លោកគឹមជុង នៅភូមិកិញឆាង ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានសម្រេចជោគជ័យជាមួយនឹងទម្រង់ដាំឫស្សីទំពាំងផ្អែម។
លោកគឹមជុង ប្រមូលផលទំពាំងផ្អែម។
លោកគឹមជុង ឱ្យដឹង៖ “ដីនៅតំបន់នេះពិបាកធ្វើស្រែ ផ្ដល់ទិន្នផលទាប។ ដើម្បីធ្វើមាននៅលើផ្ទៃដីរបស់ខ្លួន ខ្ញុំត្រូវតែបង្វែររចនាសម្ព័ន្ធផលិតកម្ម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស។ ដោយការស្វែងយល់នូវទម្រង់ផលិតកម្មពីការដាំដុះ ចិញ្ចឹមសត្វសម្រេចប្រសិទ្ធភាពតាមរយៈសៀវភៅកាសែត និងមធ្យោបាយព័ត៌មានមហាជន ខ្ញុំសង្កេតឃើញទម្រង់ដាំឫស្សីទំពាំងផ្អែមមានប្រសិទ្ធភាព និងសមស្របជាមួយនឹងតំបន់ដីនៅភូមិភាគនេះ ហើយអាចប្រមូលផលពេញមួយឆ្នាំ។ ដោយសារបានសាច់ញាតិនៅភូមិកំពង់ជ្រៃ ឃុំដាឡុក ស្រុកចូវថាញ់ ឧទ្ទេសនាមពីទម្រង់ដាំឫស្សីទំពាំងផ្អែមមានប្រសិទ្ធភាពនៅឆ្នាំ ២០១៩ ខ្ញុំបានទៅភូមិកំពង់ជ្រៃទិញកូនឫស្សីទំពាំងផ្អែមបាន ២៥ មែក មកដាំលើផ្ទៃដីស្រែ ១,៥ កុង។ អាស្រ័យមិនទាន់ក្ដោបក្តាប់បានច្បាស់ពីបច្ចេកទេស ហេតុនោះ កូនទំពាំងរស់បានតែ ៨ មែកប៉ុណ្ណោះ។ ឆ្លងតាមរយៈការស្វែងយល់ពីលទ្ធភាពធំលូតលាស់របស់ឫស្សី និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បច្ចុប្បន្នផ្ទៃដីដាំឫស្សីទំពាំងផ្អែមរបស់គ្រួសារខ្ញុំដាំមានចំនួន ៣ កុង”។
លោកគឹមជុង កំពុងថែទាំឫស្សីទំពាំងផ្អែម។
តាមបទពិសោធន៍របស់លោកជុង ដើម្បីដាំឫស្សីទំពាំងផ្អែមសម្រេចបានប្រសិទ្ធភាពខ្ពស់ កូនឫស្សីពេលយកមកត្រូវតែផ្សាំឱ្យចេញឫសឱ្យបានពូកែជាមុនសិន ទើបយកទៅដាំ។ ដាំឫស្សីទំពាំងផ្អែមមិនទាមទារចំណាយកម្លាំងថែទាំច្រើនទេ ហើយក៏មិនទាមទារបច្ចេកទេសខ្ពស់ដែរ។ ដាំគម្លាតពីគុម្ពមួយទៅគុម្ពប្រមាណ ៨ ម៉ែត្រ អ្នកដាំគប្បីដាក់ជីលាមកសត្វជារឿយៗ។ គប្បីវិនិយោគប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើម្បីងាយស្រួលក្នុងការថែទាំនៅរដូវប្រាំង កាត់បន្ថយកម្មករ និងកាត់បន្ថយចំណាយលើការវិនិយោគ។
ជាមួយនឹងផ្ទៃដី ៣ កុង បច្ចុប្បន្នចម្ការឫស្សីទំពាំងផ្អែមរបស់គាត់មានអាយុកាល ៣ ឆ្នាំ ក្នុងមួយថ្ងៃអាចប្រមូលផលបានពី ៣០-៤០ គីឡូក្រាម តម្លៃនៅរដូវភ្លៀងប្រមាណពី ១២.០០០-១៣.០០០ ដុង/គីឡូក្រាម ចំណែកនៅរដូវក្តៅប្រមាណពី ៧០.០០០-៧៥.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់រួចស្រេចនៅចំណេញបានជិត ២០០ លានដុង/ឆ្នាំ។ ការគុណកម្មពូជឫស្សីមិនលំបាកពេកដែរ អាចកាប់មែកឫស្សីយកទៅបណ្តុះតាមធម្មតា ឬបំបៅដោយផ្ទាល់នៅលើដើមឫស្សីតែម្តង។ ថ្វីដ្បិតដូច្នោះក្តី អ្នកដាំម្នាក់ៗ នឹងមានបច្ចេកទេសនិងបទពិសោធន៍ដោយឡែកពីគ្នា។ បច្ចុប្បន្ន ក្រៅពីដាំឫស្សីទំពាំងផ្អែម លោកជុង នៅទាំងសាកមែកឫស្សីដើម្បីលក់ចេញទៅទីផ្សារតាមតម្រូវរបស់កសិករទៀតផង។
លោកស្រី តូធីធូវឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយ ឱ្យដឹង៖ “លោកជុង គឺជាគំរូមួយរូបក្នុងចំណោមគំរូលេចធ្លោរបស់ឃុំ ឈានមុខក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្មមានប្រសិទ្ធភាព។ ទម្រង់ដាំឫស្សីទំពាំងផ្អែមរបស់គាត់ ផ្តល់ទិន្នផល និងរកបានប្រាក់ចំណូលខ្ពស់។ ក្រៅពីនោះ គាត់ក៏ជាអ្នកមានប្រជាប្រិយមួយរូប នៅតំបន់ជនរួមជាតិខ្មែររស់នៅកុះករ តែងឈានមុខក្នុងការចលនាបដិវត្តន៍នៅភូមិភាគ”៕
សើុងម៉ាល័យ-វិមាន