ជនរួមជាតិខ្មែរមានបេតិកភណ្ឌវប្បធម៌ និងសិល្បៈដ៏ពិសេស ដិតដាមដោយអត្តសញ្ញាណ និងជាចំណីអារម្មណ៍មួយដែលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌សហគមន៍។ ក្នុងនោះ សិល្បៈរបាំខ្មែរគឺជាផលិតផលមួយមិនត្រឹមតែបង្ហាញពីភាពច្នៃប្រតិដ្ឋផ្នែកសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។
ហេតុដែលរបាំដ៏ល្វតល្វន់របស់ជនរួមជាតិខ្មែរបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ គឺអាស្រ័យចាប់តាំងពីក្មេងមក របាំបានជ្រាបចូលទៅក្នុងឈាមរបស់កូនចៅខ្មែរតាមរយៈការបង្រៀនរបស់ជីដូនជីតា។ មិនត្រឹមតែប៉ុណ្ណោះ ជនរួមជាតិខ្មែរមានពាក្យមួយឃ្លាថា៖ “កុមារខ្មែរចេះរាំ ចេះច្រៀង មុនពេលពួកគេចេះអាន និងសរសេរ”។ ពាក្យមួយឃ្លានេះបញ្ជាក់ពីឥទ្ធិពលយ៉ាងជ្រាលជ្រៅពីបទចម្រៀង របាំ និងតន្ត្រីខ្មែរក្នុងជីវភាពស្មារតីរបស់ជនជាតិ។

សំលៀកបំពាក់ក្នុងសិល្បៈរបាំបុរាណរបស់ជនរួមជាតិខ្មែរណាមបូ។
បណ្ឌិត ស៊ើងកាវថាំង – មហាវិទ្យាល័យភាសា-វប្បធម៌-វិចត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត ខេត្តវិញឡុង បានមានប្រសាសន៍៖ “ជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគីវឡុងមានសិល្បៈរបាំសម្បូរបែប។ ទាក់ទងនឹងជីវភាពប្រចាំថ្ងៃនឹងពលកម្មផលិត មានរបាំប្រជាប្រិយដូច៖ របាំនេសាទត្រី ស្ទូងស្រូវ និងច្រូតស្រូវ... ចំណែករបាំដែលទាក់ទងនឹងទំនៀមទម្លាប់ និងពិធីបុណ្យ ឧទាហរណ៍ដូច៖ ពិធីមង្គលការ ក៏មានរបាំដែលហៅថារបាំប្រពៃណីផងដែរ។ ក្រៅពីនេះ មានសិល្បៈរបាំពិសេសមួយទៀតដែលបុព្វបុរសយើងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ នោះគឺជារបាំបុរាណ។ ចំណុចសម្គាល់របាំបុរាណគឺកាយវិការមានភាពទន់ភ្លន់ សំលៀកបំពាក់ភ្លឺត្រចះត្រចង់ មានអត្ថន័យបង្កប់នៅក្នុងកាយវិការនីមួយៗ”។
របាំបុរាណគឺជាទម្រង់សិល្បៈដ៏ពិសេសមួយរបស់ជនរួមជាតិខ្មែរណាមបូ។ របាំនេះ មានចង្វាក់យឺត ជាមួយនឹងកាយវិការទន់ភ្លន់និងរមទម្យ។ ជាធម្មតា របាំបុរាណពណ៌នាអំពីរឿងរ៉ាវបុរាណពីអក្សរសិល្ប៍ខ្មែរ ដូចជាដកស្រង់កថាខណ្ឌចេញពីរឿងរាមកេរ្តិ៍ សុវណ្ណមច្ឆា និងរឿងព្រេងនៃផ្លេកបន្ទោរ…។ល។ ដែលនាំមកនូវតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ សំដៅដឹកនាំអ្នកជំនាន់ក្រោយឱ្យឆ្ពោះទៅរកភាពស្រស់ស្អាត សុចរិត និងវៀរចាកអំពើអាក្រក់ ទុច្ចរិត។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរបាំបុរាណ កាយវិការល្វត់ល្វន់នៃដៃ និងជើងសុទ្ធតែងបង្ហាញពីអត្ថន័យបង្កប់ខាងក្នុង ដែលបុព្វបុរសបានបន្សល់ទុកក្នុងកាយវិការរបាំនីមួយៗ។ ការចែករំលែកពីអត្ថន័យបង្កប់ក្នុងរបាំបុរាណ បណ្ឌិត ស៊ើងកាវថាំង – មហាវិទ្យាល័យភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត ខេត្តវិញឡុង បានឱ្យដឹងបន្ថែម៖ “ចំពោះសិល្បៈកររបាំ វាមានសារៈសំខាន់ណាស់ចាំបាច់ចេះពីកាយវិការជាបឋម។ ក្នុងនោះ រួមមានការចលនាដៃ និងជើង និងការបញ្ចេញទឹកមុខឱ្យសមស្របនឹងក្បាច់រាំ។ ក្រៅពីនោះ ការចលនាដៃសម្តែងឡើងពីការលូតលាស់របស់រុក្ខជាតិ។ ដំបូង យើងឃើញកណ្តាប់ដៃដែលក្តាប់មានន័យថាគ្រាប់ពូជ។ បន្ទាប់ពីគ្រាប់ពូជដុះពន្លកវានឹងលូតលាស់សម្តែងឡើងដោយម្រាមដៃចង្អុលឡើងលើ។ ក្រោយមក ការចលនាស្លឹកឈើសម្តែងឡើងដោយរូបភាពស្លឹកខ្ចី និងចាស់។ មែកឈើត្រូវបានសម្តែងឡើងដោយម្រាមដៃពីរ។ បន្ទាប់មកផ្កាបានសម្តែងឡើងដោយម្រាមដៃឆ្ពិតជាប់គ្នា។ បន្ទាប់ពីផ្កា គឺផ្លែ ផ្លែទុំនឹងជ្រុះ ហើយបន្ទាប់មកក៏ដុះពន្លកបន្តទៀត នេះគឺជាវដ្តជីវិតនៅក្នុងធម្មជាតិ។ ក្រៅពីនោះ ការចលនាម្រាមដៃដូច៖ "ចង្អុលទៅមុខ" អាចយល់ថាការមើលឃើញអ្វីមួយ កាយវិការដោយឆ្ពិតម្រាមដៃពីមុខទ្រូងអាចយល់ថាសិល្បៈករចង់ប្រាប់ថានេះគឺខ្ញុំ ឬក៏កាយវិការរួមផ្សំផ្សេងទៀតក៏ដូចគ្នាដែរ វាមានអត្ថន័យរបស់វា ពីព្រោះរបាំបុរាណគ្មានពាក្យពេចន៍ទេ ប៉ុន្តែតាមរយៈកាយវិការរបាំ សិល្បៈករនឹងបង្ហាញដល់យើងនូវអត្ថន័យនៃរឿង"។

របាំបុរាណក្នុងឈុតរឿងព្រេងនៃផ្លេកបន្ទោរ។
អាចនិយាយបានថា បុព្វបុរសយើងបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតទម្រង់សិល្បៈរបាំបុរាណដ៏ពិសេសសម្រាប់ជនរួមជាតិខ្លួន។ តាមរយៈអន្តរកម្មជាមួយបរិស្ថានធម្មជាតិ ជនរួមជាតិខ្មែរបានបង្កើតរបាំដែលមានលក្ខណៈពិសេសដោយឡែករបស់ជនជាតិ។ កាយវិការរបាំទាំងនេះ មិនត្រឹមតែបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនិងល្វត់ល្វន់របស់សិល្បៈករប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីវប្បធម៌ប្រព្រឹត្តនឹងបរិស្ថានធម្មជាតិរបស់ជនរួមជាតិខ្មែរផងដែរ។ របាំបុរាណរបស់ជនរួមជាតិខ្មែរ មិនត្រឹមតែជាទម្រង់សិល្បៈសម្តែងប៉ុណ្ណោះទេ នៅទាំងជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃផ្នែកស្មារតីយ៉ាងជ្រាលជ្រៅរបស់ជនជាតិទៀតផង។ ឆ្លងកាត់ជាច្រើនសតវត្សរ៍ របាំបុរាណនិយាយដោយឡែក និងរបាំខ្មែរដទៃទៀតនិយាយរួមបានអភិវឌ្ឍឥតឈប់ឈរ អាចបញ្ជាក់ពីតួនាទីដ៏សំខាន់នៅក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ រួមចំណែកបង្កខឿនវប្បធម៌វៀតណាមវឌ្ឍនភាព ដិតដាមដោយអត្តសញ្ញាណជនជាតិ៕
ថាញហ៊ុង-មេងលី