សមោសរកុមារគំរូបណ្តាជនជាតិទូទាំងប្រទេស លើកទី IV ឆ្នាំ ២០២២ បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយនិងខេត្តភូ-ថ។ ចូលរួមសមោសរមានកុមារចំនួន ២៦៣ នាក់ តំណាងកុមារគំរូទាំង ៥៤ ជនជាតិជាបងប្អូនក្នុងទូទាំងប្រទេស។
កុមារគំរូបណ្តាជនជាតិទូទាំងប្រទេសទទួលប័ណ្ណសរសើររបស់មជ្ឈិមសម្ព័ន្ធ ក្នុងក្របខ័ណ្ឌសមោសរកុមារគំរូបណ្តាជនជាតិទូទាំងប្រទេស លើកទី IV ។
សមោសរគឺជាទិវាដ៏ធំសម្រាប់កុមារបណ្តាជនជាតិវៀតណាម ត្រូវបានរៀបចំឡើង ៥ ឆ្នាំម្តង សំដៅស្ងើចសរសើរ លើកទឹកចិត្តប្អូនៗកុមារជនជាតិគំរូក្នុងទូទាំងប្រទេស បង្កលក្ខណសម្បត្តិជំរុញប្អូនៗបន្តការពុះពារប្រឡងប្រណាំងក្នុងការរៀនសូត្រ លត់ដំ រក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រីកធ្លុងមហាសាមគ្គីជនជាតិ រួមចំណែកអនុវត្តគោលនយោបាយរបស់បក្ស រដ្ឋ និងកសាងចំណងសាមគ្គីភាពរវាងកុមារបណ្តាជនជាតិជាបងប្អូន។
ស្ថិតក្នុងបរិយាកាសនៃសមោសរលើកទី IV អ្នកតំណាងជាកុមារនឹងបានទស្សនាវ៉ាន់ម៉ីវ-ក្វឹកតឺយ៉ាម និងមណ្ឌលទេសចរណ៍រាជវាំងថាំងឡុងជាដើម។ នៅទីនេះ ប្អូនៗបានស្តាប់ការឧទ្ទេសនាមអំពីមហាវិទ្យាល័យដំបូងគេរបស់វៀតណាម រួចទស្សនាកម្សាន្តនូវកេរដំណែលបេតិកភណ្ឌ និងស្វែងយល់អំពីប្រពៃណីសង្វាតរៀនសូត្ររបស់ជនជាតិ; ទស្សនាតាមជញ្ជាំងគំនូរ ដងផ្លូវចង្កៀងគោម ក្លោងទ្វាររាជវាំងថាំងឡុង និងបន្ទប់ដាក់តាំង បង្ហាញថាំងឡុង-ហាណូយ ១.០០០ ឆ្នាំពីក្រោមដី; ឆ្លងកាត់បរិយាកាសសិប្បនិមិត្ត ស្ថិតក្នុងបរិយាកាសអគារអដ្ឋកោណបែបបុរាណ; ទស្សនាកម្សាន្តបន្ទប់ដាក់តាំងបង្ហាញ “រ៉ុងវឿងហ្វៀង” “ស្លាកស្នាមក្រុងហាណូយនាយុគៈសម័យមួយ” “ពិធីប្រឡងឌិញ (លទ្ធិខុងជឺ) ក្នុងរាជវាំងថាំងឡុង”; ទស្សនាអគារ និងលេណដ្ឋាន D៦៧ -អគ្គបញ្ជាការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិក; ទស្សនាកម្សាន្តស្រះទឹកស្អាតបំផុតក្នុងចំណោមប្រព័ន្ធស្រះទឹកបុរាណទាំង ២៦ ក្នុងរាជវាំងថាំងឡុង។
អ្នកតំណាងទាំងឡាយចូលរួមពិធីប្រកាសស្នាដៃ និងធ្វើដំណើរចូលទៅវិមានរំលឹកលោកប្រធានហូជីមិញ; អុជធូបរំលឹកវិញ្ញាណក្ខន្ធនិងទស្សនាមណ្ឌលកេរដំណែលប្រវត្តិសាស្រ្ត ប្រាង្គក្សត្រហ៊ុង; ចូលរួមក្នុងពិធីជួបជុំយ៉ាងកក់ក្តៅរបស់គណៈលេខាមជ្ឈិមសម្ព័ន្ធយុវជន។ ម្យ៉ាងទៀត អ្នកតំណាងគំរូមួយចំនួននឹងបានចូលរួមកម្មវិធីថ្នាក់ដឹកនាំបក្ស រដ្ឋ ជួបជុំអ្នកតំណាងចូលរួមសមោសរ។ ពិសេសគឺ ចូលរួមពិធីស្ងើចសរសើរ “កុមារគំរូបណ្តាជនជាតិទូទាំងប្រទេសលើកទី IV-ឆ្នាំ ២០២២” ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលវិចិត្រសិល្បៈ អូវគើ ( ហាណូយ)៕
យោង៖ TTXVN - ប្រែសម្រួល៖ លីសៀ