មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/10/2025 - 09:03

អ្នក​ជក់​ចិត្ត​ដិត​អា​រម្មណ៍​នឹង​ទូក​-ង 

ផ្តើម​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់​ ចាប់​អា​រម្មណ៍​និង​ចង់​អភិ​រក្ស​កីឡា​ប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ លោក​លី​ផន នៅ​សង្កាត់​ភូ​ឡើយ​ ទីក្រុង​កឹង​ធើ បាន​ចំ​ណាយ​ប្រាក់​រាប់​រយ​លាន​ដុង ដើម្បី​ឱ្យ​ក្រុម​កីឡា​ករ​ទូក​-ង​ហាត់​សម និង​ចូល​រួម​ប្រ​ណាំង។ ឆ្នាំ​នេះ​ គាត់​បាន​ជួស​ជុល​ទូក​-ង ក្តារ​ផ្គុំ​ទៅ​ជា​ទូក​-ង​មិន​ប្រើ​ដង​សន្ទូច​ មាន​ឈ្មោះ​ទូក​-ង​វត្ត​ឃ្លាំ​ង។

លោក​លី​ផន ក្បែរ​ទូក​-ង​វត្ត​ឃ្លាំង។

ប្រ​ណាំង​ទូក​-ង គឺ​ជា​កី​ឡា​ប្រ​ពៃ​ណី​បង្ហាញ​ពី​ស្មារតី​សាម​គ្គី​  ហេតុ​នោះ​ ទើប​ទូក​-ងច្រើន​តែ​រក្សា​ទុក​នៅ​ក្នុង​វត្ត​អា​រាម​ ហើយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ចេញ​មុខ​កៀរ​គរ​ថវិកា​ដើម្បី​ហាត់​សម​ប្រ​ណាំង។ ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ​ លោក​លី​ផន បាន​កៀរ​គរ​កី​ឡា​ករ​មក​ផ្ទះ​ហាត់​សម ហើយ​គិត​គូរ​ការ​ចំ​ណាយ​ទាំង​ស្រុង។ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ គាត់​វិនិ​យោគ​ជាង​ ១៥០ លាន​ដុង ដើម្បី​ជួស​ជុល​ទូក​-ង ចំ​ណាយ​លើ​ការ​ហាត់​សម និង​សម្រាប់​ការ​ចូល​រួម​អុំ​ប្រ​ណាំង​របស់​កី​ឡា​ករ។

លោក​លី​ផន ឱ្យ​ដឹង​៖ “ក្រៅ​ពី​ជក់​ចិត្ត​ដិត​អា​រម្មណ៍ ប្រ​ការ​សំ​ខាន់​បំ​ផុត​គឺ​ខ្ញុំ​ចង់​អភិ​រក្ស​និង​ពង្រីក​កីឡា​ ប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ចាប់​តាំង​ពី​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ឃ្លាំងឱ្យ​ទូក​-ង​ចាស់​មួយ​គ្រឿង​ ខ្ញុំ​យក​មក​ជួស​ជុល​និង​កៀរ​គរ​បង​ប្អូន​នៅ​ភូមិ​ស្រុក​មក​ផ្ទះ​ខ្ញុំ​ហាត់​សម។ ពេល​ដែល​ទូក​-ង​ចាស់ ​ខ្ញុំ​ក៏​បោះ​ទូក​ថ្មី​ ដោយ​ឡែក​ឆ្នាំ​នេះ​ខ្ញុំ​វិនិ​យោគ​ជិត​ ៣០០ លាន​ដុង ក្នុង​នោះ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ឃ្លាំង​ឧបត្ថម្ភ​ ៥០ លាន​ដុង ដើម្បី​ជួស​ជុល​ទូក​-ង​ក្តារ​ផ្គុំ​២​គ្រឿង​ (មួយ​គ្រឿង​សម្រាប់​ហាត់​សម និង​មួយ​គ្រឿង​ទុក​សម្រាប់​អុំ​ប្រ​ណាំង) ដោយ​មិន​ប្រើ​ដង​សន្ទូច​ ដើម្បី​ត្រៀម​ប្រ​ណាំង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ ខ្ញុំ​សង្ឃឹម​ថា​ឆ្នាំ​នេះ​ ទូក​-ង​វត្ត​ឃ្លាំង​នឹង​ស្ថិត​ក្នុង​ចំ​ណោម​ ៤ ទូក​ ដែល​មាន​ស្នា​ដៃ​ខ្ពស់។

តាម​ប្រ​សាសន៍​លោក​ផន ធម្ម​តា​ទូក​-ង​ត្រូវ​ហាត់​សម​ប្រ​ហែល​មួយ​ខែ​ទើប​មាន​កម្លាំង​កាយ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​អុំ​ប្រ​ណាំង។ មធ្យម​ភាគ ហាត់​សម​មួយ​ពេល​គាត់​ឧបត្ថម្ភ​កីឡា​ករ​ម្នាក់​ ៥០​.០០០ ដុង។ ពេល​ទៅ​អុំ​ប្រ​ណាំង​គាត់​ឧបត្ថម្ភ​ម្នាក់​ ២០០ ពាន់​ដុង​ក្នុង​មួយ​ថ្ងៃ​។ ធម្ម​តាម​ទូក​នី​មួយ​ៗ​មាន​កីឡា​ករ​ជិត​ ១០០ នាក់​ សម្រាប់​អុំ​ប្រ​ណាំង​និង​ត្រៀម​ប្តូរ​ពេល​អុំ​បន្ត​ទៀត។

បង​លី​ថាញ​លីម កូន​ប្រុស​របស់​លោក​ផន ឱ្យ​ដឹង​៖ “ពេល​ធំ​ដឹង​ក្តី​ ខ្ញុំ​ចូល​ចិត្ត​កីឡា​ទូក​-ង​ទៅ​ហើយ​ ដូច្នេះ​ ខ្ញុំ​តែង​គាំ​ទ្រ​និង​រួម​ជា​មួយ​ឪ​ពុកកៀរ​គរ​បង​ប្អូន​កីឡា​ករ​ចូល​រួម​ប្រ​ណាំង។ ជាង​១០ ឆ្នាំ​កន្លង ទោះ​បី​ទូក​-ង​របស់​វត្ត មិន​ដែល​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ខ្ពស់​ក៏​ដោយ​ មាន​តែ​ឆ្នាំ​២០១៨ ទទួល​បាន​រង្វាន់​លេខ​២​ថ្នាក់​ស្រុក​ និង​ឆ្នាំ​២០១៣ បាន​ចូល​ក្នុង​ចំ​ណោម​១៦​ទូក​ពូកែ​ថ្នាក់​ខេត្ត​ ប៉ុន្តែ​យើង​ខ្ញុំ​នៅ​តែ​មាន​ក្តី​រីក​រាយ​និង​មោទន​ភាព។ គ្រួ​សារ​យើង​ខ្ញុំ​តែង​គាំ​ទ្រ​ឪ​ពុក​និង​ក្រុម​កីឡា​ករ​ទូក​-ង ទៅ​ចូល​រួម​ប្រ​ណាំង​ មិន​មែន​ដោយ​សារ​រង្វាន់​ទេ គឺ​ដោយ​សារ​ការ​ស្រ​ឡាញ់​ពេញ​ចិត្ត​ និង​ចង់​ថែ​រក្សា​កីឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ”។

ដើម្បី​រក្សា​ក្រុម​កីឡា​ករ​ទូក​-ង ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​លី​ផន បាន​កៀរ​គរ​និង​ប្រ​មូល​ផ្តុំ​យុវ​ជន​នៅ​ក្នុង​ភូមិ​ដោយ​ផ្ទាល់​ ដើម្បី​ហាត់​សម​និង​អុំ​ប្រ​ណាំង។ ប្រ​ការ​គួរ​ឱ្យ​កោត​សរ​សើរ​ចំ​ពោះ​គាត់​ គឺ​មិន​ត្រឹម​តែ​លះ​បង់​ធន​ធាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អស់​ពី​ចិត្ត​ជំ​រុញ​ទឹក​ចិត្ត​យុវ​ជន​ជំ​នាន់​ក្រោយ​ទៀត​ផង។ ជា​ពិ​សេស​គឺ​កីឡា​ករ​សាម​គ្គី​គ្នា គោ​រព​តាម​លក្ខន្តិកៈ​នៃ​ការ​អុំ​ប្រ​ណាំង​ និង​តែង​មានមោទន​ភាព​ចំ​ពោះ​វប្ប​ធម៌​របស់​ជនជាតិ។ ការ​ប្តូរ​ផ្តាច់​ចំ​ពោះ​កីឡា​ជន​ជាតិ​របស់​លោក​លី​ផន មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​កីឡា​ប្រ​ណាំង​ទូក​-ង ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទន្ទឹម​នឹង​នោះ​ បណ្ដុះ​ស្មារតី​ សាមគ្គី​ ផ្សា​រភ្ជាប់​នៅ​ក្នុង​ភូមិ​ស្រុក​ទៀត​ផង៕

         លី​ធាន​-វិមាន​

ចែករំលែកអត្ថបទ