បងយ័ញឡាញ នៅភូមិរ៉ាច់ធៀ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង រៀបរាប់ថា ដោយសារប្ដីប្រពន្ធគាត់ស្រុះស្រួលគ្នា ទើបមានលទ្ធភាពចិញ្ចឹមកូន ២ នាក់រៀនមហាវិទ្យាល័យ និងសេសសល់បានប្រាក់ខ្លះទិញដីស្រែបន្ថែម។
ប្តីប្រពន្ធបងយ័ញឡាញកំពុងចាក់នំ។
និយាយពីកូនគាត់ទាំង ២ នាក់ បងស្រីអ៊ុកកៀ ប្រពន្ធបងឡាញ រំភើបឱ្យដឹង៖ “កូនស្រីច្បងរៀនចប់មហាវិទ្យាល័យព័ត៌មានវិទ្យានៅសាកលវិទ្យាល័យកឹងធើ សព្វថ្ងៃកំពុងធ្វើការឱ្យក្រុមហ៊ុនបរទេសនៅប៊ិញយឿង។ ចំណែកកូនប្រុសពៅ កំពុងសិក្សាឆ្នាំទី ២ មហាវិទ្យាល័យបច្ចេកទេសជួសជុលរថយន្តនៅសាកលវិទ្យាល័យគឺវឡុងនៅឯខេត្តវិញឡុង”។ ចំពោះការជ្រើសរើសមុខវិជ្ជាសិក្សារបស់កូនទាំង ២ នាក់ បងយ័ញឡាញ ឱ្យដឹង៖ “កូនៗខ្ញុំបានស្តាប់លោកគ្រូអ្នកគ្រូផ្ដល់ពិគ្រោះ រួចមកផ្ទះសួរយោបល់ប្តីប្រពន្ធខ្ញុំ តើកូនរៀនមុខវិជ្ជានេះបានទេ។ ពីរនាក់ប្តីប្រពន្ធខ្ញុំមិនច្បាស់លាស់ គ្រាន់តែប្រាប់កូនឱ្យរៀននូវមុខវិជ្ជាណាដែលកូនពេញចិត្ត ឪពុកម្តាយអាចមានលទ្ធភាពចិញ្ចឹមកូនៗឱ្យរៀនរហូតដល់ចេញសាលាដូចមិត្តភក្តិ”។
បងយ័ញឡាញ។
ដើម្បីជឿជាក់ក្នុងការគិតគូរឱ្យកូនៗទាំង ២ នាក់រៀនសូត្របានជោគជ័យ គឺជាដំណាក់ការជម្នះលំបាក គិតគូរវែងឆ្ងាយរបស់គ្រួសារបងស្រីអ៊ុកកៀ។ តាមការរៀបរាប់របស់ប្តីប្រពន្ធបងឡាញ រយៈកាលជាង ២០ ឆ្នាំមុន ពេលរៀបការចេញនៅដោយឡែក ពីរនាក់ប្តីប្រពន្ធគាត់បានឪពុកម្តាយចែកដីស្រែបាន ៣ កុង។ គាត់ប្រកបការងារស្រែចម្ការនិងធ្វើការឈ្នួលបន្ទាប់បន្សំ ប៉ុន្តែមិនឃើញសេសសល់សោះ ម៉្លោះហើយ បងស្រីអ៊ុកកៀ ពិភាក្សាជាមួយនឹងប្តីឆ្លៀតពេលទំនេរពីការងារស្រែចម្ការ បងស្រីធ្វើនំបំពង់ស្លឹកតឺយលក់នៅផ្សារឃុំ។ ពេលឃើញបងស្រីដឹកអីវ៉ាន់សំពីងសំពោងទៅលក់នៅផ្សារស្រុក បងឡាញទ្រាំមិនបាន ទើបឆាប់ក្រោកពីដំណេកដើម្បីជួយរៀបចំឌុបបងស្រីទៅផ្សារ រួចទើបវិលមកផ្ទះធ្វើការងារស្រែចម្ការ។ អាស្រ័យប្តីប្រពន្ធ ស្រុះស្រួលគ្នា កូនៗទាំង ២ នាក់ចូលចិត្តស្រឡាញ់ការសិក្សា ម្ល៉ោះហើយ ជីវភាពគ្រួសារចាប់ផ្តើមឈានឡើងជាបណ្តើរៗ។
ដោយមានចរិតឧស្សាហ៍ព្យាយាមពលកម្មផលិត ចាយវាយប្រិតសំចៃ សន្សែសន្សំប្រាក់ទិញដីស្រែម្តងបន្តិចៗ រហូតមកទល់នឹងបច្ចុប្បន្ន គ្រួសារគាត់ទិញបានដីស្រែចំនួន ២៣ កុង ដូច្នេះ គាត់ជឿជាក់លើខ្លួនឯងថា អាចគិតគូរឱ្យកូនៗ រៀនមហាវិទ្យាល័យបាន។ បងស្រីអ៊ុកកៀ ឱ្យដឹង៖ “កូនស្រីច្បងចេញសាលា ទើបដល់កូនប្រុសពៅចូលរៀនមហាវិទ្យាល័យ ម៉្លោះហើយប្តីប្រពន្ធខ្ញុំមិនសូវបារម្ភប៉ុន្មាននោះទេ។ កាលនៅរៀនថ្នាក់ចំណេះទូទៅ ពួកគេបានរៀននៅសាលាអន្តេវាសិកទាំងពីរនាក់ បានរដ្ឋគិតគូរទាំងស្រុង”។
ឥឡូវ បងឡាញឈប់ទៅការឈ្នួល ប៉ុន្តែឆ្លៀតពេលទំនេរ គាត់ទៅលក់នំជាមួយប្រពន្ធ។ បានប្តីជួយឌុបអីវ៉ាន់ ដូច្នេះ បងស្រីទៅលក់នៅផ្សារដែលមានមនុស្សច្រើនកុះករ គាត់ធ្វើនំច្រើនជាងមុន ម៉្លោះហើយរកបានប្រាក់ចំណូលគួរសម។ បងស្រីកៀ ឱ្យដឹងដោយក្តីរីករាយ៖ “ឥឡូវនេះ ប្ដីខ្ញុំគាត់ជាអ្នកចាក់នំ។ អតិថិជនសរសើរថ្វីដៃគាត់មិនដាច់ពីមាត់”៕
ហាថាញ-មុនី