មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/01/2023 - 10:11

ឃុំ​ជាយ​ក្រុង​ ថើយ​ស្វឹង

រឿង​រ៉ាវ​អំ​ពី​ភាព​រីក​ចម្រើន​នៅ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ នោះ​គឺ​ឃុំ​ថើយ​ស្វឹង ស្រុក​កើ-ដ ក្រុង​កឹង​ធើ តែង​ទទួល​បាន​ការ​ស្ងើច​សរ​សើរ​សម្រាប់​អ្នក​ដែល​ធ្លាប់​ដឹង​ពី​ឃុំ​ថើយ​ស្វឹង ក្នុង​ដំ​ណាក់​កាល​ដ៏​លំ​បាក​កាល​ពី​មុន​។

រថ​យន្ត​ដឹក​កម្ម​ករ​រង់​ចាំ​នៅ​មជ្ឈ​មណ្ឌល​ឃុំ​។

បង​ត្រឹង​ត្វឹង​វៀត​ អនុ​ប្រធាន​គណៈ​ឃោស​នាអប់រំ​ស្រុក​កើ-ដ ជូន​ដំ​ណឹង​ល្អ​៖ ឃុំ​ថើយ​ស្វឹង ទើប​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺផ្លូវ​សម្រេច​រួច​រាល់​នៅ​តាម​ភូមិ​ចំ​នួន​ ២ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​គឺ​ ថើយ​ទ្រឿង១ និង​ថើយ​ទ្រឿង២។ សំ​ណង់​ “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” នៅ​លើ​ភូមិ​សាស្រ្ត​ភូមិ​ទាំង​២នេះ​ អា​ស្រ័យ​រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​ មាន​អត្ថ​ប្រ​យោជន៍​យ៉ាង​ធំ​ធេង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​។ បង​ស្រី​ថាច់​ធី​ជា នៅ​ភូមិ​ថើយ​ទ្រឿង២ រៀប​រាប់​ឱ្យ​ដឹង​៖ “ពី​មុន​ មាមីង​ក្នុង​ភូមិ​ បើ​ចង់​ទៅ​ផ្សារ​កើ-ដ គឺ​ត្រូវ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ ប្រប​មាត់​ប្រ​ឡាយ​ឡុង​អុង ដែល​មាន​ភាព​ទ្រុឌ​ទ្រោម និង​តូច​ចង្អៀត។ បើ​ចង់​ទៅ​ផ្សារ​ពី​ព្រឹក​ព្រ​លឹម​ ឬ​មក​យឺត​នោះ​ គឺ​ដង​ផ្លូវ​ងងឹត​ឈឹង ងាយ​នឹង​ធ្លាក់​ស្ពាន ឬ​ធ្លាក់​រណ្តៅ​ណាស់​។ ប៉ុន្តែ​ ឥឡូវ​នេះ​ផ្សេង​អស់​ហើយ​ ចង់​ទៅ​ពេល​ថ្ងៃ​ ឬពេល​យប់​សុទ្ធ​តែ​ងាយ​ស្រួល​ទាំង​អស់​។ ដង​ផ្លូវ​រាប​រលូន ពេល​យប់​ភ្លឺ​ចិញ្ចាច”។ ដោយ​សារ​ផ្ទះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ផ្សារ​ទី​ប្រជុំ​ជន​កើ-ដ ហេតុ​នោះ​បង​ប្អូន​នារី​ភាគ​ច្រើន​នៅ​ភូមិ​ថើយ​ទ្រឿង១ តែង​ចង់​ទៅ​ផ្សារ​ទីប្រជុំ​ជន​លក់​ដូរ​បន្តិច​បន្តួច​នៅ​ពេល​យប់​។ បង​ស្រីយ័ញ​ធីហៀង​ នៅ​ភូមិ​ថើយ​ទ្រឿង១ ឱ្យ​ដឹង​៖ “ខ្ញុំ​គិត​ទៅ​លក់​នំ​ក្រៀប​ឆ្អើរ និង​លក់​ដំឡូង​ដុត​នៅ​ផ្សារ​ទីប្រ​ជុំ​ជន​ក្នុង​អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​ជិត​បុណ្យចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ពី​ព្រោះ​ផ្សារ​ទីប្រ​ជុំ​ជន​ពេល​យប់​ឥឡូវ​សប្បាយ​ណាស់​។ ហើយ​មិន​សូវ​បង់​ដើម​ទុន​ទៀត​ផង​ បើ​លក់​បាន​ យើង​ក៏​មាន​ប្រាក់​ចេញ​ចូល​សម្រាប់​ចាយ​វាយ​ដែរ​”។

ថ្នាក់​ដឹក​នាំ​ឃុំ​ថើយ​ស្វឹង ថត​រូប​លើ​ដង​ផ្លូវ​ដែល​បាន​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​។ រូប​៖ ត្វឹងវៀត

មិន​ត្រឹម​តែ​គិត​នោះ​ទេ ប្តីប្រ​ពន្ធ​បង​ស្រីយ័ញ​ធី​ធ្វី នៅ​ភូមិ​ថើយ​ទ្រឿង១ ពេល​ឃើញ​ផ្លូវ​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​តាម​ភូមិ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​។ ពី​ព្រោះ​ពី​មុន​ រៀង​រាល់​ពេល​ព្រឹក​និង​ពេល​រសៀល​ បង​ស្រី​តែង​ឌុប​ប្តី​ចេញ​ទៅ​មជ្ឈ​មណ្ឌល​ឃុំ​ ដើម្បី​ឡើង​រថ​យន្ត​ដឹក​កម្ម​ករ​ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ត្រា​ណុក​ ឥឡូវ​មិន​ចំ​ណាយ​ពេល​ដល់​ការ​ងារ​នេះ​ទៀត​។ បង​ស្រី​ធ្វី រៀប​រាប់​៖ “ផ្ទះ​ខ្ញុំ​បើក​ហាង​លក់​គ្រឿង​ទេស​ និង​មាន​កូន​តូច​ត្រូវ​ជូន​ទៅ​រៀន​រាល់​ថ្ងៃ​ ម្ល៉ោះ​ហើយ​ការ​ងារ​រវល់​ណាស់​។ ប្តី​ខ្ញុំ​ឃើញ​ផ្លូវ​មាន​ភ្លើង​អគ្គិសនី​ដូច្នេះ​ គាត់​ក៏​ទិញ​កង់​ដើម្បី​កូន​ទៅ​មក​ដោយ​ខ្លួន​ឯង មិន​បាច់​ជូន​និង​ទទួល​ដូច​មុន​ទៀត​។ អា​ស្រ័យ​ហេតុ​នោះ​     ខ្ញុំ​មាន​ពេល​លក់​ដូរ​និង​ថែទាំ​កូន​បាន​ល្អ​ជាង”។

និយាយ​ពី​ភាព​រីក​ចម្រើន​របស់​ឃុំ​ថើយ​ស្វឹង បង​ឡេ​ក្វឹក​វៀត​ ប្រធាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ឃុំ​ថើយ​ស្វឹង ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ភូមិ​ភាគ​បាន​អនុវត្ត​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ និង​កម្ម​វិធី​ ១៣៥ ។ល។ ម្ល៉ោះ​ហើយ​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​មាន​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​អនុវត្ត​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដែល​រដ្ឋ​ឧបត្ថម្ភ​។ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​របស់​ប្រជាជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​មាន​ភាព​លូត​លាស់​ច្រើន​”៕

                               ហា​ថាញ់​-វិមាន​

ចែករំលែកអត្ថបទ