ជាមួយនឹងឆន្ទៈនិងការខិតខំប្រឹងប្រែងឈានឡើងចាកផុតភាពក្រីក្រ មានបងប្អូននារីជាច្រើននៅឃុំមីហឿង ទីក្រុងកឹងធើ មិនរារែកក្នុងការផ្ដើមអាជីព កសាងច្រើនទម្រង់ផលិត ធ្វើអាជីវកម្ម នាំមកនូវប្រភពចំណូលលំនឹង និងកែលម្អជីវភាពគ្រួសារ។

បងស្រីកៅធីង៉ុកប៊ិច (ខាងស្ដាំ) អភិវឌ្ឍសេដ្ឋកិច្ចអាស្រ័យទម្រង់ផលិតសាច់ក្រក។
ជាមួយនឹងផ្ទៃដី១,៥កុង បងស្រីយឿងធីសាវ៉ាន់ នៅភូមិបាក់យឹង បានអនុវត្តទម្រង់ដាំគូឆាយឆ្លាស់នឹងស្ពៃក្រញាញ់។ របៀបធ្វើនេះ បន្ថយស្មៅដុះនិងរក្សាសំណើមដី ព្រមទាំងប្រិតសំចៃបានថ្លៃជីនិងទឹកស្រោចស្រពទៀតផង។ គិតជាមធ្យមភាគក្នុងមួយឆ្នាំ បងស្រីរកបានប្រាក់ចំណូលប្រមាណ ១០០ លានដុងពីការលក់បន្លែ ក្រោយពីទូទាត់រួច គាត់នៅចំណេញប្រមាណ ៥០ លានដុង។
បងស្រីសាវ៉ាន់ ឱ្យដឹង៖ “កាលពីមុន ស្ថានភាពគ្រួសារខ្ញុំលំបាក មុខរបរសំខាន់គឺធ្វើស្រែ ប៉ុន្តែមិនសូវបានផល។ បន្ទាប់ពីផ្លាស់មកដាំដំណាំរួមផ្សំ ឃើញថាមានប្រសិទ្ធភាពជាង។ បច្ចុប្បន្ន គូឆាយលក់ក្នុងតម្លៃពី ១៧.០០០-២០.០០០ ដុងក្នុងមួយគីឡូក្រាម ដ្បិតអីរដូវវស្សាបរិមាណផលមិនសូវច្រើន មានត្រឹមពី ៥ -១០ គីឡូក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្នុងរដូវប្រាំងអាចកើនឡើង ២០ គីឡូក្រាមក្នុងមួយថ្ងៃ។ អាស្រ័យហេតុនោះ គ្រួសារខ្ញុំរកបានប្រភពចំណូលលំនឹង ជីវភាពក៏បានប្រសើរជាងមុន”។
នៅភូមិបាក់យឹងជាមួយគ្នានោះដែរ បងស្រីកៅធីង៉ុកប៊ិច បាននិងកំពុងបញ្ជាក់នូវម៉ាកយីហោរបស់ខ្លួនជាមួយនឹងទម្រង់ផលិតសាច់ក្រក។ ផ្តើមពីមុខរបរប្រពៃណីរបស់គ្រួសារ ឆ្នាំ២០២១ បងស្រី បានមោះមុតផ្តើមអាជីពជាមួយនឹងទម្រង់ខាងលើ។ ដោយការយកចិត្តទុកដាក់ ការរួមដំណើររបស់សមាគមសហព័ន្ធនារីឃុំ និងកម្មវិធីជំរុញឧស្សាហកម្មនៅភូមិភាគឧបត្ថម្ភថវិកាវិនិយោគ គ្រឿងម៉ាស៊ីន បានជួយឱ្យបងស្រីបង្កើនទិន្នផល កែលម្អគុណភាពផលិត និងពង្រីកទ្រង់ទ្រាយផលិត។ អាស្រ័យផ្ដោតសំខាន់លើគុណភាព ឆ្នាំ២០២២ ផលិតផលរបស់បងស្រីទទួលបានវិញ្ញាបនបត្រ OCOP លំដាប់ផ្កាយ៣ថ្នាក់ឃុំនិងស្រុក។

ទម្រង់ដាំដំណាំរួមផ្សំរបស់គ្រួសារបងស្រី យឿងធីសាវ៉ាន់។
បងស្រីង៉ុកប៊ិច ចែករំលែក៖ “បច្ចុប្បន្ន មធ្យមភាគរៀងរាល់ខែខ្ញុំផលិតសាច់ក្រកបានប្រមាណ ៣០ គីឡូក្រាម លក់ក្នុងតម្លៃ ២៣០.០០០ ដុង ក្នុងមួយគីឡូក្រាម ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម តម្រូវការទីផ្សារកើនឡើង បរិមាណផលផ្គត់ផ្គង់ពី៦០០-៧០០គីឡូក្រាម នាំមកប្រភពចំណូលបង្គួរ។ រយៈពេលខាងមុខ ខ្ញុំមានគម្រោងពង្រីកទ្រង់ទ្រាយ និងបង្កើតម៉ាកយីហោដោយឡែក ដើម្បីផលិតផលបានគេដឹងស្គាល់កាន់តែច្រើន។
បងស្រីចូវធីធ្វីហាំង ប្រធានសមាគមសហព័ន្ធនារីឃុំមីហឿង ឱ្យដឹង៖ “ក្រោយពីរួមបញ្ចូលសមាគមសហព័ន្ធនារីឃុំមីហឿង មានសជិកជាង ៣.៧០០ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរមានជាង៦៥%។ រយៈពេលកន្លង បងប្អូននារីបានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វនិងដាំដំណាំនាំមកប្រសិទ្ធភាព ជួយបង្កើនប្រាក់ចំណូលគ្រួសារនិងបង្កើតការងារនៅនឹងកន្លែងជូនបងប្អូននារីជាច្រើន។ រយៈពេលខាងមុខ សមាគមនឹងបន្តផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្របច្ចេកទេស និងពង្រីកទម្រង់ផលិតមានប្រសិទ្ធភាព ព្រមជាមួយនោះឧបត្ថម្ភបុលទុន បង្កលក្ខណៈសម្រាប់បងប្អូននារីពង្រីកទម្រង់ផលិតរួមចំណែកលើកកម្ពស់គុណភាពជីវភាព និងឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព”៕
ហុងទើ - ថាច់ធី