នៅភូមិតូធ្វឹង ឃុំទ្រីតូង ខេត្តអាងយ៉ាង មាមីងខ្មែរតែងរំលឹកជារឿយៗ ដោយក្តីគោរពដល់លោក ចៅគក។ ពីព្រោះលោកធ្លាប់ទទួលបន្ទុកតំណែងជាច្រើន ដូចជា អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំណូយតូ (ចាស់) ប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមសម្រុះសម្រួលនិងមានជាង ៤ អាណត្តិ ជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំណូយតូ (ចាស់) លោកនៅទាំងជាអ្នកមានប្រិយភាព អស់ពីចិត្តនឹងការងាររបស់ភូមិស្រុក។ ជាច្រើនឆ្នាំកន្លង លោកជាអ្នកឈានមុខដឹកនាំមាមីងក្នុងការកសាងភូមិស្រុកកាន់តែស្រស់ស្អាត។

លោកចៅគក ជាមួយនឹងដងផ្លូវដែលគាត់រួមចំណែកកសាង។
ក្រោយពីចូលនិវត្តន៍ឆ្នាំ ២០១០ លោក ចៅគក ឃើញដងផ្លូវចាប់ពីភូមិតូធ្វឹង ដល់ទំនប់ស្វាយចេក ទទឹង២ម៉ែត្រ មានកន្លែងខ្លះទ្រុឌទ្រោមបង្កភាពលំបាកក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផល។ ចំពោះស្ថានភាពនោះ លោកក៏បានពិគ្រោះជាមួយនឹងព្រះសង្ឃ គណៈកម្មការនិងចលនាប្រជាជនបរិច្ចាគដីសម្រាប់បើកទូលាយដងផ្លូវដោយមានប្រវែងជិត ៦ គីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ លោកនៅទាំងចលនាមាមីងបរិច្ចាគដីដើម្បីធ្វើផ្លូវថ្មីក្នុងភូមិប្រវែងជាង ១០ គីឡូម៉ែត្រ សរុបថវិកាប្រមាណ ៦ ពាន់លានដុង។ មុនពេលចាប់ផ្តើមដំណើរការកសាង គាត់បានសហការនឹងគណៈប្រជាជនភូមិ និងការចូលរួមរបស់ព្រះឧបជ្ឈាយ៍ចៅទី (ព្រះចៅអធិការវត្តស្វាយស) និងព្រះឧបជ្ឈាយ៍ចៅស្វឹង (ព្រះចៅអធិការវត្តតាប៉ា) រៀបចំប្រជុំមាមីងដើម្បីពិគ្រោះពីការគ្រោងថវិកា។ ដោយបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំណូយតូ(ចាស់) យល់ព្រមសំណង់ ទទួលបានការគាំទ្រនិងការចូលរួមពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករ។
ក្នុងអង្គប្រជុំ ដោយការស្ម័គ្រស្មោះនិងកិត្យានុភាពរបស់ខ្លួន លោកចៅគក បានវែកញែកពន្យល់ពីផលប្រយោជន៍នៃការបើកផ្លូវ។ លោកតែងនិយាយជាមួយមាមីង “ធ្វើផ្លូវសម្រាប់កូនចៅយើងជំនាន់ក្រោយ ធ្វើឱ្យទិដ្ឋភាពភូមិស្រុកយើងបានស្អាតបាត។ គ្រប់គ្នាចូលរួមបរិច្ចាគដីម្នាក់បន្តិច ដងផ្លូវនឹងបានបើកទូលាយ រថយន្តបើកបរទៅមកនិងដឹកជញ្ជូនកសិផលបានងាយស្រួល”។
សាកសួរពីកម្លាំងជំរុញរបស់គាត់ លោកចៅគក ឱ្យដឹង៖ “ខ្ញុំមានស្មារតីចលនាមាមីងកសាងភូមិស្រុក ពីព្រោះនេះជាស្រុកកំណើតរបស់ខ្ញុំ។ ដោយឃើញមាមីងធ្វើដំណើរទៅមកជួបការលំបាក ខ្ញុំក៏ប្តេជ្ញាត្រូវតែចលនាដើម្បីមានដងផ្លូវថ្មី ធំទូលាយ ស្អាតបាត”។
លោក ចៅគឹមសើុង នៅភូមិតូធ្វឹងរៀបរាប់៖ “ពីមុនផ្លូវនេះតូច រថយន្តដឹកជញ្ជូនកសិផលជួបការលំបាក មានពេលខ្លះត្រូវតែលីសែងចេញទៅផ្លូវធំទើបដឹកបាន។ ចាប់តាំងពីមានដងផ្លូវថ្មីដែលពូចៅគកចលនា រថយន្តបើកបរដល់ស្រែចម្ការ ប្រជាជនយើងខ្ញុំមានក្តីរីករាយណាស់។ ពូចៅគក និយាយគឺធ្វើ ធ្វើដោយអស់ពីចិត្ត ទើបមាមីងអ្នកណាក៏ទុកចិត្តនិងគោរពរាប់អាន”។

ដងផ្លូវភូមិតូធ្វឹង អាស្រ័យលោកចៅគកចលនាមាមីងកសាង។
មិនត្រឹមតែចួលរួមក្នុងការកសាងផ្លូវ ជាសមាជិកក្រុមសម្រុះសម្រួលនិងជាអ្នកមានប្រិយភាពនៅភូមិភាគ លោកចៅគក នៅទាំងធ្វើជាស្ពានតភ្ជាប់ ដោះស្រាយករណីទំនាស់ក្នុងសហគមន៍ រក្សាភាពសុខសាន្តក្នុងភូមិស្រុក។ ទន្ទឹមនឹងនោះ គាត់នៅទាំងចំណាយពេលចូលរួមការងារសម្អាតបរិស្ថានក្នុងភូមិស្រុក កសាងផ្នត់រស់នៅស៊ីវិល័យ រក្សាសន្តិសុខសណ្តាប់ធ្នាប់។ ទោះស្ថិតក្នុងតួនាទីណា លោកតែងរក្សាភាពស្និទ្ធស្នាល មិនលំអៀងនិងមានការទទួលខុសត្រូវ។
អ្នកស្រី នាងចន្ថា ប្រធានគណៈប្រជាជនភូមិតូធ្វឹង ឱ្យដឹង៖ “លោកពូចៅគក ជាបុគ្គលគំរូ ឈានមុខរាល់ការចលនានៅភូមិស្រុក ហើយចលនាមាមីងចូលរួមតាម។ លោកមានប្រិយភាព មិនត្រឹមតែលើទ្រឹស្ដីថែមទាំងអនុវត្តដោយផ្ទាល់ ចប់ចុងចប់ដើម។ អាស្រ័យហេតុនោះ មាមីងខ្មែរមានទំនុកចិត្ត ស្របមតិចូលរួមរាល់ការចលនារបស់ភូមិ។ លោកក៏ជាអ្នកឈានមុខក្នុងការចលនាមាមីងបោសសម្អាតតាមភូមិស្រុក កសាងផ្នត់រស់នៅស៊ីវិល័យ”។
ដោយការរួមចំណែកជាក់ស្តែងជូនសហគមន៍ លោកចៅគក បានគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ តាំងពីមជ្ឈិមដល់ភូមិភាគទទួលស្គាល់ ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន។ នេះជាគុណតម្លៃសម្រាប់ស្មារតីទទួលខុសត្រូវនិងការខិតខំឥតឈប់ឈរដើម្បីអភិវឌ្ឍន៍ភូមិស្រុក៕
វឌ្ឍា-ដាលីន