ជំនួសឱ្យការធ្វើស្រែ ៣ រដូវក្នុងមួយឆ្នាំ កសិករដាំសណ្តែកសៀងនិងស្រូវឆ្លាស់គ្នា កែប្រែបានដីផង ជួយកាត់បន្ថយថ្លៃជីបង្កើនប្រាក់ចំណូលខ្ពស់ផង។
ទម្រង់ចងសម្ព័ន្ធដាំសណ្តែកសៀងនិងស្រូវឆ្លាស់គ្នានៅភូមិតឹងថើយ នាំមកប្រសិទ្ធភាពខ្ពស់ បើប្រៀបនឹងធ្វើស្រូវ ៣ រដូវក្នុងមួយឆ្នាំ។
នៅគេហដ្ឋានគ្រួសារលោក ផាងវ៉ាន់បា នៅភូមិតឹងថើយ ឃុំតឹងហាញ់ ស្រុកឡុងហូ ខេត្តវិញឡុង ទើបរៀបចំសិក្ខាសាលាភ្លឺទំនប់ទម្រង់ពិសោធន៍ចងសម្ព័ន្ធដាំសណ្តែកសៀង។ ទម្រង់នេះ អាស្រ័យក្រុមហ៊ុនទឹកសណ្តែកសៀងវៀតណាម (Vinasoy) សហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកឡុងហូ ផ្សព្វផ្សាយអនុវត្តដោយមានប្រជាជនចូលរួមចំនួន ២០ គ្រួសារ ជាមួយផ្ទៃដីទំហំ ១០ ហិកតា។
តាមរយៈគ្រួសារដែលចូលរួមអនុវត្តទម្រង់ពីមុន មាមីងធ្វើស្រែ ៣ រដូវក្នុងមួយឆ្នាំ ប៉ុន្តែ ប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ ពេលចូលរួមអនុវត្តទម្រង់ មាមីងបានក្រុមហ៊ុន Vinasoy ផ្គត់ផ្គង់ពូជសណ្តែកសៀង Vinasoy 02-NS ថែមទាំងណែនាំបច្ចេកទេសដាំដុះនិងធានាទិញផលិតផល។ ជំហានដំបូង ទម្រង់ត្រូវបានវាយតម្លៃនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មាមីងកសិកររំភើបចិត្តពង្រីកផ្ទៃដីបង្កបង្កើនបន្ថែម។
ដាំសណ្តែកសៀង ជួយកែប្រែដីឱ្យមានជីជាតិ កាត់បន្ថយថ្លៃជីក្នុងការបង្ក
បង្កើនផលស្រូវគួរឱ្យកត់សម្គាល់។
តាមរយៈនោះ ទម្រង់នេះមានចំណុចដែលល្អគឺប្រើប្រាស់ទឹកតិច (ក្នុងមួយរដូវត្រូវការទឹកតែ ២ លើក) បរិមាណជីត្រឹមតែ ២/៣ នៃស្រូវនៅលើផ្ទៃដីតែមួយ។ សណ្តែកសៀងងាយដាំ តាំងពីការរៀបចំដីរហូតដល់ប្រមូលផល ហាក់ដូចជាប្រើគ្រឿងចក្រទាំងស្រុង ដូច្នេះ ប្រិតសំចៃបានកម្លាំងពលកម្ម។
សង្កេតពីប្រសិទ្ធភាពសេដ្ឋកិច្ច លោកង្វៀងថាញ់ប៊ិញ កសិករចូលរួមអនុវត្តទម្រង់ដោយផ្ទៃដីទំហំ ៣.០០០ ម៉ែត្រការ៉េ នៅភូមិតឹងថើយ ឱ្យដឹង៖ “រដូវនេះ សណ្តែកសៀងក្នុងមួយកុង (១.០០០ ម៉ែត្រការ៉េ) លក់បានប្រមាណ ៤,៨ លានដុង ទូទាត់រួចនៅចំណេញបានជាង ៣ លានដុង។ បើផលិតស្រូវរដូវដើមឆ្នាំ មិនច្បាស់ថាចំណេញបាន ២ លានដុង/កុងនោះទេ ព្រោះពេលនេះតម្លៃជីឡើងថ្លៃ ម៉្លោះហើយ ធ្វើស្រែពេលខ្លះខាតដើមទុនក៏សឹងមាន”។
ក៏តាមប្រសាសន៍លោកប៊ិញ បន្ទាប់ពីប្រមូលផលរួច ឫសដើមសណ្តែកសៀងពុករលួយ ក្លាយជាជី ជួយបង្កើតប្រភពជីជាតិដីឡើងវិញ។ ហេតុនេះ បរិមាណជីបាចឱ្យដំណាំ ស្រូវលើដីដាំសណ្តែក កាត់បន្ថយគួរឱ្យកត់សម្គាល់។ ជាក់ស្តែង រដូវសម្រកឆ្នាំមុន លោកប៊ិញ ប្រើប្រាស់ជីតែ ២០ គីឡូក្រាម/កុង កាត់បន្ថយជាង ៣០%។ ចំណែករដូវប្រាំង ទិន្នផលស្រូវកើនគួរឱ្យភ្ញាក់ផ្អើល។ លោកប៊ិញ ឱ្យដឹងបន្ថែម ពីមុនធ្វើស្រែបានផលច្រើនបំផុតត្រឹមតែ ៦ តោន/ហិកតា ប៉ុន្តែរដូវកន្លងហើយទិន្នផលទទួលបានជាង ៦,៥ តោន/ហិកតា។
លោកង្វៀងវ៉ាន់ថាញ់ អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកឡុងហូ វាយតម្លៃ៖ “ទម្រង់ដាំសណ្តែកសៀងនិងស្រូវឆ្លាស់គ្នា នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង។ ពិសេស គឺការប្រើប្រាស់ទឹកតិច ដូច្នេះសមស្របនឹងលក្ខណៈនៃការបម្រែបម្រួលអាកាសធាតុ បំផុតគឺជ្រាបជាតិប្រៃនិងភាពរាំងរឹះដូចសព្វថ្ងៃនេះ” ។ ក៏តាមប្រសាសន៍ លោកថាញ់ ការដាំសណ្តែកសៀងនិងស្រូវឆ្លាស់គ្នា បានជួយកែប្រែដីយ៉ាងមានប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់ជីនិងថ្លៃដើមផលិតគួរឱ្យកត់សម្គាល់ ប្រការនេះពិតជាមានអត្ថន័យក្នុងបរិបទតម្លៃជីឡើងថ្លៃដូចសព្វថ្ងៃនេះ៕
យោង៖កាសែតកសិកម្មវៀតណាម-មុនី