ពេលនិយាយដល់ការចិញ្ចឹមសត្វ អ្នកខ្លះច្រើននឹកដល់ចិញ្ចឹមជ្រូក គោ មាន់ ទា៘ ប៉ុន្តែ នៅឃុំមីហឿង ទីក្រុងកឹងធើ មានកសិករខ្មែរម្នាក់មិនរារែកក្នុងការសាកល្បងទម្រង់ថ្មីមួយ ដោយចិញ្ចឹមសត្វក្តាន់បន្តពូជនិងយកស្នែង (ស្នែងទន់)។ ទម្រង់នេះជំហានដំបូងនាំមកលទ្ធផលគួរជាទីរីករាយ បង្ហាញពីទិសដៅថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាលក្ខណៈគ្រួសារ។

ពូឡឹមខេន ស្នាក់នៅភូមិត្រាលៃ២ ឃុំមីហឿង ទីក្រុងកឹងធើ កំពុងថែទាំសត្វក្តាន់។
ទស្សនាកម្សាន្តកសិដ្ឋានចិញ្ចឹមសត្វក្តាន់របស់ពូឡឹមខេន ស្នាក់នៅភូមិត្រាលៃ២ ឃុំម៉ីហឿង ទីក្រុងកឹងធើ នឹងបានឃើញទ្រុងចិញ្ចឹមធំៗ ស្អាតបាត ស្រឡះស្រឡំនិងសុវត្ថិភាព។ ចង្អុលបង្ហាញសត្វក្តាន់ដែលកំពុងធំធាត់ល្អ ពូខេន រៀបរាប់៖ ចុងឆ្នាំ២០២៣ ក្រោយពីបានកូនៗដែលកំពុងប្រកបរបររកស៊ីនៅទីក្រុងហូជីមិញឧទ្ទេសនាមពីទម្រង់ចិញ្ចឹមសត្វក្តាន់ ពូក៏បានស្វែងយល់តាមរយៈកាសែត ទូរទស្សន៍ និងតាមបណ្តាញសង្គមជាដើម។ ដោយក្តីសង្ឃឹមពីទម្រង់នេះ ពូក៏សម្រេចចិត្តវិនិយោគទុនរាប់រយលានដុងដើម្បីសង់ទ្រុង និងទិញក្តាន់ពូជ ១០ ក្បាលពីកសិដ្ឋាននៅខេត្តដុងថាបយកមកចិញ្ចឹម។
ដំបូង ពូឡឹមខេន ក៏មានក្តីបារម្ភដែរ ពីព្រោះនេះជាទម្រង់ថ្មីក្នុងភូមិស្រុកមិនទាន់មានអ្នកណាចិញ្ចឹមនៅឡើយទេ។ ប៉ុន្តែក្រោយពីការចិញ្ចឹម ពូសង្កេតឃើញសត្វក្តាន់សម្របជាមួយនឹងអាកាសធាតុភូមិស្រុក ងាយចិញ្ចឹម ចំណាយទិញចំណីតិច ពីព្រោះសំខាន់រកប្រភេទស្លឹកឈើ ស្មៅ បន្លែផ្លែឈើដែលមានស្រាប់ ពូខេន ឱ្យដឹង៖ “ខ្ញុំចិញ្ចឹមជិត២ឆ្នាំមកហើយ ប៉ុន្តែក្តាន់មិនដែលមានជំងឺទេ។ ក្តាន់រស់នៅស្អាត ម្ល៉ោះហើយមិនសូវចំណាយពេលអនាម័យទ្រុង ក្នុងមួយថ្ងៃក្តាន់ស៊ី ៣ ពេលគឺ៖ ព្រឹក ថ្ងៃត្រង់ រសៀល។ ក្នុងដំណាក់កាលនៃការចិញ្ចឹម ខ្ញុំតែងបានកម្មាភិបាលកសិកម្ម ពេទ្យសត្វភូមិភាគ ណែនាំពីរបៀបថែទាំ និងបង្ការជំងឺ។ អាស្រ័យដោយថែទាំត្រូវតាមបច្ចេកទេស ក្តាន់ធំធាត់ល្អនិងចាប់ផ្តើមកើតកូន។ កន្លងហើយ ខ្ញុំប្រមូលផលស្នែងខ្ចីបាន៣ល្បាស់ដំបូង លក់ឱ្យកសិដ្ឋានមួយកន្លែងនៅខេត្តដុងថាប បានចុះកិច្ចសន្យាទិញតម្លៃ ១៤ លានដុង ក្នុងមួយគីឡូក្រាម រីឯក្តាន់កូន (ក្តាន់ញី) នៅពេលលក់ ដៃគូសហការនឹងចុះមកទិញតម្លៃខ្ពស់សមគួរ ទៅតាមអាយុកាលរបស់ក្តាន់។ សព្វថ្ងៃ ក្នុងទ្រុងមាន ១៧ ក្បាល ក្នុងនោះ ក្តាន់ញីមាន ១៤ក្បាល។ ចិញ្ចឹមសត្វក្តាន់ គឺជាទម្រង់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ តទៅមុខខ្ញុំគ្រោងនឹងបន្តពង្រីកទម្រង់នេះ”។
រយៈពេលកន្លង មានវគ្គហ្វឹកហាត់ជាច្រើន ឧទ្ទេសនាមពីទម្រង់និងបច្ចេកទេសចិញ្ចឹមសត្វដែលភូមិភាគបានផ្សព្វផ្សាយដល់ប្រជាជន។ ក្នុងនោះ កសិដ្ឋានចិញ្ចឹមសត្វក្តាន់របស់ពូឡឹមខេន បានក្លាយជាកន្លែងទស្សនាសិក្សា ដោះដូរបទពិសោធន៍។ សមមិត្តលីគឹមប៊ុយ កម្មាភិបាលការិយាល័យសេដ្ឋកិច្ចឃុំមីហឿង ឱ្យដឹង “ទម្រង់ចិញ្ចឹមសត្វក្តាន់គឺជាទម្រង់ថ្មីនៅភូមិភាគ ប៉ុន្តែចំពោះគ្រួសារពូឡឹមខេន បានផ្នែកកសិកម្មឃុំយកចិត្តទុកដាក់បង្កលក្ខណៈទៅទស្សនា សិក្សានូវទម្រង់ចិញ្ចឹមនៅតាមខេត្តមួយចំនួននៅភាគខាងលិច និងភាគខាងកើតណាមបូដើម្បីយកមកអនុវត្ត ជំហានដំបូងឃើញថានាំមកប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់គ្រួសារ”។
ទម្រង់ចិញ្ចឹមសត្វក្តាន់របស់ពូឡឹមខេន មិនត្រឹមតែនាំមកនូវក្តីសង្ឃឹមសម្រាប់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងបើកបង្ហាញនូវទម្រង់ចិញ្ចឹមសត្វមួយប្រកបដោយប្រសិទ្ធភាពជូនមាមីងតំបន់ជនបទនៅឃុំមីហឿងទៀតផង៕
ដាលីន- លីសៀ