្រើ​ភក់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ បច្ចុប្បន្ន​ គ្រួសារ​គាត់​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​ឈាន​ឡើង​ធូរ​ធារ​ផ្ដើម​ពី​ការ​ចិញ្ចឹម​អន្ទង់​នេះ​ឯង។

លោក​ថាច់​កឿង​កំ​ពុង​ផ្តល់​ចំ​ណី​អន្ទង់។

ឆ្នាំ ២០១៩ លោក​ថាច់​កឿង​ បាន​កែ​ប្រែ​ទ្រុង​ចិញ្ចឹម​ជ្រូក ដោយ​ក្រាល​ឥដ្ឋ​កាចា សាង​សង់​បំ​ពង់​បង្ហូរ​ទឹក​និង​ទិញ​សំ​ណាញ់​សម្រាប់​ចិញ្ចឹម​អន្ទង់។ លោក​កឿង​ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​ធ្វើ​ជាង​កំ​បោរ ម៉្លោះ​ហើយ​តែង​មាន​មនុស្ស​ជា​ច្រើន​ហៅ​ទៅ​សង់​អាង​ចិញ្ចឹម​អន្ទង់ ដោយ​ឃើញ​អ្នក​ទាំង​នោះ​ចិញ្ចឹម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ទើប​ខ្ញុំ​សួរ​ពីរ​បៀប​ចិញ្ចឹម​។ ការ​ចិញ្ចឹម​អន្ទង់ ដោយ​មិន​ប្រើ​ភក់​ងាយ​ស្រួល​ចិញ្ចឹម​ សម​ស្រប​ជា​មួយ​នឹង​អ្នក​ក្រ និង​អ្នក​គ្មាន​ដី​ផលិត​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចិញ្ចឹម​សាក​ល្បង​។ ឆ្នាំ​ ២០១៩ ខ្ញុំ​បាន​ទិញ​អន្ទង់​ចំ​នួន​ ១៣.០០០ ក្បាល ក្នុង​តម្លៃ​ ៤.៤០០ ដុង​/ក្បាល យក​មក​ចិញ្ចឹម​។ ខ្ញុំ​ថែទាំ​ឱ្យ​ចំ​ណី​តាម​វិធី​ដូច​បាន​ណែ​នាំ​ និង​មើល​វីដេអូ​ចិញ្ចឹម​អន្ទង់​តាម​ប្រពន្ធ​អីុន​ធឺ​ណែត។ បន្ទាប់​ពី​ចិញ្ចឹម​បាន​ ១១ ខែ​អន្ទង់​ក៏​ធាត់​ធំ​ ប្រ​មូល​ផល​បាន​ជាង​ ២,៤ តោន​អន្ទង់​ពាណិជ្ជ​កម្ម​ លក់​ក្នុង​តម្លៃ​ ១៥៥.០០០ ដុង​/គីឡូក្រាម។ ក្រោយ​ពី​ទូទាត់​ចំ​ណាយ​រួច​រាល់​ ខ្ញុំ​នៅ​បាន​ចំ​ណេញ​បាន​ជាង​ ១២០ លាន​ដុង​”។

ជោគ​ជ័យ​ដំបូង​បាន​ជួយ​ឱ្យ​លោក​ថាច់​កឿង​ កាន់​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ចិញ្ចឹម​អន្ទង់។ ទន្ទឹម​នឹង​នោះ​ គាត់​ក៏​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ចិញ្ចឹម​អន្ទង់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​។ តាម​ប្រ​សាសន៍​លោក​កឿង​ ការ​ចិញ្ចឹម​អន្ទង់​ដោយ​មិន​ប្រើ​ភក់​គឺ​ងាយ​ស្រួល​ណាស់​ សំ​ខាន់​គឺ​ធានា​ទឹក​ក្នុង​អាង​ឱ្យ​បាន​ស្អាត​ អន្ទង់​ស៊ី​ចំ​ណី​ពូកែ​គឺ​ ឆាប់​ធំ​ហើយ​។ ដំបូង​ឡើយ​ចង់​ដឹង​ថា​អន្ទង់​ស៊ី​ចំ​ណី​បាន​ប៉ុន្មាននោះ​ ពេល​ទិញ​អន្ទង់​មក​ព្រលែង​ចុះ​ទៅ​ក្នុង​អាង ទុក​អន្ទង់​ឱ្យ​លំ​នឹង​ជា​មុន​សិន​ រួច​ហើយ​ឱ្យ​អន្ទង់​ស៊ី​ចំ​ណី​ដោយ​សេរី។ ប្រសិន​បើអន្ទង់​ស៊ី​អា​ហារ​បាន​ ១ ពែង​ ថ្ងៃ​បន្ត​បន្ទាប់​គឺ​ឱ្យ​អា​ហារ​ប្រហែល​ ៨០% នៃ​ពែង​នោះ​។ ប្រភេទ​អា​ហារ​ និង​បរិ​មាណ​អា​ហារ​នឹង​ផ្លាស់​ប្តូរ​ទៅ​តាម​ខែ​នីមួយ​ៗនៃ​ការ​លូត​លាស់​របស់​អន្ទង់។ ចំ​ណែក​កម្រិត​ទឹក​បើ​អន្ទង់​មាន​ដង​ខ្លួន​វែង​ប្រហែល​ ១៥ សង់​ទីម៉ែត្រ​ គឺ​ត្រូវ​បង្ហូរ​ទឹក​លិច​ប្រហែល​ ១២ សង់​ទីម៉ែត្រ​ ហើយ​ដាក់​សំ​ណាញ់​ឱ្យ​អន្ទង់​លំ​នឹង​ (ជា​មធ្យម​អាង ៦ម២ គឺ​ត្រូវ​ការ​ទឹក​ប្រមាណ​ ២ ពាន់​លីត្រ)។ លោក​​ថាច់​កឿង​ សង្កត់​ធ្ងន់​៖ “អន្ទង់​ត្រូវ​ការ​ផ្តល់​ចំ​ណី​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​ព្រឹក​និង​ពេល​រសៀល​។ ផ្លាស់​ប្តូរ​ទឹក​ ៣ ដង/ថ្ងៃ​ (ទឹក​ស្អាត​)។ តាម​ធម្ម​តា នៅ​ម៉ោង​ ៤ ព្រឹក​គឺ​ផ្លាស់​ប្តូរ​ទឹក​ជាលើក​ទី ១; រហូត​ដល់​ម៉ោង​ ៧ ព្រឹក​ គឺ​ផ្តល់​ចំ​ណី ក្រោយ​ពី​ផ្តល់​ចំ​ណី​ប្រហែល​ ៤ ម៉ោង​ ទើប​ប្តូរ​ទឹក​ជា​លើក​ ទី​២។ ចំ​ណែក​ពេល​រសៀល​ បន្ទាប់​ពី​ឱ្យ​ចំ​ណី​អន្ទង់​រួច​ ប្រមាណ​ជា ៤ ម៉ោង​ក្រោយ​ ទើប​ប្តូរ​ទឹក​ជា​លើក​ទី ៣ ដើម្បី​ធានា​ទឹក​ឱ្យ​បាន​ស្អាត​។ ខណៈ​ពេល​ប្តូរ​ទឹក​ត្រូវ​សង្កេត​ឱ្យ​ច្បាស់​ បើឃើញ​អា​ហារ​សល់​ច្រើន​ អន្ទង់​ហែប​ទៅ​ហែប​មក​ ត្រូវ​កាត់​បន្ថយ​បរិ​មាណ​អា​ហារ​ ហើយ​ទិញ​ថ្នាំ​រំ​លាយ​អា​ហារ​មក​លាយ​ជាអា​ហារ​ឱ្យ​អន្ទង់​ស៊ី​។ អន្ទង់​ងាយ​ចិញ្ចឹម​ មិន​សូវមាន​ជំងឺ​ ដូច្នេះ​អន្ទង់រំ​លាយ​អា​ហារ​បាន​ល្អ​ ឱ្យ​តែ​ស៊ី​ពូកែ​គឺ​ឆាប់​ធំ​។ អន្ទង់​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ពី​ ១០-១២ ខែ​គឺ​អាច​លក់​បាន​ហើយ​។

លោក​កឿង​ ទើប​តែ​ប្រមូល​ផល​អន្ទង់​ចំ​នួន​ ៦ អាង ដោយ​មាន​អន្ទង់ចំ​នួន​ ២០.០០០ ក្បាល សម្រេច​ទម្ងន់​ជាង​ ៣,៥ តោន​ លក់​ក្នុង​តម្លៃ​ ១១៤.០០០ ដុង​/គីឡូក្រាម។ បន្ទាប់​ពី​ទូទាត់​ ចំ​ណាយ​រួច​រាល់​ គាត់​នៅ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ២៥០ លាន​ដុង​។ បច្ចុប្បន្ន​ កូន​ទាំង​ ២ នាក់​របស់​លោក​កឿង​ ក៏​មាន​ជីវ​ភាព​លំ​នឹង​ផ្ដើម​ពី​ការ​ចិញ្ចឹម​អន្ទង់​ដោយ​មិន​ប្រើ​ភក់​នេះ​ដែរ​៕         

               យ្វីអាញ - ប្រែសម្រួល​៖ វ៉ាន​តឹន​

ចែករំលែកអត្ថបទ