ចាប់តាំងពីជំងឺរាតត្បាត COVID -១៩ ផ្ទុះឡើងលើកទី ៤ ប្រធានគិលានុបដ្ឋាយិកា លីធីគឹមហាញ់ បានចូលរួមព្យាបាលនៅផ្នែកប្រពោធកម្មវិជ្ជមាន-ប្រឆាំងជាតិពុល នៅមន្ទីរពេទ្យព្យាបាលជំងឺ COVID-១៩ ខេត្តសុកត្រាំងរហូតមកដល់បច្ចុប្បន្ន។ ក្នុងអំឡុងពេលចូលរួមការងារព្យាបាល គិលានុបដ្ឋាយិកា តែងចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិក្នុងគ្រួសារ ខ្នះខ្នែងជួយដោយអស់ពីចិត្ត និងលើកទឹកចិត្តអ្នកជំងឺ ដើម្បីឱ្យអ្នកជំងឺស្ងប់អារម្មណ៍ក្នុងការព្យាបាល។
ប្រធានគិលានុបដ្ឋាយិកា លីធីគឹមហាញ់ ។
បងស្រីលីធីគឹមហាញ់ បម្រើការនៅផ្នែកប្រពោធកម្មវិជ្ជមាន-ប្រឆាំងជាតិពុល មន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ខណៈពេលដែលបងស្រីទទួលដំណឹងថា មន្ទីរពេទ្យត្រូវការអ្នកចូលរួមក្នុងការព្យាបាលនៅមន្ទីរពេទ្យ COVID-១៩ គឹមហាញ់ ក៏ចុះឈ្មោះចូលរួមភ្លាម ។ ដោយយល់ពីអារម្មណ៍អ្នកជំងឺ បងគឹមហាញ់កាន់តែយកចិត្តទុកដាក់ជាងទៀត តែងតែសួរសាកអំពីសុខភាពលើកទឹកចិត្ត ដើម្បីឱ្យអ្នកជំងឺបានស្ងប់ចិត្ត។ បងគឹមហាញ់ ឱ្យដឹង៖ “អ្នកជំងឺ COVID-១៩ គ្មានសាច់ញាតិនៅមើលថែ ម៉្លោះហើយបុគ្គលិកពេទ្យត្រូវមានសុទិដ្ឋិនិយម សំដីសំដៅទន់ភ្លន់ ដើម្បីជាទីបង្អែកស្មារតីជួយឱ្យអ្នកជំងឺឆ្លងផុតការលំបាក”។
បន្ទាប់ពីចេញវេនម្តងៗ បងហាញ់ ទើបមានពេលទូរស័ព្ទទៅសួរសុខទុក្ខគ្រួសារ ហើយតែងទទួលបានការលើកទឹកចិត្តពីឪពុកម្តាយ ម៉្លោះហើយគាត់រឹតតែមានកម្លាំងចិត្តបន្ថែមក្នុងការថែទាំអ្នកជំងឺបានល្អជាង។ អស់រយៈពេលជាច្រើនខែមកនេះ នៅក្នុងមន្ទីពេទ្យមានតែអ្នកជំងឺ និងគ្រូពេទ្យ ហេតុនោះ ភារកិច្ចរបស់បុគ្គលិកពេទ្យ និងវេជ្ជបណ្ឌិត គឺព្យាបាលផង ថែទាំផង ជួយអ្នកជំងឺចាប់តាំងពីរឿងតូចបំផុត។ នេះគឺជាអំឡុងពេលដែលមិនអាចបំភ្លេចបានរបស់គិលានុបដ្ឋាយិកាគឹមហាញ់ ។ បងស្រីហាញ់ ឱ្យដឹង៖ “មន្ទីរពេទ្យខ្វះធនធានមនុស្ស បរិក្ខារពេទ្យ មានពេលខ្វះអុកស៊ីហ្សែន អ្នកជំងឺមិនអាចដកដង្ហើមបានអាចស្លាប់ក្នុងមួយប៉ប្រិចភ្នែក ទោះជាបុគ្គលិកពេទ្យរលឹកពេញមួយយប់ដើម្បីព្យាបាលក៏ដោយ។ ឃើញសេចក្ដីស្លាប់នៅកៀកជិតអ្នកណាក៏ភ័យខ្លាច ប៉ុន្តែគ្រូពេទ្យដូចជាយើងខ្ញុំគិតតែថា ត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយអ្នកជំងឺបានឆ្លងផុត“ ។ បើតាមបងគឹមហាញ់ ទោះជាខិតខំក្នុងការព្យាបាលក៏ដោយ ប៉ុន្តែនៅតែជៀសមិនផុតពីការសោកស្តាយ នៅពេលឃើញអ្នកជំងឺចូលមន្ទីរពេទ្យនិយាយគ្នាជាធម្មតា ពីរបីថ្ងៃក្រោយមកក៏បានលាចាកលោកនេះ។ មានអ្នកជំងឺជាសះស្បើយ សប្បាយរីករាយវិលត្រឡប់ទៅផ្ទះ បងគឹមហាញ់ និងបុគ្គលិកពេទ្យក៏សប្បាយចិត្តជាមួយដែរ ហើយយកក្តីរីករាយនោះផ្តល់ជាកម្លាំងចិត្តដើម្បីថែទាំអ្នកជំងឺកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យជាបន្តទៀត។
ចំពោះគឹមហាញ់ មិនថាធ្វើការនៅទីណានោះទេ បងស្រីតែងអស់ពីចិត្តថែទាំអ្នកជំងឺ ព្រោះថាបងស្រឡាញ់ចូលចិត្ត និងខិតខំរៀនសូត្រដើម្បីបានក្លាយជាគិលានុបដ្ឋាយិកា។ ពីមុនស្ថានភាពគ្រួសារមានភាពលំបាក ម៉្លោះហើយរៀនចប់កម្រិតអនុវិទ្យាល័យ បងក៏ទៅធ្វើកម្មករកាត់ដេរនៅទីក្រុងហូជីមិញ ដើម្បីជួយគ្រួសារ។ ថ្វីដ្បិតតែដូច្នោះ បងស្រីគឹមហាញ់ ក៏មិនបោះបង់ក្តីស្រមៃរបស់ខ្លួនដែរ បងរៀនបណ្តើរធ្វើការបណ្តើរ ហើយបានប្រឡងជាប់ចូលអនុមហាវិទ្យាល័យវេជ្ជសាស្ត្រ បាច់វៀត ផ្នែកជំនាញគិលានុបដ្ឋាក ។ ឆ្នាំ ២០១៦ ប្រឡងបញ្ចប់ បងគឹមហាញ់ បានដាក់ពាក្យសូមចូលមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង បងបានចាត់ឱ្យធ្វើការនៅផ្នែកប្រពោធកម្មវិជ្ជមាន-ប្រឆាំងជាតិពុល។ បងគឹមហាញ់ ឱ្យដឹង៖ “អ្នកជំងឺដេកនៅផ្នែកប្រពោធកម្មវិជ្ជមាន-ប្រឆាំងជាតិពុល ភាគច្រើនគឺជំងឺឈឺធ្ងន់ ត្រូវប្រើម៉ាស៊ីនទំនើបៗជាច្រើន ម៉្លោះហើយនៅពេលចូលបម្រើការនៅមន្ទីរពេទ្យព្យាបាលជំងឺ COVID -១៩ ខ្ញុំធ្លាប់ស្រាប់ហើយ ខុសប្លែកត្រង់ថាអ្នកជំងឺ COVID-១៩ គ្មានសាច់ញាតិនៅមើលថែ ហេតុនោះខ្ញុំត្រូវធ្វើទាំងការងារជាអ្នកផ្ទះគ្រួសារ អ្នកជំងឺ ។ ទោះហត់នឿយយ៉ាងណាក៏ដោយខ្ញុំក៏មិនខ្លាច ឱ្យតែឃើញអ្នកជំងឺបានជាសះស្បើយ វិលត្រឡប់ទៅជួបជុំគ្រួសារវិញគឺខ្ញុំសប្បាយចិត្តហើយ”៕
យ្វីអាញ-វ៉ាន់តឹន