|
បងថាច់តឹម។ |
បងថាច់តឹម ជាលេខាសាខាបក្ស ប្រធានភូមិតាធាយ ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង។ បងតែងបានមាមីងក្នុងភូមិគោរពរាប់អាន អាស្រ័យដោយការអស់ពីចិត្តពីថ្លើមនឹងការងារ។
ក្នុងអំឡុងពេលរក្សាគម្លាតសង្គម ដោយសារជំងឺ COVID - 19 បងថាច់តឹម គឺជាកម្មាភិបាលមូលដ្ឋានមួយរូបដ៏សកម្ម តាំងពីការទៅផ្សារជួយទិញម្ហូបអាហារ រហូតដល់ការចលនាជំនួយម៉ាស់ជាដើម។ បងតឹម រៀបរាប់ៈ “ដំណាក់កាលនោះ ខ្ញុំនឹងអនុប្រធានភូមិ បានប្រគល់ភារៈទទួលបន្ទុកក្រុម COVID - 19 សហគមន៍មួយក្រុម ម្ល៉ោះហើយ យើងខ្ញុំបានសហការជាមួយគណៈកម្មការវត្តសិរីមង្គលតាធាយ ធ្វើការផ្សព្វផ្សាយដោយផ្ទាល់ និងចាក់ផ្សាយតាមឧគ្ឃោសនស័ព្ទរបស់វត្តជារៀងរាល់ថ្ងៃ។ អំឡុងពេលនោះ ប្រជាជនក្នុងភូមិពឹងទៅផ្សារជួយ ទិញឥវ៉ាន់ច្រើនណាស់ ក្រៅពីនោះទៅយាមនៅទីតាំងបារាសបិទការពារតំបន់បៃតង។ល។ ម្ល៉ោះហើយ យើងខ្ញុំគ្មានពេលវេលាសម្រាប់ខ្លួនឯងនោះទេ”។
លោកពូថាច់ហ្វាង នៅភូមិតាធាយ ឱ្យដឹងៈ “ការទំនុកចិត្តរបស់មាមីងក្នុងភូមិចំពោះក្មួយតឹម មិនមែនតែក្នុងពេលមានជំងឺ COVID - 19 រាតត្បាតនោះទេ តាំងពីមុនមកម៉្លេះ ក្នុងភូមិ អ្នកណាមានបញ្ហាអ្វីត្រូវការមកពឹងពាក់ជួយដោះស្រាយ ក្មួយតឹមតែងជួយដោយអស់ពីចិត្ត”។ ពិសេសមាមីងក្នុងភូមិតែងស្ងើចសរសើរចំពោះការអំណត់ព្យាយាមជម្នះនូវការលំបាកចាកភាពក្រីក្ររបស់គ្រួសារបងតឹម។ បងស្រីថាច់ធីសារ៉ួ អនុលេខាសាខាបក្សភូមិតាធាយ ឱ្យដឹងៈ “បងតឹម តែងយកចិត្តទុកដាក់គិតគូរពង្រីកសេដ្ឋកិច្ចគ្រួសារ និងជួយឧបត្ថម្ភដល់អ្នកភូមិមានជីវភាពក្រីក្រ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ម្ល៉ោះហើយមាមីងក្នុងភូមិអ្នកណាក៏ស្រឡាញ់រាប់អានគាត់ដែរ។
បងថាច់តឹម (អាវខ្មៅ) ចុះទៅដល់ផ្ទះប្រជាជនក្នុងភូមិផ្សព្វផ្សាយពីជំងឺ COVID - 19។
តាមប្រសាសន៍ បងតឹម អាស្រ័យទទួលបានការជំនួយបុលទុនរបស់រដ្ឋ ទើបបងនិងឪពុក បងមានឱកាសកែប្រែដីចម្ការចាស់ ពង្រីកការចិញ្ចឹមគោ ទិញម៉ាស៊ីនសម្រាប់ស៊ីឈ្នួលភ្ជួររាស់។ ឆ្នាំ ២០១២ ពេលសេដ្ឋកិច្ចគ្រួសារបានលំនឹងគ្រាន់បើ ឪពុកបងឱ្យចូលរួមបម្រើការងារនៅមូលដ្ឋាន ហើយបងក៏បានចូលជាបក្ខជនឆ្នាំនោះតែម្ដង។ ជាអ្នកប៉ិនប៉ាវក្នុងការងាររកស៊ី បងតឹម បានវិនិយោគទិញម៉ាស៊ីនកាប់ដីសម្រាប់ស៊ីឈ្នួលរំគាយដីស្រែ ជីកលើករងដាំក្រូចពោធិ៍សាត់។ សព្វថ្ងៃ គ្រួសារបងរកបានប្រាក់ចំណូលគួរសមតាមរយៈម៉ាស៊ីនកាប់ដី ៣ គ្រឿង។
បងង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ឱ្យដឹងៈ ជាក់ស្ដែងដំណាក់កាលជម្នះនូវការលំបាករបស់គ្រួសារបងតឹម គឺជាគំរូដើម្បីគ្រួសារជាច្រើនទៀតក្នុងភូមិប្រឹងប្រែងរៀនសូត្រយកតម្រាប់តាម។ អាស្រ័យហេតុនោះ ទើបអត្រាគ្រួសារចាកផុតពីភាពក្រីក្ររៀងរាល់ឆ្នាំរបស់ភូមិតាធាយ មានចំនួនច្រើនជាងអត្រាគ្រួសារចាកផុតពីភាពក្រីក្ររួមទូទាំងឃុំ។ បងតឹម តែងខ្នះខ្នែងអស់ពីចិត្តចំពោះការងារ ម្ល៉ោះហើយមាមីងក្នុងភូមិមានទំនុកចិត្តចំពោះបងយ៉ាងខ្លាំង៕
ត្រុក ម៉ាយ - ពេជ្រសឿន