ជាគ្រូបង្រៀនសាលាបឋមសិក្សា និងអនុវិទ្យាល័យទីប្រជុំជនហងដឹក ២ ស្រុកហងដឹក ខេត្តគៀងយ៉ាង អ្នកគ្រូ ង្វៀងធ្វីត្រាង ស្នាក់នៅមណ្ឌលក្រុងសឺណាម ទីប្រជុំជនហងដឹក បានប្រែក្លាយចម្ការចាស់ឱ្យទៅជាកន្លែងដាំត្រសក់ផ្អែមតាមបចេ្ចកវិទ្យាខ្ពស់។ ពិសេស អ្នកគ្រូដាំត្រសក់ផ្អែមដោយប្រើស្រកីដូង ទឹកល្បាយសម្រាប់ស្រោចនោះគឺ ចេកទុំផ្អាប់ជាមួយនឹងទឹកដោះស្រស់ ដោយមិនប្រើប្រាស់គីមីសោះឡើយ។
កម្មករកំពុងប្រមូលផលត្រសក់ផ្អែមរបស់គ្រួសារអ្នកគ្រូង្វៀងធ្វីត្រាង។
ដំបូង អ្នកគ្រូត្រាងក្តាប់មិនទាន់ច្បាស់លាស់ បច្ចេកទេស ម្ល៉ោះហើយ រដូវដំបូងត្រសក់ផ្អែមផ្តល់ផ្លែតិច ហើយផ្លែមិនបានល្អមកពីការរោយផ្កាលំអងដោយប្រើដៃ។ មិនធ្លាក់ទឹកចិត្ត លុះដល់រដូវទី ២ អ្នកគ្រូត្រាង បានជ្រើសរើសដោយវិធីបញ្ឆោតសត្វកន្លង់ឱ្យមកត្រឹប យកលំអងផ្កាតាមបែបធម្មជាតិវិញ។ វិធានការនេះជួយឱ្យអ្នកគ្រូកាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម អត្រាជាប់ផ្លែបានច្រើនជាង ទិន្នផលផ្លែត្រូវបានធានា មិនចំណាយពេលច្រើនដូចមុន ហើយកាត់បន្ថយបានប្រាក់ចំណាយផង។ ជាពិសេស ការដាំត្រសក់ផ្អែម អនុវត្តងាយស្រួល ដោយសារការប្រើប្រាស់ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិដោយបច្ចេកវិទ្យាស្រោចស្រពតំណក់ពីប្រទេសអុីស្រាអែល។ ប្រព័ន្ធស្រោចស្រពត្រូវបានគ្រប់គ្រងតាមរយៈទូរស័ព្ទឆ្លាតវៃ ម្ល៉ោះហើយ មិនចំណាយពេលថែទាំច្រើននោះទេ។
អ្នកគ្រូត្រាង ឱ្យដឹង៖ “បើប្រៀបធៀបនឹងដំណាំផ្សេងទៀត ត្រសក់ផ្អែមនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង។ ជាពិសេស ប្រភេទកសិផលទាំងនេះ បច្ចុប្បន្នត្រូវបានសហករណ៍ដាំដំណាំសុវត្ថិភាពភឿកអាង នៅស្រុកហើុងក្វាង ខេត្តប៊ិញភឿក ផ្គត់ផ្គង់គ្រាប់ពូជនាំចូលនិងប្រមូលទិញ ម្ល៉ោះហើយមិនបារម្ភពីច្រកចេញនោះទេ។ ម្យ៉ាងទៀត ខ្ញុំបានចុះកិច្ចសន្យាផ្ទេរជូនបច្ចេកវិទ្យាដាំត្រសក់ផ្អែម គួបផ្សំនឹងទេសចរណ៍កម្សាន្តរបស់មជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្ត្រនិងចិត្តសាស្រ្តអប់រំនៅភូក្វឹក”។ បើតាមដឹង ពូជត្រសក់ផ្អែមដែលអ្នកគ្រូត្រាងដាំ មានគុណសម្បត្តិច្រើន ដូចជាងាយដាំ ធន់នឹងជំងឺជាដើម។ ពោលគឺ ត្រសក់មានផ្លែស្មើល្អ ក្រឡាផ្លែរីកក្រាស់ សំបករឹង ម្ល៉ោះហើយក្រោយពីប្រមូលផលអាចរក្សាទុកបានយូរ។ ពូជត្រសក់នេះមានទម្ងន់ជាមធ្យម ពី ១,៤-១,៦ គ.ក ក្នុងមួយផ្លែ ទិន្នផលពី ៣-៣,៥ តោន/១.០០០ ម៉ែត្រការ៉េ។ តាំងពីចុះពូជរហូតដល់ប្រមូលផល គឺប្រើរយៈពេលពី ៦៥-៧០ ថ្ងៃ។ ថ្លៃលក់ដុំ ៣៥.០០០ ដុង/គ.ក លក់រាយ ៦០.០០០ ដុង/គ.ក ក្នុងមួយរដូវ អ្នកគ្រូត្រាង រកបានប្រាក់ចំណេញជិត ១០០ លានដុង ពីផ្ទៃដី ២.០០០ ម៉ែត្រការ៉េ។ ក្នុងមួយឆ្នាំ អ្នកគ្រូដាំពី ៣-៤ រដូវ។
អ្នកគ្រូប្រើប្រាស់ប្រភពវត្ថុធាតុដើមនៅនឹងកន្លែង ដោយដាំចេកខាងក្រោយផ្ទះដើម្បីផ្អាប់ធ្វើជាជីសរីរាង្គសម្រាប់ស្រោចស្រពត្រសក់។ ចាប់ពីពេលចេញផ្ការហូតដល់ប្រមូលផល អ្នកគ្រូស្រោចជីបន្ថែមគឺគាត់ផ្អាប់ផ្លែចេក ទឹកដោះស្រស់គ្មានស្ករ និងដំបែជប៉ុន។ ក្រោយរយៈពេលបានមួយខែ ទឹកល្បាយចេកទុំនិងទឹកដោះស្រស់ អាចស្រោចបានលើដំណាំដោយវិធីលាយចូលជាមួយទឹកទៅតាមអត្រាសមល្មម រួចហើយបាញ់ទៅលើគល់ ឬស្លឹកជាដើម។ ជីត្រូវបានស្រោចក្រោយរយៈពេលផ្កាចេញក្តឹប និងស្រោចទៀងទាត់រៀងរាល់សប្តាហ៍ ជួយបង្កើនការក្លិនក្រអូប ត្រសក់មានរសជាតិផ្អែមពីធម្មជាតិ។ អាស្រ័យដោយជីវជាតិបំប៉ន ត្រូវតាមបែបបទបច្ចេកទេស ម្ល៉ោះហើយ ត្រសក់ផ្អែមក្នុងចម្ការអ្នកគ្រូត្រាង មានរសជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូប ពេលចិតត្រសក់សាយក្លិនគួរជាទីពេញចិត្ត ធ្វើឱ្យលោកអ្នកនឹកឃើញចង់តែហូប៕
កឹងធើភាសាវៀត-ប្រែសម្រួល៖ លីសៀ