មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/05/2022 - 14:23

ធ្វឹង​ហ្វា​នា​បច្ចុប្បន្ន​

ទន្ទឹម​នឹង​ការ​អនុ​វត្ត​គួប​ផ្សំ​គោល​នយោ​បាយ​ជន​ជាតិ​ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ មាន​ភាព​ផ្លាស់​ថ្មី​សឹង​តែរាល់​ថ្ងៃ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់​។​

ផ្លូវ​ជន​បទ​ធ្វឹង​ហ្វាត្រូវ​បាន​កសាង​រឹង​មាំ។​

តាម​ប្រ​សាសន៍​លោក​ហ្វិញ​ថាញ​ឌិញ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ធ្វឹង​ហ្វា ជា​ឃុំ​ក្រលំ​បាក​ខ្លាំង​ និង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​ ធ្វឹង​ហ្វា ត្រូវ​បាន​វិនិ​យោគ​គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​។​ អា​ស្រ័យ​ហេតុ​នោះ​ ឃុំ​បាន​គួប​ផ្សំ​គោល​នយោ​បាយ​ជាច្រើន​ទៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ទើប​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ មក​ទល់​ពេល​នេះ​ ផ្លូវ​គមនា​គមន៍​ជន​បទ​ ធារា​សាស្ត្រ​ អគ្គិ​សនី ទឹក​ស្អាត​ប្រើ​ប្រាស់​៘ ជា​សារ​វន្ត​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​ ផលិត​កម្ម​របស់​ប្រ​ជា​ជន​។​ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ​ និង​អគ្គិ​សនី​សុវត្ថិ​ភាព​ សម្រេច​ជាង​ ៩៩%។​ ទន្ទឹម​នឹង​នោះ​ គោល​នយោ​បាយ​ជន​ជាតិ​ ដូច​៖ ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដើម​ទុន​ ពូជ​សត្វ​ចិញ្ចឹម​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​៘ បាន​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​។​ បច្ចុប្បន្ន​ ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​ៗ​ របស់​ឃុំ​សម្រេច​ជាង​ ៣៥ លាន​ដុង​/ម្នាក់​/ឆ្នាំ​។​ បង​លីហឿង នៅ​ភូមិ​សាបូវ​ ឱ្យ​ដឹង​៖ “កាល​ពី​ដើម​ គ្រួ​សារ​ខ្ញុំ​ក្រ​លំ​បាក​ ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​ ទើប​ខ្ញុំ​មាន​ឱកាស​ដាំ​ដំណាំ​រួម​ផ្សំ​ និង​ចិញ្ចឹម​ជ្រូក​ជា​ដើម​។​ សព្វ​ថ្ងៃ​ ផ្លូវ​ថ្នល់​មាន​ភាព​ងាយ​ស្រួល​ មាន​អគ្គិ​សនី ទឹក​ ម្ល៉ោះ​ហើយ​ខ្ញុំ​ដាំ​ដំណាំ​ខួប​ប្រាំង​វស្សា​ ហើយ​ឈ្មួញ​ចុះ​មក​ដល់​កន្លែង​ទិញ​តែ​ម្តង​។​ អា​ស្រ័យ​ធ្វើ​ការ​រកស៊ី​មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ ជីវ​ភាព​ធូរ​ធារ”។​

ប្រ​ព័ន្ធ​ធារា​សាស្ត្រ​កសាង​សម្រេច​រួច​រាល់​ មាន​ទឹក​សាប​ប្រ​ជា​ជន​នៅ​ធ្វឹង​ហ្វា​ដាំ​ដំណាំ​រួម​ផ្សំ​បាន​ប្រាំង​វស្សា​រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​

ខណៈ​ឃុំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​វិនិ​យោ​គ និង​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សា​យ ម្ល៉ោះ​ហើយ​ ប្រ​ជា​ជន​យល់​ច្បាស់​និង​ព្រួត​ដៃ​អនុវត្ត​រាល់​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ហេតុ​នោះ​ សំ​ណង់​ជន​បទ​នីមួយ​ៗ​ ផ្សព្វ​ផ្សាយ​អនុវត្ត​ដល់​ទីណា គឺ​ប្រ​ជា​ជន​គាំ​ទ្រ បរិច្ចាគ​ដី​កសាង​ទៅ​ដល់​ទីនោះ​។​ លោក​ត្រឹង​វ៉ាន់​ដៀង លេខា​សាខា​បក្ស​ភូមិ​ត្រា​កាញ់​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ តំ​បន់​ជន​បទ​ត្រា​កាញ់​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​ គ្មាន​នៅ​ក្រី​ក្រ​ដូច​មុន​។​ ពិសេស​ ផ្លូវ​ជន​បទ​ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​ត្រឹម​ត្រូវ​ ប្រ​ឡាយ​ធារា​សាស្ត្រ​មាន​ទឹក​សាប​សម្រាប់​បម្រើ​ការ​បង្ក​បង្កើន​ផល​ស្រូវ​ ៣ រដូវ​/ឆ្នាំ​ ខណៈ​ពេល​មាន​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ឃើញ​ថា​ជីវ​ភាព​មាមីង​ខ្មែរ​មាន​ការ​កើន​ឡើង​ ទូទាំង​ភូមិ​គ្មាន​នៅ​ផ្ទះ​ស្លឹក​ទៀត​ឡើយ​”។​

លោក​ហ្វិញ​ថាញ​ឌិញ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង​៖ “ធ្វឹង​ហ្វា បាន​សម្រេច​ ១៧/១៩ លក្ខឋាន​កសាង​ជន​បទ​ថ្មី​ (នៅ​តែ​លក្ខឋាន​គមនា​គមន៍​ដែល​កំ​ពុង​កសាង​និង​លក្ខ​ឋាន​គ្រួ​សារ​ក្រី​ក្រ)។​ ចំ​ពោះ​មុខ​ ឃុំ​កំ​ពុង​ឆ្លៀត​ឱកាស​នូវ​ប្រ​ភព​ទុន​វិនិ​យោគ កសាង​ផ្លូវ​ជន​បទ​ និង​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដល់​អ្នក​ក្រ ជួយ​ប្រ​ជា​ជន​រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​”៕​

                                 លីធាន​ - លីសៀ

ចែករំលែកអត្ថបទ