លោកគ្រូថាច់សុផន មានស្រុកកំណើតនៅឃុំដូងស្វឹង ស្រុកយ្វៀហាយ ខេត្តត្រាវិញ។ បច្ចុប្បន្ន ជាអនុប្រធានផ្នែកមុខវិជ្ជាគរុកោសល្យអក្សរសាស្រ្តនិងភាសាខ្មែរ មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ។ ក្រៅពីជំនាញវិជ្ជាជីវៈ លោកគ្រូនៅទាំងមានកោសល្យផ្នែកខាងចម្រៀង និពន្ធទំនុកច្រៀង រៀបរៀង និងសម្ដែងតួកំប្លែងក្នុងរឿងល្ខោនបាសាក់បានយ៉ាងល្អទៀតផង។
លេខាសាខាសម្ព័ន្ធយុវជន ថាច់សុផន សួរសុខទុក្ខអ្នកមានវ័យចំណាស់។
(រូបៈ បុគ្គលផ្តល់ជូន)
ក្រោយពីបញ្ចប់វិទ្យាល័យនៅឆ្នាំ ២០០៧ យុវជនថាច់សុផន បានវេចសម្ពាយឡើងទៅក្រុងហូជីមិញ។ មិនមែនឡើងទៅដើម្បីរៀនមហាវិទ្យាល័យដូចមិត្តភ័ក្តិក្នុងវ័យស្របាលគ្នានោះទេ ប៉ុន្តែទៅធ្វើជាកម្មករសំណង់ដើម្បីរកប្រាក់ជួយដល់គ្រួសារ។ ក្នុងអំឡុងពេល ២ ឆ្នាំ ឆ្លងកាត់ការលំបាកនឿយហាត់គ្រប់សព្វបែបយ៉ាងក្នុងនាមអ្នកធ្វើការឈ្នួលចំណាកស្រុក គាត់នៅតែមិនអាចបំភ្លេចបាននូវបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនមួយរូប។ ក្រោយរយៈពេលធ្វើការឈ្នួលនៅក្រុងហូជីមិញ ថាច់សុផន ក៏បានវិលមកស្រុកកំណើត ហើយបានចូលបួសតបស្នងសងគុណឪពុកម្តាយ។ លោកគ្រូថាច់សុផន រៀបរាប់៖ “ចូលសាងផ្នួស ខ្ញុំទទួលបានការអប់រំនិងរៀនធម៌អាថ៍វិន័យពីសំណាក់ព្រះសង្ឃ ល្គឹកនោះប្រទីបបញ្ញាក៏បានឆេះពុះពោរក្នុងសន្តានចិត្តរបស់ខ្ញុំឡើងវិញ។ ព្រមជាមួយនឹងការជួយជំរុញទឹកចិត្ត និងការឧបត្ថម្ភរបស់វត្ត ខ្ញុំក៏សម្រេចចិត្តបន្តក្តីស្រមៃរបស់ខ្លួនគឺ រៀនមហាវិទ្យាល័យ ហើយក៏បានជាប់ជម្រើសចូលរៀនមហាវិទ្យាល័យគរុកោសល្យអក្សរសាស្រ្ត និងភាសាខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញនៅឆ្នាំ ២០០៩” ។
លោកគ្រូថាច់សុផន ច្រៀងបទប្រពៃណីខ្មែរ។ (រូប៖ បុគ្គលផ្តល់ជូន)
ដោយសម្រេចបានលទ្ធផលល្អក្នុងការសិក្សា ព្រមជាមួយនឹងអស់ពីចិត្តក្នុងការងារសម្ព័ន្ធយុវជនផងនោះ ថាច់សុផន មានកិត្តិយសបានចូលក្នុងជួរបក្សកាលនៅជានិស្សិតមហាវិទ្យាល័យឆ្នាំទី ៣ នៅឆ្នាំ ២០១២ ម៉្លេះ។ ម្យ៉ាងទៀត សុផន ក៏ជានិស្សិតមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រលិល្បៈខ្មែរណាមបូដំបូងនៃសាកលវិទ្យាល័យត្រាវិញ បានចូលក្នុងកងជួរបក្ស។ ឆ្នាំក្រោយមក លោកគ្រូថាច់សុផន ក៏បានសាកលវិទ្យាល័យត្រាវិញ ជ្រើសរើសទុកនិងចាត់បម្រើការងារនៅមហាវិទ្យាល័យដែលលោកគ្រូបានសិក្សា។ លោកគ្រូថាច់សុផន បញ្ចប់ថ្នាក់ឧត្តមសិក្សាផ្នែកទ្រឹស្តី និងវិធីសាស្រ្តបង្ហាត់បង្រៀនវិញ្ញាសាអក្សរសាស្រ្ត នៅឆ្នាំ ២០១៩។ ក្នុងឆ្នាំនោះដែរ លោកគ្រូបានតែងតាំងជាអនុប្រធានផ្នែកមុខវិជ្ជាគរុកោសល្យអក្សរសាស្រ្តនិងភាសាខ្មែរនៃមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ។
អ្នកគ្រូង្វៀងធីហ្វែ ប្រធានផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ៖ “លោកគ្រូថាច់សុផន តែងអស់ពីចិត្តពីថ្លើមនឹងការងារ។ យើងខ្ញុំតែងនិយាយសប្បាយលេងថា មហាវិទ្យាល័យពិតជាគ្រួសារទី ២ របស់លោកគ្រូ”។ បកស្រាយពីការចំណាយពេលវេលាច្រើនចំពោះសកម្មភាពនៅសាលា លោកគ្រូថាច់សុផន បង្ហើបឱ្យដឹង៖ “គោលបំណងរបស់ខ្ញុំគឺអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិ ម្ល៉ោះហើយបានចូលរួមគម្រោងជាច្រើន ដូចជា៖ គម្រោងរៀបរៀងវចនានុក្រមវៀត-ខ្មែរ និងខ្មែរ-វៀត (មាន ៨៤ ពាន់ពាក្យ); ប្រធានបទថ្នាក់ក្រសួង “អភិរក្សនិងពង្រីកតម្លៃភ្លេងប្រជាប្រិយខ្មែរណាមបូ” និងនិពន្ធទំនុកច្រៀង ដកស្រង់រឿងល្ខោនបាសាក់ដល់ក្រុមសិល្បៈ និងសម្តែងសិល្បៈខ្មែរជាដើម។ ក្រៅពីបង្រៀនវិញ្ញាសាវេយ្យាករណ៍ខ្មែរ ខ្ញុំគិតថាសកម្មភាពដូចពោលខាងលើនឹងរួមចំណែកអនុវត្តគោលបំណងរបស់ខ្ញុំ ម្ល៉ោះហើយទើបខ្ញុំចំណាយពេលវេលាច្រើនដល់ការងារ”៕
ហាថាញ់-វិមាន