ស៊ូទ្រាំលំបាកក្នុងការដាំដំណាំរួមផ្សំ ទើបបងស្រីទ្រីវធីដាណា នៅភូមិបាក់យុឹង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានចាកផុតពីភាពក្រីក្រ ជីវភាពឈានឡើងធូរធារ។
នៅរដូវវស្សា បងស្រីទ្រីវធីដាណា ប្រើកម្រាលកសិកម្មដើម្បីកំឱ្យម្ទេសលិចទឹក
និងកាត់បន្ថយដុសស្មៅ។
តាមសម្ដីបងស្រីដាណា ឱ្យដឹង៖ មុននេះ ជីវភាពគ្រួសារបងស្រីជួបការលំបាក មានតែដីស្រែ ១ កុងដាំដំណាំដើម្បីដោះស្រាយជីវភាព។ ខណៈពេលមាមីងនៅក្នុងភូមិស្រុកមានតម្រូវការជួលឆ្លូក បាចជី បាញ់ថ្នាំ។ល។ ប្តីប្រពន្ធបងស្រីតែងទៅធ្វើ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ដោយរស់នៅប្រិតសំចៃ ស៊ូលំបាកប្រឹងប្រែងរកស៊ី រួមនិងប្រាក់សន្សំសំចៃជាច្រើនឆ្នាំ បងក៏លោះដី ២ កុងដែលគ្រួសារដាក់បញ្ចាំពីមុនដើម្បីឡើងរងដាំដំណាំ។ របរដាំដំណាំបានផ្សារភ្ជាប់ជាមួយបងស្រីតាំងពីតូចមកម៉្លេះ ទើបបងស្រីដឹងគួរដាំដំណាំណាដែលសមស្របតាមរដូវកាលនិងលក់បានថ្លៃ។ ទន្ទឹមនឹងនោះ បងស្រីតែងឈានមុខជ្រើសរើសពូជដំណាំថ្មីៗ អនុវត្តបច្ចេកទេស ដែលភូមិភាគផ្សព្វផ្សាយអនុវត្តដើម្បីផ្តល់ទិន្នផលខ្ពស់។ បងស្រីដាណា ឱ្យដឹង៖ “កាលពី ៤ ឆ្នាំមុន មានគម្រោងផ្នែកខាងសមាគមនារីបានឧបត្ថម្ភដើមទុន ជំនួយគ្រាប់ពូជ ជី ថ្នាំ និងបច្ចេកទេសដាំម្ទេសដៃនាង។ ដោយបានវិស្វករ ណែនាំបច្ចេកទេសដាំដុះ ទើបម្ទេសផ្ដល់ទិន្នផលខ្ពស់និងលក់បានថ្លៃ តម្លៃចាប់ពី ៥០.០០០ - ៧០.០០០ ដុង/គីឡូក្រាម បន្ទាប់ពីទូទាត់រួចស្រេចឃើញនៅចំណេញខ្ពស់គ្រាន់ដែរ។ ផ្ដើមពីនោះ ជារៀងរាល់ឆ្នាំខ្ញុំដាំម្ទេសចង្អុលមេឃនិងម្ទេសដៃនាង តែងផ្តល់ទិន្នផលខ្ពស់”។
មិនត្រឹមតែដាំម្ទេសលើផ្ទៃដី ៣ កុងសម្រាប់ដាំដំណាំប៉ុណ្ណោះទេ គាត់នៅទាំងដាំដំណាំបណ្តាក់គ្នាជាច្រើនទៀត ដើម្បីងាយស្រួលក្នុងការប្រមូលផល ដី ៣ កុង គាត់ចែកជា ៣ ចំណែកសម្រាប់ដាំបន្លែឆ្លាស់គ្នា ដូចជា៖ ខ្ទឹមស្លឹក ស្ពៃក្តោប អំបើស ខាត់ណា ម្ទេស។ល។ បងស្រីដាណា រៀបរាប់៖ “ខ្ញុំទើបប្រមូលផល ខ្ទឹមស្លឹកលក់បានមួយដុំ ៥០.០០០ ដុង (មួយដុំ ៣ គីឡូក្រាម) ក្រោយពីទូទាត់រួច ខ្ញុំនៅចំណេញជាង ៣៥ លានដុង។ ពេលខ្ទឹមស្លឹកជិតដល់ពេលប្រមូលផល ខ្ញុំក៏ដាំម្ទេសចង្អុលមេឃនិងម្ទេសដៃនាង ពេលប្រមូលផលខ្ទឹមរួច ម្ទេស ក៏ចេញផ្កា។ ដាំដំណាំហត់នឿយបន្តិចមែន ប៉ុន្តែផ្ទុយមកវិញផ្តល់ចំណូលខ្ពស់បើប្រៀបនឹងធ្វើស្រែ។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្រ្តមានទឹកសាបសម្រាប់ដាំដុះជុំឆ្នាំ ដូច្នេះ ជីវភាពគ្រួសារខ្ញុំបានធូរធារគ្រាន់បើ”។
អ្នកស្រីលីធីង៉ា ប្រធានភូមិបាក់យុឹង មានប្រសាសន៍៖ “ប្តីប្រពន្ធបងស្រីដាណា ខិតខំប្រឹងប្រែងជម្នះនូវការលំបាក តាំងពីព្រឹកទាល់ល្ងាច នៅតែក្នុងចំការដើម្បីជម្រះស្មៅនិងថែទាំដំណាំ។ ដោយបុិនប្រសប់ក្នុងការថែទាំដំណាំរដូវវស្សា ម្ល៉ោះហើយសឹងតែគ្រប់រដូវ បងស្រីដាំដំណាំអ្វីក៏ផ្ដល់ទិន្នផលខ្ពស់និងលក់បានថ្លៃ។ ប្តីប្រពន្ធបងស្រីថែទាំ និងប្រមូលផលដំណាំទាំង ៣ កុងដោយខ្លួនឯង មិនបង់ថ្លៃឈ្នួល ដូច្នេះ បងសន្សំសំចៃសាងសង់បានផ្ទះថ្មធំទូលាយយ៉ាងសមរម្យ។ បងស្រីដាណា គឺជាស្រ្តីខ្មែរគំរូម្នាក់ដែលជម្នះលំបាក ឈានឡើងធូរធារដោយកម្លាំងរបស់ខ្លួន ម្ល៉ោះហើយខ្ញុំតែងកោតសរសើរគាត់យ៉ាងខ្លាំង”៕
យ្វីអាញ-ត្រឹងរ៉ូន