រយៈពេលកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ បានជំរុញការផ្សព្វផ្សាយកសាងទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារធ្វើដល់កសិករ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះ មានទម្រង់ដាំឈូកយកក្រឳ ផ្ដល់ប្រាក់ចំណូលខ្ពស់ដល់កសិករ។
ទម្រង់ដាំឈូកយកក្រឳ របស់បងស្រីថាច់ធីញ៉ឹក ។
បងស្រីថាច់ធីញ៉ឹក ភូមិបាទីវ ឱ្យដឹងៈ “ដីនៅទីនេះជាដីទំទាបនិងជ្រាបជាតិប្រៃ ធ្វើស្រូវមិនសូវបានផល។ ក្រោយពីទៅទស្សនា ទម្រង់ដាំឈូកក្នុងនិងក្រៅខេត្ត ដែលនាំមកនូវប្រសិទ្ធភាព គ្រួសារខ្ញុំបានកែប្រែដី ៤ កុងសម្រាប់ដាំឈូកយកក្រឳ។ ដំណាំឈូកងាយដាំ មិនសូវបង់កម្លាំងថែទាំ រីឯជីវិញគឺប្រើប្រាស់តិចបំផុត; សម្រាប់ដំណាក់កាលដកក្រឳអូសបន្លាយពេញមួយឆ្នាំ បន្ទាប់ពីដាំប្រមាណ ២-៣ ខែអាចប្រមូលផលបាន។ ដំណាំឈូករដូវភ្លៀងប្រមូលផលក្រឳបានតិចជាងរដូវប្រាំង។ សព្វថ្ងៃចន្លោះតែមួយថ្ងៃ គឺខ្ញុំប្រមូលផលក្រឳឈូកម្ដងពី ១០- ២០ គីឡូក្រាម លក់ក្នុងតម្លៃ ២០.០០០-២៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ជាមធ្យមក្នុងមួយខែ រកបានចំណូល ៥ លានដុង បើប្រៀបនឹងធ្វើស្រូវគឺខ្ពស់ជាងច្រើនដង”។
ចំណែកបងស្រីថាច់ធីបុង នៅភូមិបាទីវដែរ ឱ្យដឹងដោយក្ដីរីករាយៈ “សព្វថ្ងៃជីវភាពគ្រួសារខ្ញុំបានលំនឹងគឺអាស្រ័យការដាំឈូក។ ដំណាំឈូកចំណាយដើមទុនតិច មិនសូវមានជំងឺ និងមិនសូវបង់កម្លាំងថែទាំដូចដំណាំផ្សេងៗនោះទេ។ ទើបដាំដំបូងខ្ញុំជួបការលំបាកខ្លះៗដែរ ប៉ុន្តែ ជាសន្សឹមៗក៏មានបទពិសោធន៍ក្នុងការដាំឈូក។ ឈូកចាស់បន្តិចក៏ចាប់ផ្ដើមប្រមូលផលរហូតដល់ជិតដាច់ឆ្នាំ (អំឡុងខែ ១០ ទៅខែ ១២)។ បន្ទាប់ពីប្រមូលផលបានមួយរយៈ បើឈូកដុះក្រាស់ពេក គុណភាពក្រឳមិនសូវបានល្អ ខ្ញុំក៏យកម៉ាស៊ីនរាស់ជាជ្រលងៗឱ្យស្ដើងរំលស់ និងបាចជីដើម្បីឱ្យឈូកលូតលាស់ជាបន្ត។ យើងគិតស្មានៗ ផ្ទៃដីដាំឈូក ២ កុងក្នុងមួយខែ ប្រមូលផល ១៥ ថ្ងៃ ជាមធ្យមក្នុងមួយថ្ងៃបានប្រមាណពី ៧-១០ គីឡូក្រាម លក់ក្នុងតម្លៃ ២០.០០០-២៥.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់រួចស្រេចខ្ញុំរកចំណូលបានជាង ២,៥ លានដុងក្នុងមួយខែ”។
លោកថាច់ខើយងៀ លេខាបក្សឃុំដាឡុក ឱ្យដឹងៈ “ការអនុវត្តបង្វែររចនាសម្ព័ន្ធផលិតកម្មដែលឃុំបំផុសឡើង ប្រជាជនរស់នៅតំបន់ដីទំនាប ជាក់ស្ដែងនៅភូមិបាទីវនិងភូមិហឹងភូវ B មិនអល់អែកក្នុងការបង្វែរផ្ទៃដីដែលធ្វើស្រូវមិនសូវបានផល ប្ដូរមកដាំឈូកយកក្រឳវិញ ផ្ដល់ប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើប្រៀបនឹងធ្វើស្រូវ។ ដំណាំនេះមានប្រៀបខាងពេលវេលា ប្រមូលផលយូរ មិនសូវបង់ដើមទុននិងកម្លាំងថែទាំ ផលិតផលងាយលក់ចេញ។ របរដាំឈូកយកក្រឳលើភូមិសាស្រ្តឃុំ គឺជាទម្រង់ដាំដុះ សមស្របជាមួយនឹងកសិករ។ ដើម្បីពង្រីកទម្រង់ដាំឈូកនេះបានយូរអង្វែង ភូមិភាគបានរៀបចំវគ្គហ្វឹកហ្វឺនបច្ចេកទេសដាំដុះ និងរបៀបបង្ការជំងឺជារឿយៗដល់កសិករ។ ទន្ទឹមនឹងនោះ ណែនាំប្រជាជនដាំឈូកគួបផ្សំនឹងការដាំផ្លាស់វេនគ្នាជាមួយនឹងប្រភេទដំណាំផ្សេងទៀត ដើម្បីការពារបរិស្ថាន និងបង្កើនប្រាក់ចំណូល៕
ម៉ាល័យ -ពេជ្រសឿន