មកកាន់ភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ សួររកលោកពូថាច់ចន្ទ អ្នកណាក៏ស្គាល់ដែរ ពីព្រោះគាត់គឺជាកសិករឆ្នើមម្នាក់ក្នុងចំណោមកសិករទាំងឡាយនៅភូមិភាគ។
លោកពូថាច់ចន្ទ (ខាងស្តាំ) កំពុងដោះដូរយោបល់អំពីការចិញ្ចឹមគោជាមួយ
នឹងប្រធានសមាគមកសិករឃុំភឿកហ៊ឹង។
លោកពូថាច់ចន្ទ រៀបរាប់៖ “ខ្ញុំរៀបការកាលពីឆ្នាំ ១៩៨៨ ចេញនៅដោយឡែកមានដីស្រែទួលតែប៉ុន្មានកុងប៉ុណ្ណោះ ក្នុងការបង្កបង្កើនផល ប្រព័ន្ធធារាសាស្រ្តនៅខ្វះខាត។ គ្រួសារខ្ញុំនិងកសិករស្ទើរតែទាំងអស់នៅក្នុងឃុំ ផលិតស្រូវមួយឆ្នាំបានតែ ១ រដូវ (ស្ទូងស្រូវធ្ងន់) ទិន្នផលសម្រេចបានតែ ១,៦-២ តោន/ហិកតា។ ដើម្បីធ្វើមានបានពីការផលិតស្រូវ ខ្ញុំចូលរួមវគ្គហ្វឹកហាត់វិទ្យាសាស្ត្របច្ចេកទេស ដែលរៀបចំដោយរដ្ឋអំណាចភូមិភាគ និងផ្នែកជំនាញ ៘ បន្ទាប់មក ខ្ញុំបានចលនាកសិកររួមជាមួយនឹងរដ្ឋអំណាចភូមិភាគជីកប្រឡាយដើម្បីមានទឹកសាប បន្សាបជាតិប្រៃ ម្ចាស់ការក្នុងការបូមទឹកចូលស្រែ។ ខណៈប្រភពទឹកត្រូវបានធានា គួបផ្សំនឹងបច្ចេកទេស ដែលបានរៀនគ្រួសារខ្ញុំនិងកសិករនៅទីនេះ ធ្វើកើនឡើង ២ រដូវក្នុងមួយឆ្នាំ បន្ទាប់មកទៀត ៣ រដូវ ទិន្នផលសម្រេច ៥,៥-៨ តោន/ហិកតា។ ប្រាក់ចំណូលដែលបានមកពីការផលិតស្រូវ ខ្ញុំសន្សែសន្សំនិងទិញដីបន្ថែម។ បច្ចុប្បន្ន ខ្ញុំមានដីស្រែជាង ១២ ហិកតា”។
លោកពូថាច់ចន្ទ កំពុងថែទាំហ្វូងគោរបស់គ្រួសារ។
ចាប់ពីរដ្ឋមានគោលការណ៍អភិវឌ្ឍទម្រង់ “វាលស្រែគំរូខ្នាតធំ” លោកពូថាច់ចន្ទ មិនរារែកក្នុងការស្នើរដ្ឋអំណាចភូមិភាគកសាង “វាលស្រែគំរូខ្នាតធំ” ក្នុងភូមិនិងឃុំ បានដោយសហការជាមួយនឹងម្ចាស់អាជីវកម្មលក់សម្ភារៈកសិកម្មក្នុង និងក្រៅខេត្តក្នុងការផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រមូលទិញកសិផលដើម្បីកាត់បន្ថយប្រាក់ចំណាយ កើនប្រាក់ចំណេញសម្រាប់ខ្លួនគាត់ និងកសិករ៘ ដោយអនុវត្តការបង្វែររចនាសម្ព័ន្ធផលិតកម្ម លោកពូបានផ្ទេរដីជាង ១ ហិកតាដែលផលិតស្រូវផ្តល់ទិន្នផលទាប ងាកមកដាំដូងវិញ សង់រោងចិញ្ចឹមគោ ជ្រូក មាន់ ទា៘ រៀងរាល់ឆ្នាំ ជាមួយនឹងទម្រង់ខាងលើ ក្រោយពីទូទាត់រួចស្រេច គ្រួសារគាត់រកបានប្រាក់ចំណេញជាង ៩០០ លានដុង។
លោកផាមហ៊ឺវតឹម ប្រធានសមាគមកសិករ ឃុំភឿកហ៊ឹង ឱ្យដឹង៖ “លោកពូថាច់ចន្ទ គឺជាកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ស្រុក និងថ្នាក់ខេត្ត។ ពិសេស កាលពីឆ្នាំ ២០១៦ លោកពូគឺជាកសិករឆ្នើមម្នាក់ក្នុងចំណោមកសិករឆ្នើមទាំង ៦៣ នាក់តំណាងឱ្យកសិករទាំង ៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស បានមជ្ឈិមសមាគមកសិករវៀតណាមផ្ដល់ជូនកិត្តិនាម “កសិករវៀតណាមឆ្នើម” ហើយជាកសិករខ្មែរតែម្នាក់គត់របស់ខេត្តត្រាវិញនិងតំបន់វាលរាបទន្លេគឺវឡុងដែលទទួលបានកិត្តិនាមនេះ។ មិនត្រឹមតែជាកសិករផលិតនិងធ្វើអាជីវកម្មពូកែប៉ុណ្ណោះទេ គាត់ថែមទាំងជាអ្នកឈានមុខរាល់ចលនានៅភូមិភាគទៀតផង លោកពូបានបរិច្ចាគដីជិត ០,៥ ហិកតារបស់គ្រួសារ ដើម្បីភូមិជីកប្រឡាយសម្រាប់បម្រើការស្រោចស្រពដល់មាមីងក្នុងភូមិទៀតផង។ ក្នុងឱកាសវិស្សមកាល គាត់បានសហការនឹងរដ្ឋអំណាចភូមិភាគឧបត្ថម្ភទិញសៀវភៅគិតជាទឹកប្រាក់ជាង ៥ លានដុង ផ្តល់ជូនប្អូនៗសិស្សានុសិស្សរៀនអក្សរខ្មែរក្នុងភូមិផងដែរ”៕
សើុងម៉ាល័យ-លីសៀ