លោកយាយថាច់ធីនាង នៅភូមិបៀងដុង B ឃុំវិញត្រាច់ដុង ក្រុងបាកលីវ មានរយៈពេលជាង ៤០ ឆ្នាំផ្សារភ្ជាប់នឹងរបរធ្វើនំខ្ញី។ ក្នុងអំឡុងពេលនោះ លោកយាយបានបង្រៀនរបរនេះបន្តឱ្យកូនចៅខ្មែរជាច្រើននៅភូមិស្រុក។
លោកយាយថាច់ធីនាង កំពុងបំពងនំខ្ញី។
រៀងរាល់ឆ្នាំ ឱ្យតែដល់ឱកាសពិធីបុណ្យផ្សេងៗ ឬក៏ក្នុងវត្តគម្ភីរសាគរព្រែកជ្រៅ មានពិធីបុណ្យទានអ្វីមួយ លោកយាយ រួមជាមួយមាមីងខ្មែរចាត់ចែងធ្វើនំខ្ញី នំម្ទេស ឬនំពងមាន់។ល។ ទុកសម្រាប់ទទួលភ្ញៀវជិតឆ្ងាយ។ លោកយាយជាអ្នកបង្ហាញពីវិធីលាយម្សៅ និងណែនាំរបៀប ធ្វើ។ បច្ចុប្បន្ន ការធ្វើនំនៅក្នុងវត្តបានក្លាយជាចលនាមួយ បានទាក់ទាញមនុស្សម្នាមកចូលរួមធ្វើនំកាន់តែច្រើនឡើងៗ។
តាមប្រសាសន៍លោកយាយ នំខ្ញីជាទូទៅ ត្រូវបានទុកសម្រាប់ទទួលភ្ញៀវជាងនេះទៅទៀត នំខ្ញីគឺជាប្រភេទនំដ៏សំខាន់ម្យ៉ាងមិនអាចខ្វះបានសម្រាប់ដាក់សែនដូនតាក្នុងពិធីមង្គលការរបស់ជនរួមជាតិខ្មែរផងដែរ។ លោកយាយ ឱ្យដឹង៖ “ខ្ញុំចេះធ្វើនំខ្ញីកាលពីទើបធំដឹងក្តីម៉្លេះ ចេះបន្តពីម្តាយ។ ពីព្រោះកាលនោះ ឱ្យតែដល់ថ្ងៃបុណ្យទានម្តងៗ ផ្ទះណាក៏ដូចជាផ្ទះណាដែរ តែងធ្វើនំខ្ញីដើម្បីយកទៅវត្ត ជូនចាស់ទុំក្នុងភូមិ ស្រុក ឬសម្រាប់ទទួលភ្ញៀវជាដើម។ ចំណែកសព្វថ្ងៃនេះ ទីផ្សារមាននំនែកសម្បូរបែបណាស់ ម្ល៉ោះហើយមិនសូវមានអ្នកធ្វើទេ។ ហេតុនោះ ខណៈពេលក្នុងវត្តមានពិធីបុណ្យទានអ្វីមួយ មាមីងក៏ប្រមូលគ្នាមកធ្វើនំប្រពៃណី។ ពិសេស ព្រះចៅអធិការវត្តព្រែកជ្រៅ ព្រះអង្គយកព្រះទ័យទុកដាក់ដល់ការអភិរក្សរបរធ្វើនំខ្ញីនេះណាស់ ហេតុនោះ មាមីងក៏បានប្រមូលគ្នាមកវត្តធ្វើតែម្តង។ ដូច្នេះហើយទើបមានមនុស្សជាច្រើនចេះធ្វើនំប្រពៃណី”។
ខ្ញី នំពងមាន់ត្រូវបានលោកយាយនាង ស្អិតស្អាង (នេះជារបៀបតុបតែងសម្រាប់ដាក់សែនដូនតាក្នុងពិធីមង្គលការរបស់ជនរួមជាតិខ្មែរ)។
តាមការរៀបរាប់របស់លោកយាយនាង នំខ្ញីត្រូវបានធ្វើពីម្សៅដំណើបនិងពងមាន់ញីបញ្ចូលគ្នា រួចលញ់ជានំខ្ញី។ ម្យ៉ាងទៀត នំមានខ្នែងតូចៗដូចជាមើមខ្ញី ទើបចាស់ទុំគាត់ដាក់ឈ្មោះថានំ ខ្ញី។ ប្លែកពីនំឯទៀត នំខ្ញីធ្វើរួចហើយត្រូវដាក់ត្រាំក្នុងខ្ទះប្រេងពេលពេញខ្ទះ ទើបយកទៅដាក់ឡើងចង្រ្កានបំពងរហូតដល់ឡើងក្រហម ទើបស្រង់ដាក់កញ្រ្ចែងទុកឱ្យត្រជាក់។ បន្ទាប់មក យកទៅប្រឡាក់ស្ករទុកសម្រាប់ទទួលភ្ញៀវ បើទុកសែនក្នុងពិធីមង្គលការវិញ គឺមិនបាច់ប្រឡាក់ស្ករទេ។ បងស្រី លីធីសាធា កំពុងធ្វើនំខ្ញី ឱ្យដឹង៖ “ខ្ញុំនិងបងប្អូននារីភាគច្រើនមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ ចេះធ្វើនំខ្ញី នំម្ទេស និងនំពងមាន់។ល។ គឺដោយសារចូលមកវត្តធ្វើនំ ហើយបានលោកយាយនាងគាត់បង្ហាញពីរបៀបធ្វើ។ លោកយាយ ថែមទាំងប្រាប់ពីវិធីបើចង់ធ្វើនំខ្ញីឱ្យស្រួយត្រូវច្របាច់ក្រូចឆ្មារមួយចំណិតនៅពេលបំពង។ លោកយាយពិតជាមានថ្វីដៃប៉ិនប្រសប់ក្នុងការធ្វើនំ ហើយនំដែលគាត់ធ្វើគឺមានរសជាតិឆ្ងាញ់ពិសាណាស់”។
ព្រះតេជព្រះគុណ យឿងក្វឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ មានថេរដីកា៖ “ក្នុងឱកាសពិធីបុណ្យទាន វត្តតែងចាត់ចែងធ្វើនំ ហើយក៏បានអញ្ជើញលោកយាយថាច់ធីនាង រួមជាមួយពុទ្ធបរិស័ទជាច្រើនទៀតមកវត្តធ្វើនំ ដើម្បីឧទ្ទេសនាមបង្ហាញពីនំប្រពៃណីរបស់ជនជាតិដល់ភ្ញៀវជិតឆ្ងាយបានស្គាល់។ ទន្ទឹមនឹងនោះ ដើម្បីបង្រៀនរបរដល់កូនចៅខ្មែរជំនាន់ក្រោយ ចេះបៀបធ្វើនំប្រពៃណីដែលដូនតាយើងបន្សល់ទុកមក។ ផ្តើមពីនោះ យល់ដឹងពីលក្ខណៈពិសេសនៃនំប្រពៃណីដើម្បីព្រួតដៃគ្នាថែរក្សានិងពង្រីក”៕
យ្វីអាញ-លីសៀ